ព្រះវិហារៈ ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តព្រះវិហារបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ជាពិសេសប្រជាសហគមន៍ដែលរស់នៅក្បែរតំបន់ដែនជម្រកសត្វព្រៃភ្នំតោ្នត-ភ្នំពកឱ្យ បង្កើនកិច្ចសហការបន្ថែមទៀតជាមួយក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្នុងការការពារធនធានព្រៃឈើ និងសត្វព្រៃក្នុងតំបន់នេះឱ្យនៅគង់វង្ស ដើម្បីជាឧត្តមប្រយោជន៍របស់សហគមន៍ និងសង្គមជាតិ។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានករណីភ្លើងឆេះព្រៃជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ មក ដែលបានបង្កការខូចខាត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។
លោកមាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រោយពីមានករណីភ្លើងឆេះព្រៃមក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ លោក គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានចុះដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដល់សហគមន៍មូលដ្ឋានដែលរស់នៅជាប់តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារដោយផ្ទាល់ ដើម្បីជំរុញឱ្យមានការចូលរួមពីសហគមន៍ក្នុងកិច្ចការពារធនធានធម្មជាតិក្នុងតំបន់ដែនជម្រកសត្វព្រៃមួយនេះ។
លោកថ្លែងថា ក្នុងកិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗនៃរដ្ឋបាលខេត្តព្រះវិហារ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាននិងតំណាងសហគមន៍មូលដ្ឋានជាច្រើននាក់ទៀតនោះ លោក គឹម ណុង បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានល្អក្នុងកិច្ចការពារធនធានធម្មជាតិឱ្យនៅគង់វង្សសម្រាប់ជា«ឧត្តមប្រយោជន៍របស់សហគមន៍ និងសង្គមជាតិ»។
ដោយលើកឡើងពីករណីភ្លើងឆេះព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកជាបន្តបន្ទាប់នាពេលកន្លងមក លោក មាស ញឹម បានថ្លែងថា នៅឆ្នាំនេះករណីភ្លើងឆេះព្រៃបានបង្កការខូចខាត និងប៉ះពាល់ព្រៃឈើជាង ៤ ៥០០ហិកតា ជាហេតុធ្វើឱ្យជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍រាប់រយគ្រួសារដែលរស់នៅពឹងអាស្រ័យលើធនធានអនុផលព្រៃឈើនៅក្នុងតំបន់នេះ។
លោកបានបញ្ជាក់ថា៖ «នៅពេលមានភ្លើងឆេះព្រៃ អ្នកដែលរងផលប៉ះពាល់ជាងគេនោះ គឺប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានដែលរស់នៅពឹងអាស្រ័យលើធនធានអនុផលព្រៃឈើដោយផ្ទាល់តែម្ដង ដូច្នេះត្រូវមានការចូលរួមទាំងអស់គ្នាដើម្បីការពារធនធានធម្មជាតិដើម្បីជាឧត្តមប្រយោជន៍របស់សហគមន៍ និងសង្គមជាតិទាំងមូល»។
ជាមួយគ្នានេះ លោក Benjamin Joseph Davis អ្នកការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ថា ពេលនេះស្ថានភាពភ្លើងឆេះព្រៃបានរលត់អស់ហើយបន្ទាប់ពីក្រុមមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍បានរួមសហការគ្នាបាញ់ទឹកពន្លត់អស់រយៈពេលជាច្រើនថ្ងៃ។
លោកថ្លែងថា៖«ភ្លើងឆេះព្រៃបានរលត់ហើយ ប៉ុន្តែព្រៃឈើ និងជីវចម្រុះប្រមាណជាង ៤ ៥០០ហិកតា នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកបានរងការឆេះខូចខាតយ៉ាងធ្ងន់ធ្ងរ។ទន្ទឹមនឹងនេះ សត្វព្រៃមួយចំនួនដែលក្នុងនោះក៏មានប្រភេទសត្វកម្រនិងជិតផុតពូជផងនោះបានរត់ភៀសខ្លួនចេញពីតំបន់ស្នូលទៅផ្នែកខាងក្រៅនៃដែនជម្រកដែលបង្កឱ្យមានកង្វល់ជាខ្លាំង»។
លោកBenjamin បានបន្តថា ភ្លើងឆេះព្រៃនៅកម្ពុជាគឺបង្កឡើងពីសកម្មភាពមនុស្សតាមរយៈការប្រើប្រាស់ភ្លើងក្នុងការរុករកអនុផលព្រៃឈើ ដូចជា ការដុតភ្លើងទៅលើដើមច្បោះជ័រដើម្បីយកជ័រទឹក និងជ័រចុង ការដុតភ្លើងដើម្បីយកទឹកឃ្មុំព្រៃដោយខ្វះការប្រុងប្រយ័ត្ន និងការដុតភ្លើងដើម្បីស្ទាក់ចាប់សត្វព្រៃ ដោយខុសច្បាប់។
លោកបានបន្ថែមថា៖«វាពិបាកក្នុងការស្រាវជ្រាវកំណត់មុខសញ្ញាជនបង្កឱ្យមានភ្លើងឆេះព្រៃដើម្បីចាប់ខ្លួនបញ្ជូនឱ្យតុលាការសម្រេចធ្វើការចោទប្រកាន់ឬផ្ដន្ទាទោសតាមនីតិវិធី ព្រោះជនប្រព្រឹត្តបទល្មើស តែងតែលួចធ្វើសកម្មភាព មុន និងក្រោយសកម្មភាពនៃការចុះល្បាតរបស់ក្រុមការងារយើង»។
បើតាមលោក Benjamin ការស្រាវជ្រាវស្វែងរកមុខសញ្ញាជនប្រព្រឹត្តល្មើសគឺជារឿងសំខាន់មួយដើម្បីធានាបានសុខសន្តិភាពសង្គម និងការអភិវឌ្ឍ។ ប៉ុន្តែដើម្បីធានាបាននីរន្តរភាពធនធានធម្មជាតិសម្រាប់ជាឧត្តមប្រយោជន៍របស់សហគមន៍ និងសង្គមជាតិ គឺទាមទារឱ្យមានការចូលរួមពង្រឹងការអនុវត្តច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការចូលរួមពីប្រជាសហគមន៍មូលដ្ឋានដោយផ្ទាល់៕