
លោកស្រី ឃួន សុដារី (ពីឆ្វេងទី៥) អនុប្រធានទី២ នៃរដ្ឋសភា ចូលរួមវេទិកាបាគូសកល លើកទី១០ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។ រូបថត រដ្ឋសភាជាតិ
ភ្នំពេញៈ នាវេទិកាបាគូសកលលើកទី១០ ក្នុងប្រទេសអាស៊ែបៃហ្សង់ កម្ពុជាបានផ្តល់តម្លៃនិងសារៈសំខាន់ចំពោះចិនក្នុងពិភពលោកពហុប៉ូល និងតួអង្គសំខាន់ក្នុងយន្តការពហុភាគីនិយម ប្រកបដោយភាពបើកចំហ និងបរិយាប័ន្ន សម្រាប់សន្តិភាព និងការអភិវឌ្ឍក្នុងពិភពលោក។
អំឡុងពេលទស្សនកិច្ចជាង ១ សប្តាហ៍នៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានចូលរួមវេទិកាបាគូសកល លើកទី១០ ដែលប្រព្រឹត្តទៅនៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលរៀបចំដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center NGIC) ក្រោមអធិបតីភាពលោកអ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
គួរបញ្ជាក់ថា វេទិកាបាគូលើកទី១០ នៅឆ្នាំ ២០២៣ នេះ ប្រព្រឹត្តទៅក្រោមមូលបទ “ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម” ដែលមានការចូលរួមពីមេដឹកនាំ ម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាល អង្គការអន្តរជាតិ និងសង្គមស៊ីវិល ប្រមាណជាង ៣៥០ នាក់ មកពីប្រទេសជាង ៦០។
យោងតាមនាយកដ្ឋានព័ត៌មាននៃរដ្ឋសភាបានឱ្យដឹងថា នៅក្នុងវេទិកានោះ លោកស្រី ឃួន សុដារី ជាតំណាងកម្ពុជា បានធ្វើជាវាគ្មិនពិសេសនៅក្នុងកិច្ចពិភាក្សាលើប្រធានបទពី “តួនាទីរបស់ចិនលើកិច្ចការសន្តិសុខ និងការអភិវឌ្ឍសកល” ដែលលោកស្រីបញ្ជាក់ថា ជាប្រធានបទដ៏សំខាន់ និងទាន់ពេល ខណៈពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរឆ្ពោះទៅរកពិភពលោកពហុប៉ូល។
លោកស្រី ឃួន សុដារី បានថ្លែងថា ប្រទេសចិនមានជំហរយ៉ាងច្បាស់លាស់ក្នុងការលើកកម្ពស់ពហុភាគីនិយម ១ ដែលពិតប្រាកដ ប្រកបដោយភាពបើកចំហ និងបរិយាប័ន្ន សម្រាប់សន្តិភាព និងការអភិវឌ្ឍក្នុងពិភពលោក។
ប្រទេសចិនបានផ្តួចផ្តើមយន្តការសហប្រតិបត្តិការ ជាសកលមួយចំនួនដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) គំនិតផ្តួចផ្តើមអភិវឌ្ឍសកល (GDI) និងគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) ដែលបន្ថែមចក្ខុវិស័យ និងកម្លាំងជំរុញដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
ភាគីកម្ពុជាក៏បានចូលរួមពិភាក្សា លើប្រធានបទសំខាន់ៗផ្សេងទៀតផងដែរ រួមមាន ការកសាងភាពធន់នៅពេលពិភពលោកកំពុងបែកបាក់ យុគសម័យនៃការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ការបង្កើតឡើងវិញនូវពហុភាពនិយម ការកសាងសុខភាពពិភពលោកថ្មី ១ និងកិច្ចពិភាក្សាផ្សេងៗទៀត។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ការផ្តល់តម្លៃនិងការគាំទ្រចិនលើឆាកអន្តរជាតិនេះ គឺស្របនឹងនយោបាយការបរទេសកម្ពុជាដែលផ្អែកលើទិដ្ឋភាពច្បាប់និងពហុភាគីនិយម។ លោកថា ភាគីចិននិងកម្ពុជា បានប្តេជ្ញាបង្ហាញការគាំទ្រដល់គ្នាទៅវិញទៅមកលើវេទិកាតំបន់ និងអន្តរជាតិ ខណៈទំនាក់ទំនងប្រទេសទាំង ២ ឈានដល់ក្របខ័ណ្ឌទំនាក់ទំនងត្បូងពេជ្រផង។
លោក គិន ភា បន្តថា ការគាំទ្រចិននេះ មិនមែនជាការគាំទ្រឥតលក្ខខណ្ឌនោះដែរ គឺគាំទ្រទៅលើគំនិតផ្តួចផ្តើម និងយុទ្ធសាស្ត្រជាច្រើនដែលស្នើឡើងពីប្រទេសចិន វាស្របនឹងផលប្រយោជន៍របស់កម្ពុជា ផលប្រយោជន៍តំបន់។
ការគាំទ្រទាំងនេះនាំឱ្យទំនាក់ទំនងកម្ពុជានិងចិនកាន់តែមានភាពស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ហើយកម្ពុជាក៏អាចទាញផលប្រយោជន៍ពីទំនាក់ទំនងនេះតាមរយៈពាណិជ្ជកម្ម ការវិនិយោគ ជំនួយ វិស័យទេសចរណ៍។
លោក គិន ភា ថ្លែងថា តួនាទីសំខាន់របស់ចិនក្នុងពិភពលោកពហុប៉ូល និងយន្តការពហុភាគីនិយម ដែលគេអាចឆ្លុះបញ្ចាំងតាមរយៈសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលចិនបានផ្តល់កិច្ចសហការច្រើនលើជំនួយបច្ចេកទេស ផ្តល់នូវវ៉ាក់សាំង និងបុគ្គលិកសុខាភិបាលទៅកាន់បណ្តាប្រទេសជាច្រើន ហើយចិនមានពាក់ព័ន្ធច្រើនជាមួយពិភពលោកដូចជាសមាហរណកម្ម សេដ្ឋកិច្ច។ ចិនបានផ្តួចផ្តើមបង្កើតផែនការធំៗ ២ ផង ទី១ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល និង ទី២ គំនិតផ្តួចផ្តើមសន្តិសុខសកល បន្ថែមពីលើគំនិតផ្តូចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដែលកំពុងមានឥទ្ធិពលនៅលើពិភពលោក។
លោក វណ្ណ ប៊ុនណា អ្នកសិក្សាលើភូមិសាស្ត្រនយោបាយ ថ្លែង ថា ជំហរគាំទ្ររបស់កម្ពុជាចំពោះចិនមិនមែនជារឿងថ្មីឡើយ ខណៈកម្ពុជាតែងគាំទ្រចិនជានិច្ចទាំងក្របខ័ណ្ឌជាតិ និងអន្តរជាតិតួយ៉ាងគោលការណ៍ចិនតែ ១ (One-China Policy) នៅអង្គការសហប្រជាជាតិជាដើម។ ការលើកឡើងរបស់គណៈប្រតិភូកម្ពុជានៅវេទិកាបាគូនេះ ជាការបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមរបស់កម្ពុជាលើជំហរគាំទ្រចិនលើឆាកអន្តរជាតិ។
លោក វណ្ណ ប៊ុនណា ថ្លែងថា តាមរយៈការគាំទ្ររបស់កម្ពុជាទៅលើចិន ធ្វើឱ្យកម្ពុជាអាចចំណេញពីទំនុកទុកចិត្ត និងការផ្តល់តម្លៃបន្ថែមទៀតពីភាគីចិនមកលើខ្លួនផង ជាការចំណេញមួយ។ ប៉ុន្តែនៅលើឆាកអន្តរជាតិ វាក៏បង្ហាញផងដែរ ថាកម្ពុជាអនុវត្តនយោបាយការបរទេសដែលមានទំនោរទៅរកចិនខ្លាំង ជារូបភាពពីប្រទេសផ្សេងៗ ជាពិសេសក្រុមប្រទេសលោកខាងលិចមើលឃើញ។
លោក វណ្ណ ប៊ុនណា ថ្លែងដោយ ឯកភាពទៅលើតួនាទីសំខាន់របស់ចិនក្នុងពិភពលោកពហុប៉ូល ដែលជាប្រព័ន្ធទាមទារមហាអំណាចច្រើនធ្វើការជាមួយគ្នាក្នុងការដោះស្រាយវិបត្តិពិភពលោក តួយ៉ាង វិបត្តិអាកាសធាតុ បញ្ហាភេរវកម្ម ជាដើម។ ចិនត្រូវបានគេមើលឃើញពីតួនាទីសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចសកល ព្រោះចិនជាប្រទេសអ្នកមានដែលចូលរួមចំណែកធំក្នុងវិស័យសេដ្ឋកិច្ច ការផ្តល់ជំនួយដល់បណ្តាប្រទេសក្រីក្រ ដូចជាតំបន់អាហ្រ្វិនិងអាស៊ី។
វេទិកាបាគូសកលលើកទី១០ នេះ បានពិនិត្យ និងពិភាក្សាគ្នាលើកត្តាដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់ពិភពលោកថ្មី រួមមាន បញ្ហាសន្តិសុខ និងទស្សនវិស័យសម្រាប់សន្តិភាព ការបង្កើតស្ថិរភាពក្នុងពិភពលោកដែលបែកបាក់គ្នានិងផលប៉ះពាល់ទៅលើសន្តិភាពសកល វិធីនៃការដោះស្រាយបញ្ហាប្រឈមនៅខាងមុខ ជម្លោះអង្រួនពិភពលោក និងការគំរាមកំហែង៕