កណ្តាលៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រាប់ទៅរដ្ឋបាលគ្រប់ថ្នាក់នៅកម្ពុជាកុំមើលស្រាលទំនាស់នៅក្នុងមូលដ្ឋាន ទោះបីរឿងតូចតាចក៏ដោយ ក៏ត្រូវដោះស្រាយប្រកបដោយយុត្តិធម៌ កុំទុករឿងនោះអូសបន្លាយរហូតក្លាយជារឿងធំដោះស្រាយមិនចេញ ព្រោះអាចក្លាយជាឱកាសរបស់ក្រុមប្រឆាំងឆ្កឹះជាបញ្ហាវាយប្រហាររាជរដ្ឋាភិបាល។
លោក ស ខេង ថ្លែងបែបនេះក្នុងពិធីបុណ្យផ្កាមហាសាមគ្គីកសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣។
លោកថ្លែងថា៖ «រឿងទំនាស់នៅមូលដ្ឋានយើងមិនត្រូវមើលស្រាលទេ សូមឱ្យយកចិត្តទុកដាក់ដើម្បីដោះស្រាយទំនាស់នៅនឹងមូលដ្ឋានឱ្យបានល្អប្រសើរ ហើយប្រកបដោយយុត្តិធម៌។ប្រជាជននឹងគិតថា គាត់អត់ចង់បានអីលើសពីហ្នឹងទេ បើយើងផ្តល់យុត្តិធម៌ជូនគាត់នោះគាត់ពិតជាគាំទ្រយើង»។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា បញ្ហាអយុត្តិធម៌ គឺជារឿងឈឺចាប់បំផុត ហើយអ្នកដែលធ្លាប់ជួបផ្ទាល់ទើបដឹងច្បាស់ថា ពិបាកក្នុងការទទួលយក ហេតុនេះការដោះស្រាយបញ្ហាដោយផ្តល់យុត្តិធម៌ពិតប្រាកដជូនប្រជាពលរដ្ឋជារឿងសំខាន់បំផុត ហើយចំណុចនេះក៏ជាចំណុចដែលទទួលបានការគាំទ្រ និងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ។ លោកថា ការដោះស្រាយទំនាស់ដោយយុត្តិធម៌នេះទៀតសោតគឺជាការជួយពង្រឹងដល់ស្ថិរភាពនយោបាយ និងពង្រឹងដល់សន្តិសុខសណ្តាប់ធ្នាប់នៅកម្ពុជាផងដែរ។
លោក ស ខេង បានបន្តថា ក្នុងសម័យប្រទេសកំពុងរីកចម្រើនលើគ្រប់វិស័យនេះប្រជាពលរដ្ឋមិនមានការលំបាកក្នុងការរាយការណ៍៍ពីបញ្ហារបស់ខ្លួននោះទេ ដោយពួកគាត់អាចរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានមានភូមិ ឃុំ-សង្កាត់ ជាដើម។ ប្រសិន បើភូមិ ឃុំដោះស្រាយមិនចេញ ពលរដ្ឋមានទូរស័ព្ទអាចទាក់ទងទៅលោកនាយករដ្ឋមន្ត្រីក៏បានឬទាក់ទងទៅរូបលោកផ្ទាល់ ឬក៏អាចទាក់ទងទៅអ្នកណាមួយដែលអាចពឹងឱ្យជួយដោះស្រាយបញ្ហាបាន។
លោកថ្លែងថា៖ «មធ្យោបាយរបស់យើងស្រួលណាស់ឥឡូវមិនពិបាកដូចមុនទេ ពីមុនទាល់តែមានក្រដាសស្នាមរត់យកមកដាក់ ហើយពេលខ្លះយកមកដាក់គេមិនទទួលទៀត វេទនាណាស់ តែឥឡូវអត់អីទេ តាមអនឡាញហ្នឹងទៅ តាមទូរស័ព្ទហ្នឹងទៅ ហើយពេលទទួលបាន[បញ្ហាពលរដ្ឋ]ភ្លាមយើងដោះស្រាយបញ្ហាភ្លាម អ៊ីចឹងដោះស្រាយបានច្រើន»។
នៅក្នុងពិធីនោះដែរ លោក ស ខេង បានថ្លែងកោតសរសើរដល់សម្តេចសង្ឃរាជ បួរ គ្រី និងព្រះសង្ឃដទៃទៀតដែលបានផ្តួចផ្តើមគំនិតកសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល សម្រាប់និស្សិតសិក្សាដោយឥតគិតថ្លៃ ១០០ ភាគរយ ។ លោកថា នេះជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងវិស័យអប់រំនៅកម្ពុជា។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលថ្លែងថា សាកលវិទ្យាល័យនេះ មានសម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះមេគណគណៈធម្មយុត្តិកនិកាយនៃខេត្តកណ្ដាល ជាព្រះសាកលវិទ្យាធិការ ដោយកម្មវិធីសិក្សាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានមហាវិទ្យាល័យចំនួន ៥ រួមមាន មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម និងមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ និងទេសចរណ៍ ដោយមានមុខជំនាញសរុបចំនួន ២០ ជំនាញ និងបើកបវេសនកាលជំនាន់ទី ១ កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដោយផ្ដល់អាហារូបករណ៍ ១០០ ភាគរយសម្រាប់ការសិក្សា។
លោកបន្តថា បច្ចុប្បន្នសាកលវិទ្យាល័យនេះ មានសមណនិស្សិត-និស្សិតកំពុងសិក្សាចំនួន ៦០០ អង្គនាក់ និងមានសាស្ត្រាចារ្យបង្រៀន ២៣ អង្គនាក់ និងមានថ្នាក់ដឹកនាំគណៈគ្រប់គ្រង បុគ្គលិកសរុប ៩៧ អង្គនាក់។ សាកលវិទ្យាល័យនេះមាន ២ ទីតាំង ដោយទីតាំងទី ១ ស្ថិតនៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ និងទី ២ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយកំពុងដំណើរការសាងសង់អគារសិក្សានៅទីតាំងទី ២។
អគារសិក្សាកំពុងសាងសង់ ១ ខ្នងនៅទីតាំងទី ២ នោះ មានកម្ពស់ ៧ ជាន់ មានទំហំ ១៤ ៦៦៧ ម៉ែត្រការ៉េលើផ្ទៃដី ១៤ ៣៦៦ម៉ែត្រការ៉េ គ្រោងចំណាយប្រាក់ជាង ៤ លានដុល្លារអាមេរិក ដោយមិនទាន់គិតពីសម្ភារបំពាក់។ បច្ចុប្បន្នកំពុងដំណើរការចាក់ជើងតាង និងធ្នឹម ខណៈប្រភពថវិកាបានមកពីការចូលរួមបរិច្ចាគរបស់គណៈសង្ឃ ការប្រារព្ធពិធីបុណ្យផ្កា ៣ ខែម្ដង និងបានមកពីការនិមន្តសម្ដែងព្រះធម៌ទេសនាបិណ្ឌបាតរបស់សម្ដេចព្រះសាកលវិទ្យាធិការ៕