
លោកថោង ខុន ពេលដឹកនាំប្រតិភូទៅឡាវនៅថ្ងៃ ១៣ មីនា។ រូបថត ក្រសួងទេសចរណ៍
ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងផ្នែកឯកជនវិស័យទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃ ១២-១៥ ខែមីនា ដើម្បីបង្កើនកិច្ចសហ ប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំង ២។
ក្រសួងទេសចរណ៍បញ្ជាក់ក្នុងសេចក្តីជូនដំណឹងដែលផ្សព្វផ្សាយនៅថ្ងៃទី ១៣ ខែមីនាថា ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសឡាវរយៈពេល ២ ថ្ងៃកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ និងយោងលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំង ២ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
អំឡុងដំណើរទស្សនកិច្ចនេះ លោក ថោង ខុន នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ និងជួបទ្វេភាគីជាមួយលោកស្រី សួនសុវណ្ណ វិញ៉ាកេតន៍ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។ លោកក៏នឹងមានកិច្ចប្រជុំរវាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសទាំង២ផងដែរ។
ក្រសួងទេសចរណ៍បញ្ជាក់ថា «តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជារំពឹងថា នឹងមានកំណើននៃលំហូរទេសចរទៅវិញទៅមក ក៏ដូចជាលំហូរទេសចរចិន និងទេសចរប្រទេសទី ៣ ផ្សេងទៀតទៅវិញទៅមករវាងប្រទេសទាំង ២ ឡាវ-កម្ពុជាផងដែរ»។
កាលពីខែមុន កម្ពុជា-ឡាវ បានឯកភាពគ្នាតភ្ជាប់រវាងខេត្តចំប៉ាសាក់ របស់ឡាវ ជាមួយខេត្តព្រះវិហាររបស់កម្ពុជា និងរវាងខេត្តអាតាពៅ (Attapeu) របស់ឡាវ ជាមួយខេត្តរតនគិរីរបស់កម្ពុជា ដើម្បីផ្តល់អំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំង ២។
ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងលោកហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ក្នុងអំឡុងពេលដំណើរបំពេញទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះ។
នាយករដ្ឋមន្ត្រីទាំង ២ ក៏បានពិភាក្សាអំពីបញ្ហាទាក់ទងនឹងវិស័យទេសចរណ៍ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោកនិងតាមផ្លូវអាកាសដែលអាចផ្តល់ឱកាសសម្រាប់អ្នកទេសចរអាចធ្វើដំណើរទៅគោលដៅ ឡាវ-កម្ពុជា និងកម្ពុជា-ឡាវ ផង។ ភាគីទាំង ២ ក៏បានពិភាក្សាគ្នាទាក់ទងនឹងការតភ្ជាប់ផ្លូវដែកល្បឿនលឿន រវាងកម្ពុជា-ឡាវជាមួយបណ្តាប្រទេសដទៃទៀត រាប់ទាំងកម្ពុជាផងដែរ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ ខែមីនា ថា ដំណើរបំពេញទស្សនកិច្ចនេះមានភាពចាំបាច់មួយក្នុងការរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរចិនក្នុងខណៈដែលប្រទេសឡាវមានផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ជាមួយប្រទេសចិនដែលមានលក្ខណៈងាយស្រួលក្នុងការចរាចរទាំងទំនិញ និងភ្ញៀវទេសចរពីប្រទេសចិនមកប្រទេសឡាវ។
លោកបន្តថា កន្លងទៅឡាវត្រូវបានគេដឹងថា ជាប្រទេសបិទជិត (Land locked)។ ឥឡូវនេះឡាវភ្ជាប់ការដឹកជញ្ជូនផ្លូវគោកទូលំទូលាយតាមរយៈផ្លូវរថភ្លើងល្បឿនលឿនស្របពេលដែលកម្ពុជាបានបើកដំណើរប្រទេសរយៈពេល ២ ឆ្នាំហើយ ក្រោយពីវិបត្តិកូវីដ ១៩ ដែលជាដំណាក់កាលនៃការស្តារសេដ្ឋកិច្ចនិយាយជារួម និងនិយាយដោយឡែកការស្តារវិស័យទេសចរណ៍។
លោក យង់ ពៅ បញ្ជាក់ថា៖ «អ៊ីចឹងមានភាពចាំបាច់ក្នុងការបង្កើតកញ្ចប់ទេសចរណ៍ជាមួយប្រទេសឡាវ។ ទោះយ៉ាងណាក៏ដោយកម្ពុជាត្រូវពង្រឹងខ្លួននៅក្នុងការត្រៀមទទួលទេសចរ។ វិស័យទេសចរណ៍នេះយើងមិនថា ចិន ទេសចរពិភពអឺរ៉ុបទេ គឺកម្ពុជាត្រូវតែពង្រឹងផ្នែកសេវាកម្មផលិតផលហេដ្ឋារចនាសម្ព័ន្ធអីជាដើមដើម្បីទទួលភ្ញៀវទេសចរនេះ ចៀសវាងដែលកន្លងទៅមុនវិបត្តិកូវីដយើងឃើញថា មានប្រតិកម្មច្រើនទាំងទៅលើប្រតិកម្មជនជាតិចិនទាំងប្រតិកម្មផ្សេងទៀតរួមនឹងការលេចធ្លុះធ្លាយកញ្ចប់ទេសចរណ៍»។
លោកបន្តថា៖ «ដូច្នេះកម្ពុជាគួរត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់សម្រាប់ស្រូបទាញវិស័យទេសចរណ៍ និងឆក់យកឱកាសជាប្រយោជន៍ជាតិនៅក្នុងវិស័យទេសចរណ៍នេះឱ្យបានក្នុងទំហំធំជាងមុន។ ធំនេះខ្ញុំចង់និយាយពីប្រយោជន៍ កុំឱ្យធ្លុះធ្លាយច្រើនដូចមុន»៕