ភ្នំពេញ: ក្រោយបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាននៅ Trinity College និងថ្នាក់បរិញ្ញាបត្រនៅ University of Melbourne ក្នុងឆ្នាំ ២០២២ កញ្ញា រ៉ុន សុភី អតីតកុមារីរើសអេតចាយលើគំនរសំរាមស្ទឹងមានជ័យ បាននិងកំពុងបំពេញការងារនៅសាលារៀនឯកជនមួយក្នុងប្រទេសអូស្ដ្រាលី មុនពេលវិលមកកាន់អង្គការមូលនិធិកុមារកម្ពុជា (CCF) របស់លោក ស្កុត នីសុន។
កញ្ញា សុភី បាននិយាយថា៖ «ពេលខ្ញុំកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ខ្ញុំមិនអាចធ្វើការបានទេ។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំអាចមិនមានបទពិសោធន៍ការងារឡើយ មុនពេលត្រឡប់ទៅស្រុកវិញ។ ខ្ញុំបានធ្វើការនៅសាលាឯកជនមួយនៅផ្នែក higher education រយៈពេល ២ ឆ្នាំ ដែលពេលនេះ ខ្ញុំបានធ្វើ ៦ ខែហើយ»។
អតីតនិស្សិតផ្នែក Media Communication & IR រូបនេះ បានឱ្យដឹងថា កញ្ញាមិនទាន់មានផែនការថា តើគួររៀនបន្ដទៀតឬយ៉ាងណានោះទេ។ ប៉ុន្ដែកញ្ញានឹងវិលទៅកាន់អង្គការមូលនិធិកុមារកម្ពុជាវិញក្រោយបញ្ចប់ការងាររយៈពេល ២ ឆ្នាំ។
យុវតីដែលប្រែក្លាយជីវិតពីរាងកាយប្រឡូកប្រឡាក់ដោយភាពកខ្វក់នៃសំរាមទៅជាបុគ្គលិកការិយាល័យនៅប្រទេសអូស្ដ្រាលីថ្លែងថា កញ្ញាចង់បានបទពិសោធន៍ការងារ និងរៀនពង្រឹងខ្លួនរស់នៅដោយឯករាជ្យបន្ថែមទៀត។ សុភី អាយុ ២៦ ឆ្នាំ បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ពេលខ្ញុំត្រឡប់ទៅអង្គការ CCF របស់ ស្កុត វិញ ខ្ញុំនឹងធ្វើការស្ម័គ្រចិត្ដលើផ្នែកដែលខ្ញុំអាចធ្វើបាន»។
ទន្ទឹមនឹងការតបស្នងនៅកន្លែងដែលបានបណ្ដុះបណ្ដាល និងលើកស្ទួយខ្លួនពីភ្នំសំរាម យុវតីដែលស្រឡាញ់ការងាររូបនេះ ឱ្យដឹងថា នាងក៏មានគម្រោងអាជីវកម្មជាមួយមិត្ដភក្ដិផងដែរ ដែលពួកគេបានរៀបចំម្ដងមុនពេលកញ្ញាហោះទៅបំពេញការសិក្សានៅអូស្ដ្រាលី។
ស្ថិតក្នុងគ្រួសារ ដែលមានបងប្អូន ៧ នាក់ និងជាកូនទី២ សុភី ទទួលបានការលើកទឹកចិត្ដ និងគាំទ្រពីគ្រួសារជានិច្ចចំពោះបំណងនៃការសិក្សា ក៏ដូចជាផែនការជីវិតរបស់ខ្លួន។ កញ្ញាឱ្យដឹងថា ឪពុកម្ដាយមិនមានលទ្ធភាពអ្វីធំដុំក្នុងការប្រកបរបរចិញ្ចឹមជីវិត តែមានការជួយជ្រោមជ្រែងពីកូនៗ ជាពិសេសកញ្ញាផ្ទាល់ ដែលខិតខំបំពេញការងារដើម្បីការចាយវាយខ្លួនឯងផង និងផ្ញើមកគ្រួសារផង។
កញ្ញានិយាយថា៖ «ម្ដាយខ្ញុំមានជំងឺឆ្អឹង ហើយឪពុករបស់ខ្ញុំគាត់រត់រ៉ឺម៉ក ដែលមិនសូវមានម៉ូយរកបានប្រាក់ដូចការប្រើប្រាស់ Mobile App ដូចបច្ចុប្បន្ននោះទេ»។
ក្នុងចំណោមបងប្អូនទាំងអស់ សុភី បានប្រាប់ថា មានតែកញ្ញា និងប្អូនទី៤ ដែលបានសិក្សាដល់ថ្នាក់មហាវិទ្យាល័យ ក្រៅពីនោះ បញ្ចប់ត្រឹមថ្នាក់វិទ្យាល័យ និងត្រូវចេញរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារ។ សុភី និយាយថា បងប្អូនទាំង ៥ នាក់ទៀតមិនទទួលបានការសិក្សាខ្ពស់ ដោយកត្ដាមិនសូវមានឱកាសផង និងមិនខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពផង។
កញ្ញាបន្ដថា៖ «បងប្អូនខ្ញុំស្រីៗអាចថា កាលៈទេសៈបង្ខំឱ្យពួកគាត់ឈប់រៀន។ ប៉ុន្ដែបងប្អូនប្រុស ២ នាក់ អត់សូវប្រឹង និងអត់សូវមានឱកាសដូចគេ។ ពួកគាត់ក៏ឈប់រៀនទៅ»។
បងប្អូន៣នាក់ក្នុងចំណោម ៧ នាក់របស់សុភី មានឱកាសចូលរៀននៅអង្គការមូលនិធិកុមារកម្ពុជា (CCF) របស់លោក ស្កុត នីសុន។ ជាកូនស្រី ដែលឪពុកម្ដាយជំពាក់ប្រាក់គេច្រើន សុភី ធ្លាប់បានចូលសាលារៀនម្ដងត្រឹមរយៈពេលដ៏ខ្លី តែ ២ សប្ដាហ៍ប៉ុណ្ណោះ ត្រូវបានឪពុកម្ដាយវេចបង្វេចចាកចោលផ្ទះសំបែងនៅក្នុងខេត្ដកំពង់ចាម និងផ្សងព្រេងជាមួយកូនៗ ៥ នាក់មកភ្នំពេញ ដោយឮថា ការរើសអេតចាយនៅគំនរសំរាមស្ទឹងមានជ័យមិនចាំបាច់ចាយដើមទុន។
យុវតីរូបនេះ និយាយថា៖ «ដំបូងឡើយ ខ្ញុំមិនចូលចិត្ដកន្លែងចាក់សំរាមទេ ទាំងបរិយាកាស ក្លិន វាពិតជាអាសោចណាស់។ ប៉ុន្ដែបន្ទាប់ពីចំណាយពេលជាច្រើនរស់នៅ ដេក ញ៉ាំអាហារទីនោះ ខ្ញុំមានអារម្មណ៍ថា វាជាផ្ទះរបស់ខ្ញុំ»។
យុវតីរូបនេះ រំឭកថា ពេលនាងកំពុងតែរើសសំរាមជាមួយមិត្ដភក្ដិ មានបារាំងម្នាក់ គឺ ស្កុត នីសុន បានឃើញនាងជាកុមារីតូច រស់នៅក្នុងសភាពកខ្វក់ និងមិនមានការអប់រំ ក៏បានប្រាប់តាមរយៈអ្នកបកប្រែថា លោកនឹងនាំក្មេងស្រីម្នាក់នេះទៅអង្គការ និងបានប្រគល់នាមប័ណ្ណមួយឱ្យ។
សុភី និយាយថា ពេលនោះ នាងមិនដឹងអ្វីទាល់តែសោះដោយគ្រាន់តែឮថា បានរៀនក៏នឹកឃើញចង់ មិននឹកគិតដល់រឿងគេបោកអ្វីទាំងអស់ ពីព្រោះខ្លួនចង់រៀនតាមបងស្រី ដែលត្រូវបានអង្គការ Pour Un Sourire d'' Enfant (PSE) យកចូលរៀន។
សុភី និយាយប្រាប់ Emily McAuliffe នៃមហាវិទ្យាល័យ Trinity College ដែលសហការជាមួយអង្គការ CCF ថា៖ «ពេលឃើញបងស្រីត្រឡប់មកលេងផ្ទះជាមួយសម្លៀកបំពាក់ស្អាត ខណៈខ្លួនឯងអត់ ខ្ញុំគិតថា ខ្ញុំគួរតែទៅសាលារៀន ទើបខ្ញុំមានឱកាសបានស្អាតបាតដែរ»។
កញ្ញាបន្ដថា៖ «វាហាក់ដូចជាវាសនាកំណត់ រាល់ដង ខ្ញុំមិនរក្សាទុករបស់អ៊ីចឹងៗនោះទេ។ តែថ្ងៃនោះ ខ្ញុំបានប្រាប់ម៉ែ និងឱ្យគាត់ទុកនាមប័ណ្ណបារាំងម្នាក់នោះ»។
១ សប្ដាហ៍ក្រោយមក បារាំងរូបនោះ ត្រឡប់មកវិញ និងបានយកឡានមកដឹកនាង និងកុមារាម្នាក់ទៀតខណៈប្អូនស្រីទី ៤ របស់សុភី រត់យំតាមក៏ត្រូវបានលោក ស្កុត នាំយកទៅអង្គការជាមួយដែរ។ ការសិក្សា និងស្នាក់នៅអង្គការ CCF បានជួយ សុភី និងប្អូនស្រីបានទទួលទាំងការអប់រំផង និងការរស់នៅប្រកបដោយផាសុកភាពផង ពីព្រោះវាជាទីកន្លែងសម្រាកស្អាតសមរម្យ ខុសពីជម្រកគ្របកន្ទេលបាំងបិទក្បែរភ្នំសំរាម។
សុភី បាននិយាយថា៖ «ការរស់នៅជាមួយអង្គការ ស្កុត នេះ ហាក់ដូចជា គាត់ជាឪពុកម្ដាយខ្ញុំម្នាក់ទៀតអ៊ីចឹង។ មែនទែនទៅ ឪពុកម្ដាយខ្ញុំ មិនអាចផ្គត់ផ្គង់បានប៉ុណ្ណឹងផង។ ផ្ទះក៏មាននៅ បាយទឹក ១ ថ្ងៃ ៣ ពេល និងបង្អែមយប់ឡើង សាលារៀន និងខោអាវមួយចប់»។
យុវតី ដែលបងស្រី និងប្អូនស្រី បានរៀបការរួចរូបនេះ បានបន្ដថា៖ «បើពេលនោះ ខ្ញុំមិនបានចូលរៀនសាលា ស្កុតទេ សូម្បីតែគិតក៏មិនអាចនឹកស្រមៃថា នឹងមានថ្ងៃនេះឡើយ។ និយាយរួម អនាគតរបស់ខ្ញុំ គឺមើលមិនឃើញតែម្ដង ដោយមិនដឹងថា នឹងទៅជាយ៉ាងណា»។
អតីតកុមារីលើគំនរសំរាមស្ទឹងមានជ័យរូបនេះ បានលើកឡើងថា នៅតូច ធ្លាប់ឃើញអ្នកមានឱកាសទៅរៀនស្រុកគេ តែខ្លួនឯងដឹងច្បាស់ថា គ្មានវាសនាទេដោយគ្មានលុយអ្វីទាល់តែសោះ។ ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅសាលាអង្គការ CCF យុវតី សុភី បានបន្ដដាក់ពាក្យប្រឡងយកអាហារូបករណ៍នៅមហាវិទ្យាល័យ Trinity College ប្រទេសអូស្ដ្រាលី។
កញ្ញា សុភី ដែលអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ បានរៀបរាប់អំពីពេលប្រឡងអាហារូបករណ៍ទៅអូស្ដ្រាលីថា ពេលឮដំណឹងថា កញ្ញាជាប់អាហារូបករណ៍ដំបូង នាងមិនហ៊ានជឿនរណានិយាយទាំងអស់សូម្បីតែស្កុត រហូតដល់មានសេចក្ដីប្រកាសផ្លូវការ។
នាងនិយាយថា នាងមិនមានអារម្មណ៍ភ័យខ្លាច ចំពោះការសិក្សានៅបរទេសនោះទេ ដោយសារ survival skill របស់កញ្ញាខ្លាំង បូករួមនឹងការស្ម័គ្រចិត្ដទៅក្រៅប្រទេសក៏សកម្មផងដែរ។
យោងតាមមហាវិទ្យាល័យ Trinity College បានឱ្យដឹងថា ថ្វីដ្បិតតែមានទេពកោសល្យជាគ្រូបង្រៀន កញ្ញា សុភី មានបំណងចង់ក្លាយជាអ្នកជំនួញម្នាក់ និងរំពឹងថា នឹងវិលត្រឡប់មកកម្ពុជាវិញដើម្បីអ្នកដទៃក្នុងសហគមន៍ និងបាននៅស្និទ្ធស្នាលជាមួយក្រុមគ្រួសារ។
អ្នកនិពន្ធ McAuliffe នៅមហាវិទ្យាល័យអូស្ដ្រាលីនេះបានសរសេរបន្ដថា៖ «ភាពជោគជ័យនៅសាលារៀនរបស់កញ្ញា សុភី បាននាំឱ្យនាងជាប់អាហារូបករណ៍នៅអូស្ដ្រាលី ជាទីដែលគាត់បញ្ចប់ថ្នាក់មូលដ្ឋាននៅ Trinity College រួចបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ University of Melbourne»។
រ៉ុន សុភី បាននិយាយអំពីការហែលឆ្លងកាត់ការលំបាកក្នុងឆាកជីវិតពីកុមារភាព ដែលធ្វើឱ្យកញ្ញាអាចស៊ូទ្រាំនឹងស្ថានភាពផ្សេងៗ ក៏ដូចជា ងាយសម្របនឹងបរិយាកាសថ្មីៗ។ យុវតីរូបនេះ បានរំឭកពីរឿងដែលមិនអាចបំភ្លេចបានក្នុងឆាកជីវិតក្រៅពីវាសនាបាននាំរូបនាងមកដល់ទឹកដីបរទេសថា៖ «ពេលមានភ្លៀងខ្លាំងម្ដងៗ ខ្ទមបិទបាំងដោយកន្ទេល ត្រូវទឹកភ្លៀងហូរចូលផ្ទះដែលលេចធ្លុះធ្លាយទទឹកជោកគ្រប់គ្នា។ ពេលនោះ ខ្ញុំឆ្ងល់ប៉ាម៉ែ ពួកគាត់នៅតែសម្ងំគេងទាំងភ្លៀងទទឹកហើយខ្ញុំក៏ចេះតែសម្ងំដែរទៅ តែគេងមិនលក់ទេ។ ពេលព្រឹកឡើងរត់លេងធម្មតា»។
នៅគ្រានោះ ការរស់នៅលើគំនរសំរាម មិនមែនជារឿងអ្វីគួរឱ្យសោកសង្រេងនោះទេតែពេលនេះ យុវតីរូបនេះ បានរំឭកថា ភាពស្រេកឃ្លានកាលពីនាងនៅក្មេងពិតជាកម្សត់។
កញ្ញាបន្ដថា៖ «ខ្ញុំញ៉ាំរបស់ពីឡានដឹកផ្លែឈើរលួយៗពីផ្សារដើមគរទៅបោះចោល។ ខ្ញុំញ៉ាំផ្លែឈើទាំងនោះរាល់ថ្ងៃ ហើយពេលធ្វើទុក្ខឈឺពោះអីក៏ខ្ញុំអត់ខ្វល់ដែរ សំខាន់ខ្ញុំបានញ៉ាំរបស់នោះឆ្ងាញ់»។
ក្នុងនាមជាគំរូម្នាក់ អង្គការ CCF ចង់ឱ្យកញ្ញាចូលរួមការងារបញ្ចុះបញ្ចូលកុមារដទៃ ដែលកំពុងសិក្សានៅសាលារបស់អង្គការ កុំបោះបង់ការសិក្សា ដែលលោកស្កុត នីសុន ក៏មានការបារម្ភចំពោះអត្រាបោះបង់ការសិក្សានេះផងដែរ។
កញ្ញា សុភី ឱ្យដឹងថា កញ្ញាបានទទួលដំណឹងពី ស្កុត ដែលស្នើឱ្យកញ្ញាជួយនិយាយបញ្ចុះបញ្ចូលពួកគេកុំឱ្យឈប់រៀន។ ដោយសារកញ្ញាកំពុងតែនៅបរទេសនៅឡើយ កញ្ញាបានផលិតជាវីដេអូផ្ញើទៅដាក់បញ្ចាំងនៅសាលាដើម្បីផ្ដល់ការលើកទឹកចិត្ដដល់សិស្សប្អូនបន្ដតស៊ូនឹងការសិក្សា។
កញ្ញា សុភី ដែលមានបំណងចង់បើកអាជីវកម្មជាមួយមិត្ដភក្ដិពេលត្រឡប់មកមាតុប្រទេសវិញប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «តាមខ្ញុំដឹង ភាគច្រើនក្មេងៗទាំងនោះ ឈប់រៀន ដោយសារពួកគាត់ត្រូវការលុយជួយគ្រួសារ»៕