ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំ «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី១» រយៈពេល៣ថ្ងៃ នៅចុងខែមីនា ដែលមានព្រឹត្តិការណ៍ធំៗចំនួន ៤ ដើម្បីចូលរួមចំណែកក្នុងការតម្រង់ទិស និងអភិវឌ្ឍធនធានមនុស្សឱ្យគិតគូរលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ព្រឹត្តិការណ៍ដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដោយនឹងមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នងឱកាសបើកកម្មវិធីនេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នេះបើតាមការប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
ក្រសួង បានប្រកាសថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តជាផ្លូវការកំណត់យកថ្ងៃទី២៦ ខែមីនា ជារៀងរាល់ឆ្នាំ ហើយក៏ជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដឹកនាំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។
ក្រសួង បានបញ្ជាក់ថា«ផលិតផល និងសេវាកម្ម ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងតាំងបង្ហាញរួមមាន ១. ទឹកស្អាត ឧស្សាហកម្មមេកានិច និងអេឡិចត្រូនិក ២.បច្ចេកវិទ្យាឌីជីថល៖ ធនាគារ បច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យាបន្ថែមទិន្នន័យលើរូបភាពប្រត្យក្ស/បច្ចេកវិទ្យារូបភាពប្រត្យក្សនិម្មិត ៣. ប្រព័ន្ធសុខាភិបាលឌីជីថល ៤. ថាមពល ៥. កសិឧស្សាហកម្ម ៦. បម្រែបម្រួលអាកាសធាតុ៖ បន្ទះសូឡា ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ប្រព័ន្ធតម្រងម៉ាស៊ីនបន្សុទ្ធខ្យល់ ៧. ផលិតផល និងសេវាកម្មផ្សេង»។
តាមការផ្សព្វផ្សាយ កម្មវិធីសំខាន់ចំនួន៤ នឹងត្រូវរៀបចំដើម្បីអបអរសាទរទិវាជាតិនេះ ដែលមានដូចជាការតាំងបង្ហាញផ្នែកវិទ្យាសាស្ត្រ « Science Caravan » សហការជាមួយក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃប្រទេសថៃ ការផ្តល់ពានរង្វាន់ដល់អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជា ព្រឹត្តិការណ៍ពិព័រណ៍ វ.ប.ន. និងសិក្ខាសាលា និងជំនួបពិភាក្សាលើផ្នែក វ.ប.ន.៕
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ទិវាជាតិនេះ រៀបចំឡើងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជននៃមជ្ឈដ្ឋានជាតិ និងអន្ដរជាតិឱ្យបានយល់ដឹងអំពីការវិវឌ្ឍទៅមុខ និងចក្ខុវិស័យយូរអង្វែងរបស់កម្ពុជាលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេស ការលើកកម្ពស់នូវស្នាដៃស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់សិស្ស និស្សិត និងបញ្ញវន្តខ្មែរ តាមរយៈការផ្ដល់ពានរង្វាន់ អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជា។
លោក បានបញ្ជាក់ថា៖«ព្រឹត្តិការណ៍នេះ ក៏ជាចំណែកមួយក្នុងការតម្រង់ទិស និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យគិតគូរ និងយកចិត្តទុកដាក់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សំដៅជំរុញឱ្យកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀតទាំងសេដ្ឋកិច្ច និងសង្គម តាមបែបវិទ្យាសាស្ត្រក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល»។
តាមលោក ចម ប្រសិទ្ធ ក្នុងថ្ងៃទី១ និងថ្ងៃទី២ ការរៀបចំកម្មវិធីនេះ គឺធ្វើឡើងសម្រាប់ការងារពាណិជ្ជកម្ម វិនិយោគ ការពិភាក្សាផ្លាស់ប្តូរគំនិត បង្កើតគំនិតថ្មី សិក្សាស្រាវជ្រាវ និងការចូលរួម សហការគ្នាផ្សេងៗ ខណៈនៅថ្ងៃទី៣ គឺធ្វើឡើងសម្រាប់សាធារណជនទូទៅ ដែលអាចចូលរួមដោយសេរី។
លោក បានអំពាវនាវយ៉ាងដូច្នេះថា៖«ខ្ញុំសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត និងមានសេចក្តីរីករាយសូមអញ្ជើញបណ្តាក្រុមហ៊ុន សហគ្រាស អាជីវកម្ម ផលិតកម្ម ដែលមានការពាក់ព័ន្ធក្នុងទិដ្ឋភាព ឬផ្នែកនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមគាំទ្រ និងដាក់តាំងបង្ហាញនូវផលិតផល- សេវាកម្មរបស់ខ្លួននៅក្នុងពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិ លើកទី១ ឆ្នាំ២០២៣»៕