ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុបើកវគ្គបណ្ដុះបណ្ដាលស្តីពីសង្គ្រោះជីវិតលើផ្ទៃសមុទ្រដល់ឆ្មាំសមុទ្រ ប្រចាំការនៅតាមឆ្នេរនានាក្នុងគោលដៅធានាសុវត្ថិភាពជូនភ្ញៀវទេសចរ។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងខេត្តព្រះសីហនុចាប់ពីថ្ងៃទី ១៣ ខែមីនា តទៅដែលវគ្គបណ្ដុះបណ្ដាលនេះមានការជួយជ្រោមជ្រែងពីស្ថានទូតថៃប្រចាំនៅកម្ពុជា។
លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាល«ស្ដីពីការសង្គ្រោះជីវិតលើផ្ទៃសមុទ្រដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរនៅខេត្តព្រះសីហនុ» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នៅលើទឹកដីខេត្តព្រះសីហនុ។ លោកបានបង្ហាញក្ដីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះនឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការចំណងមិត្តភាព និងសាមគ្គីភាព រវាងថៃ និងកម្ពុជាកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត។
លោកបន្តថា រំពឹងថា វគ្គនេះនឹងជួយពង្រឹងនិងអភិវឌ្ឍសមត្ថភាពដល់មន្ត្រីឆ្មាំឆ្នេរសមុទ្រខេត្តព្រះសីហនុឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមមួយកម្រិតទៀត។
លោកថ្លែងថា៖«បច្ចុប្បន្នខេត្តព្រះសីហនុយើងមានឆ្មាំសមុទ្រដែលទទួលស្គាល់ជាផ្លូវមានចំនួន១៨នាក់ បាននិងកំពុងប្រចាំការនៅតាមគោលដៅដូចជា៖ ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះជាដើម។ ដោយឡែកឆ្មាំឆ្នេរសមុទ្រដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះមានចំនួន៣០នាក់ដែលរួមមានបុគ្គលិកឆ្មាំឆ្នេរពីបណ្តាក្រុមហ៊ុនឯកជនផ្សេងៗទៀតក៏បានចូលរួម»។
លោកបន្ថែមថា៖«ទោះបីពួកគាត់ជាបុគ្គលិកក្រុមហ៊ុន ប៉ុន្តែពួកគាត់បានចូលរួមយ៉ាងសកម្មក្នុងការបម្រើការងារសុវត្ថិភាពទេសចរហើយពួកគាត់ថែមទាំងបានចូលរួមជួយសង្គ្រោះក្នុងព្រឹត្តិការណ៍ឧបទ្ទវហេតុនានា ដូចជា ការលិចទូករបស់ភ្ញៀវទេសចរ និងទូកប្រជានេសាទ ជាដើម»។
លោកឈើត គៀត អាថាកន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះថា ការបើកវគ្គបណ្តុះបណ្តាលជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក ឬWater Rescue ជូនដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុនាពេលនេះគឺដើម្បីអភិវឌ្ឍសិក្ខាកាមក្នុងខេត្តក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក។
លោកបន្តថា៖«វគ្គបណ្តុះបណ្តាលនៅក្នុងពេលនេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ការពង្រឹងសក្តានុភាពធនធានមនុស្សរបស់ខេត្តនៅក្នុងការផ្តល់សេវាកម្មទេសចរណ៍ សុវត្ថិភាព និងជួយកាត់បន្ថយគ្រោះថ្នាក់និងការបាត់បង់ជីវិតដែលកើតឡើងចំពោះភ្ញៀវទេសចរជាតិ និងបរទេសជាច្រើនក្នុង១ឆ្នាំៗដែលជាការជំរុញវិស័យទេសចរណ៍ខេត្តជាប់មាត់សមុទ្រស្របតាមគោលនយោបាយរបស់កម្ពុជា និងថៃ ក្រោមគម្រោង Two Kingdoms One Destination និងជាការជួយជំរុញការត្រៀមខ្លួនរបស់ខេត្តព្រះសីហនុក្នុងនាមជាខេត្តទទួលធ្វើម្ចាស់ផ្ទះកីឡាវិញ្ញាសាលើទឹកស៊ីហ្គេមឆ្នាំ២០២៣នេះផងដែរ»។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ ភាគីកម្ពុជា និងថៃ បាននិងកំពុងធ្វើការរួមគ្នាលើកិច្ចសហការក្នុងវិស័យផ្សេងៗទៀតដូចជាវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការតាំងពិព័រណ៍ សុខាភិបាល និងអប់រំជាដើមនៅក្នុងភូមិសាស្ត្រខេត្តនេះ៕