
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយឯកអគ្គរាជទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជាលោក Justin Whyatt នាថ្ងៃទី១៣ ខែមីនា នៅវិមានសន្តិភាព។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា អូស្ត្រាលីបានជួយកម្ពុជាបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលបាននាំកម្ពុជាទៅដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខ ១ និងពូជស្រូវដទៃទៀត។
លោកលើកឡើងដូច្នេះក្នុងជំនួបជាមួយឯកអគ្គរាជទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជាលោក Justin Whyatt នាថ្ងៃទី១៣ ខែមីនា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ លោក ហ៊ុន សែន បានឱ្យដឹងក្រោយជំនួបនេះថា លោក ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះលោកJustin Whyatt ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់អូស្ត្រាលីប្រចាំកម្ពុជា។
លោក អ៊ាង សុផល្លែត បញ្ជាក់ថា៖ «សម្ដេចក៏បានសម្ដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ជាពិសេសលើវិស័យកសិកម្មដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតជាវិទ្យាស្ថានកាឌី [CARDI] សម្រាប់ការស្រាវជ្រាវ ហើយការស្រាវជ្រាវនេះទៀតសោតក៏បាននាំកម្ពុជាទៅដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខ១និងពូជស្រូវដទៃទៀត»។
លោក សុផល្លែត ថ្លែងថា លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលកន្លងមកបានជួយកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំងសម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយថា ជោគជ័យរបស់កម្ពុជាលើការទប់ស្កាត់ជំងឺកូវីដ១៩ គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្រ និងជួយពីប្រទេសអូស្ត្រាលីទេ។
លោក អ៊ាង សុផល្លែត ថ្លែងថា៖ «សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបានជួយដល់កម្ពុជាលើបញ្ហាដោះមីន និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រួមនឹងវិស័យដទៃទៀត»។
គួរបញ្ជាក់ថា វិទ្យាស្ថាន CARDI មានចក្ខុវិស័យក្នុងការស្រាវជ្រាវសម្រាប់អភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា និងមានបេសកកម្មបង្កើនផលិតភាពកសិកម្ម ធ្វើឱ្យប្រសើរឡើងពិពិធកម្មដំណាំនិងធានាបាននូវនិរន្តរភាពបរិស្ថាន ព្រមទាំងស្ថិរភាពជីវភាពជនបទតាមរយៈភាពជាដៃគូក្នុងការស្រាវជ្រាវនិងការប្រើប្រាស់បច្ចេកទេសកសិកម្ម។
វិទ្យាស្ថាននេះមានទិសដៅយុទ្ធសាស្ត្រដោយបង្កើតនិងជំរុញការប្រើប្រាស់ឱ្យបានទូលាយនូវបច្ចេកទេសល្អៗដើម្បីគាំទ្រដល់កំណើនវិស័យកសិកម្ម។
អង្ករកម្ពុជាពូជ «ផ្ការំដួល» បានទទួលជយលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជា «អង្ករល្អដាច់គេ» លំដាប់ថ្នាក់ពិភពលោកក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ កាលពីឆ្នាំមុន។ នេះជាលើកទី៥ ហើយដែលអង្ករកម្ពុជាទទួលជយលាភីនេះ។
កន្លងមកអង្ករកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោក ចំនួន ៤ លើករួចមកហើយ ដោយឈ្នះ ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១២, ២០១៣ និង ២០១៤ និងចុងក្រោយក្នុងឆ្នាំ ២០១៨ នៅប្រទេសវៀតណាម។ ក្រៅពីនោះអង្ករកម្ពុជា ក៏ធ្លាប់ទទួលបានលេខ២ ក្នុងឆ្នាំ២០១៥, ២០១៦ និងឆ្នាំ២០១៧។
របាយការណ៍ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេល ១០ ខែឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៥០៩ ២៤៩ តោន កើនឡើង ៤៩ ០៨០ តោន ស្មើ ១០,៦៧ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមាន ៤៦០ ១៦៩ តោន។
របាយការណ៍បន្តថា ទឹកប្រាក់បានពីការនាំចេញអង្ករក្នុងរយៈពេល ១០ ខែឆ្នាំ២០២២ មាន ៤៣៥ ៤០៧ ៨៩៥ ដុល្លារ កើនឡើង ១០,៧៩ ភាគរយពីចំនួន ៣៩២ ៩៨៤ ៣២៦ ដុល្លារកាលពីរយៈពេល ១០ ខែឆ្នាំ២០២១។
យោងតាមរបាយការណ៍ ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៣ ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤០ ក្រុមហ៊ុន បាននាំចេញអង្ករចំនួនជិត ១០ ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ៧២,៦៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ទីផ្សារចំនួន ៣៨ ប្រទេស៕