
រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងទៅកាន់សិស្សនិស្សិតវិទ្យាស្ថានតេជោ សែន សារធារណការ និងដឹកជញ្ជូន។ រូបថត FB
ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ស្នើទៅស្ថាប័នជំនាញត្រូវបង្ហាត់សិស្សសាធារណការឱ្យមានសមត្ថភាពខ្ពស់ ដើម្បីលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា។
ការស្នើនេះ បានធ្វើឡើងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមវត្តមានថ្នាក់ដឹកនាំ និងសិស្សនិស្សិតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនជាង៤០០នាក់ កាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
លោក ស៊ុន ចាន់ថុល ស្នើឱ្យសាស្ត្រាចារ្យខិតខំពង្រឹងសមត្ថភាពសិស្សសាធារណការឱ្យអស់លទ្ធភាព ក្នុងការកសាងសមត្ថភាព និស្សិតឱ្យក្លាយទៅជា ធនធានមនុស្សប្រកបដោយ គុណភាព និងសក្ដានុពលខ្ពស់ជាធនធាន១ដ៏ខ្លាំងពូកែ ដែលនឹងប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្ដរជាតិនាពេលអនាគត។
លោកបន្តថា៖«ខ្ញុំសូមឱ្យសាស្ត្រាចារ្យខិតខំបង្រៀនកូនសិស្សឱ្យអស់ពីសមត្ថភាព បើចេះ១០ ត្រូវបង្រៀន១០ មិនមែនចេះ១០ ហើយបង្រៀនតែ១ទេ អ៊ីចឹងសូមគិតគូរឱ្យមែនទែន ដើម្បីក្លាយជាអ្នកបន្តវេន ហើយខ្ញុំក៏នឹងខំស្វែងរកសាស្ត្រាចារ្យបន្ថែម ដើម្បីមកបង្រៀននៅវិទ្យាស្ថាននេះឱ្យកាន់តែច្រើនថែមទៀត ដើម្បីផ្ទេរចំណេះដល់សិស្សនិស្សិតឱ្យចំណេះជំនាញទូលំទូលាយ និងអត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវ»។
លោករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្ត ឱ្យនិស្សិតខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការតស៊ូសិក្សារៀនសូត្រ ឱ្យបានពូកែ ពិសេសត្រូវមានគោលដៅពិតប្រាកដ ដើម្បីអភិវឌ្ឍខ្លួនឯង ដើម្បីគ្រួសារ និងសង្គមជាតិផងដែរ ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនរបស់កម្ពុជា កំពុងត្រូវការធនធានមនុស្សជាច្រើន។
លោកថ្លែងថា៖«វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាគ្រឹះស្ថានសិក្សាតែ១គត់នៅកម្ពុជា ផ្តល់ការបណ្ដុះបណ្ដាលជំនាញសាងសង់ផ្លូវ ស្ពាន ដឹកជញ្ជូន និងភ័ស្តុភារកម្ម និងជំនាញជាច្រើនទៀតឱ្យកូនខ្មែរជំនាន់ក្រោយចេះកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយខ្លួនឯងប្រកបដោយគុណភាព ហេតុនេះយើងត្រូវការ ធនធានមនុស្ស ចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម ដោយមិនចេះតែពឹងបរទេសរហូតទេ»។
លោក ស៊ុន ចាន់ថុល បានជំរុញដល់វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន បង្កើតទស្សនកិច្ចសិក្សាទៅបរទេសដល់សិស្សនិស្សិត ដើម្បីពង្រីកសមត្ថភាពសិស្ស និងរៀនសូត្របានបទពិសោធន៍នានាពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។
លោក ហឿន សំនៀង នាយកវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន បានថ្លែងថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្ដេជ្ញាកសាងធនធានមនុស្ស ប្រកបដោយ ជំនាញច្បាស់លាស់ ទាំងចំណេះដឹងនិងបានសំណូមពរឱ្យសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ចូលរួមជាមួយវិទ្យាស្ថាន ក្នុងការផ្ទេរពុទ្ធិ ចំណេះដឹង ចំណេះធ្វើ និងការអប់រំអត្តចរិត និងចរិយាសម្បត្តិ ដល់និស្សិតឱ្យល្អប្រសើរ និងប្រកបដោយគុណភាពខ្ពស់។
គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលកំពុងបណ្តុះបណ្តាលនិស្សិតលើជំនាញចំនួន ៦ដូចជា ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ, ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក, ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់, ជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា។
បច្ចុប្បន្នវិទ្យាស្ថាននេះ មានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីចុះកិច្ចសន្យាសរុប៦៦នាក់ និងមាននាយកដ្ឋានចំណុះចំនួន៣ គឺនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ, នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ និងនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍។សម្រាប់ឆ្នាំ២០២២-២០២៣ វិទ្យាស្ថានមានសាស្ត្រាចារ្យសរុប៧២នាក់ ក្នុងនោះមានសាស្ត្រាចារ្យមានសញ្ញាបត្រថ្នាក់បណ្ឌិតចំនួន ១៤នាក់ និងសាស្ត្រាចារ្យមានសញ្ញាបត្រអនុបណ្ឌិតចំនួន ៥៨ នាក់។ ការសិក្សាររបស់វិទ្យាស្ថាននេះ គឺសិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយចែកជា២វេន គឺវេនព្រឹក និងវេនរសៀល។បច្ចុប្បន្នវិទ្យាស្ថាននេះ បាន និងកំពុងបណ្តុះបណ្តាលសិស្សនិស្សិតចំនួន៣ជំនាន់។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ហឿន សំនៀង នាយកវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន៕