​ភ្នំពេញៈ មនុស្ស​យ៉ាងហោច​ណាស់​ ៨២​ នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ការពុល​ចំណី​​អាហារ ជាពិសេស ការពុល​​ស្រាស ក្នុង​ចំនួន​អ្នកពុល​សរុប​ជាង ១ ៥០០​ នាក់ ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​សុខា​ភិ​បាល​ដែល​ទើប​ចេញផ្សាយ​។​

​នៅក្នុង​របាយការណ៍​បូក​​សរុប​រយៈពេល ​៥ ​ឆ្នាំ រវាង​ឆ្នាំ​ ២០១៨ ​ដល់​ឆ្នាំ ​២០២២ ករណី​ពុល​ចំណីអាហារ​សរុប​មាន​ចំនួន​ ១ ៥៣៤​នាក់ ហើយ​នៅក្នុង​ចំនួន​នៃ​ការពុល​នោះ​មាន​អ្នក​ឈឺធ្ងន់ធ្ងរ​ចំនួន ​៨១៨​ នាក់ និង​ស្លាប់​ ៨២​ នាក់​។​

​ទោះបីជា​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល​នេះ មិនបាន​បញ្ជាក់​ពី​មូល​ហេតុដែល​បណ្តាលឱ្យ​អ្នកពុល​ស្លាប់ ប៉ុន្តែ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ (​ក​.​ប​.​ប​.)​ របស់​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ មាន​អ្នកស្លាប់​ដោយ​សារ​ការពុល​ស្រាស​ច្រើន​។​

​របាយការណ៍​របស់ ក​.​ប​.​ប​. ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ​១២ ខែកក្កដា ឆ្នាំ​ ២០២១ បានបង្ហាញ​ពី​ការកើតឡើង​ផ្ទួនៗ​គ្នា​លើ​ករណី​ស្លាប់​ដោយសារ​ការពុល​ស្រា ដែល​ក្នុង​រយៈពេល​ ១ ​ឆ្នាំ ចន្លោះ​ខែមិថុនា ឆ្នាំ​ ២០២០ រហូតដល់​ដើមខែ​កក្កដា ឆ្នាំ​ ២០២១ មាន​អ្នកស្លាប់​រហូតដល់ ​៧០​ នាក់​។

​របាយការណ៍​នោះ​បង្ហាញថា ក្នុង​ខែមិថុនា ឆ្នាំ ​២០២០ ប្រជា​ពលរដ្ឋ​ ៧​ នាក់​ស្លាប់​នៅក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ ដោយសារ​ផឹកស្រា​ថ្នាំ​តាំង​កួយ​។ នៅ​ខែវិច្ឆិកា​ឆ្នាំ​ ២០២០ នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំង មាន​អ្នកស្លាប់​ចំនួន​ ១៥ ​នាក់ ដោយសារ​ផឹកស្រា ស​។​

​រីឯ​នៅ​ខែឧសភា ឆ្នាំ​ ២០២១ ​នៅ​ស្រុក​ល្វាឯម ខេត្តកណ្ដាល ស្លាប់​ ១៤ ​នាក់ ដោយសារ​ផឹក​ស្រាស និង​ស្រាថ្នាំ​។ ចំណែក​នៅ​ខែឧសភា ឆ្នាំ​ ២០២១ នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ក៏មាន​អ្នកស្លាប់​ចំនួន​ ១០ ​នាក់​ដោយសារ​ផឹកស្រា​ថ្នាំ​ផងដែរ​។​

​ដោយឡែក​នៅ​ខែមិថុនា ឆ្នាំ ​២០២១ នៅ​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មនុស្ស​ ៧ ​នាក់​បាន​ស្លាប់ ដោយ​សារ​ផឹកស្រា ស និង​ស្រាថ្នាំ ខណៈ​នៅ​ខែមិថុនា ឆ្នាំ​ ២០២១ ដដែល នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង មាន​អ្នកស្លាប់​ចំនួន ៤ ​នាក់ ដោយសារតែ​ផឹកស្រា ស និង​ស្រាថ្នាំ​។​

​ចំណែក​នៅក្នុង​ខែកក្កដា ឆ្នាំ ​២០២១ មាន​អ្នកស្លាប់​ចំនួន​ ១០ ​នាក់ នៅ​ភូមិ​កោះ​ជ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់​​ត្រាច ខេត្តកំពត និង​នៅ​ភូមិ​លើ ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ក៏​កើតមាន​ករ​​ណី​ពុល​ស្រាស​ស្រាថ្នាំ បណ្តាលឱ្យ​ស្លាប់​បុរស​អ្នក​ផឹកស្រា​ថ្នាំ​ចំនួន ៣ ​នាក់​ផងដែរ​។

​ក្រសួងសុខាភិបាល​បាន​អះ​អាង​ថា៖​ «​រាល់​សំណាក​នៃ​ការ​ពុល​ត្រូវបាន​បញ្ជូនទៅ​វិភាគ​នៅ​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​»​។

​ក្រោយ​ការពុល​ស្រា​ជា​បន្តបន្ទាប់ ក្រសួង​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជន​បង្គោល​ក្នុងការ​អនុវត្ត​គោលការណ៍​ណែនាំ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​លើ​ការផលិត​ស្រាស វិធីសាស្ត្រ​វិភាគរ​កមេ​តា​ណុល​ក្នុង​ស្រា ស ដោយ​ប្រើ​តេស្ត​រហ័ស​និង​តារាង​លក្ខណវិនិច្ឆ័យ​សម្រាប់​ត្រួតពិនិត្យ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ស្រាស នៅ​ខេត្តសៀមរាប​ដោយមាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​រួមទាំង​មន្ត្រី​របស់​មន្ទីរ​សុខាភិបាល​ខេត្ត និង​ដៃគូ​អភិវឌ្ឍន៍ រួមមាន HKI WHO WB និង FAO ជាដើម​។

​កម្ពុជា​មានច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំមុន បន្ទាប់ពី​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​នរោត្តម សីហមុនី ឡាយព្រះហស្តលេខា​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​ ៨ ខែមិថុនា ​២០២២​។

​ច្បាប់​ដែលមាន​ ១១ ​ជំពូក និង​ ៤៣ មាត្រា​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការគ្រប់គ្រង​គុណភាព និង​សុវត្ថិភាព​ម្ហូប​អាហារ ដែល​គ្របដណ្តប់​គ្រប់​ដំណាក់កាល​នៃ​ខ្សែចង្វាក់​ផលិត​កម្ម​ម្ហូបអាហារ និង​លើ​អាជីវ​​កម្ម​ម្ហូបអាហារ​នៅ​កម្ពុជា​។​

​នៅក្នុង​ពិធី​បិទ​សន្និបាត​លើក​ទី ​៤២ ​ស្តីពី ​«​ការ​បូកសរុប​សមិទ្ធផល​សុខាភិបាល​រយៈពេល​ ៥​ ឆ្នាំ ​(២០១៨-២០២២)​ និង​ទិសដៅ​ឆ្នាំ ២០២៣ និង​ឆ្នាំ​បន្ត​» របស់​ក្រសួងសុខាភិបាល​ពីថ្ងៃ​ទី ​៧ ខែមីនា លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រសួង​សុខាភិបាល​លើកកម្ពស់ និង​ជំរុញ​ការផ្សព្វផ្សាយ ព្រមទាំង​អប់រំ​ពី​បញ្ហា​ម្ហូបអាហារ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​សុខភាព និង​អាយុជីវិត​ប្រជាជន​ដែល​ការណ៍​នេះ​បង្កើន​បន្ទុក​ចំណាយ​របស់​ប្រជាជន និង​ការចំណាយ​បន្ថែម​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​សុខាភិបាល​៕