​ភ្នំពេញៈ លោក ឌិ​ត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ឱ្យ​សាកល វិទ្យាល័យ​ភូមិន្ទ​ក​សិ​កម្ម ​(RUA) ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការអភិវឌ្ឍ​កម្ម​​វិធី​សិក្សា​និង​ជំរុញឱ្យមាន​កម្ម​វិធី​ផ្សារភ្ជាប់​ក្រុមហ៊ុន​និង​សាកលវិទ្យាល័យ​ដើម្បី​តម្រង់ទិស​និស្សិត​ឱ្យ​ត្រូវ​នឹង​តម្រូវការ​របស់​ក្រុមហ៊ុន​។

​ជាមួយគ្នានេះ លោក​ក៏បាន​ណែនាំ​ដល់​គណៈ​គ្រប់គ្រង RUA ត្រូវ​ជ្រើសរើស​សម្រិត​សម្រាំង​និស្សិត​ដែលមាន​សក្តា​នុព​ល មាន​សមត្ថភាព​ពិតប្រាកដ ក្នុងការ​ចាប់យក​ឱកាស​ការងារ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ធំៗ និង​កសាង​កេរ្តិ៍ឈ្មោះ​បង្កើត​ទំនុក​ចិត្ត​ចំពោះ​សាលា​ក្នុង​ការបណ្ដុះ​​បណ្ដាល​ធនធានមនុស្ស​ប្រកប​ដោយ​គុណភាព​។​

​លោក​រដ្ឋមន្ត្រីបាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បើកប​វេ​សន​កាល​ឆ្នាំ​ទី១ ឆ្នាំ​សិក្សា ​២០២២- ២០២៣ និង​សម្ពោធ​មជ្ឈមណ្ឌល​ការងារ នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម កាលពី​ថ្ងៃ​ទី​ ១៣ មីនា​។

​លោក​បន្ថែមថា និស្សិត​ទាំងអស់​ចាំបាច់​ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យបាន​ច្បាស់ ដឹង​ចំណង់​ចំណូល ចិត្ត មាន​ក្ដី​ស្រមៃ និង​កំណត់​គោលដៅ​ខ្លួនឯង​ច្បាស់លាស់ ដែលជា​ត្រីវិស័យ​នាំ​ផ្លូវ​ដើរ​ទៅរក​ភាពជោគជ័យ​ដោយ​មិន​បាក់​ទឹកចិត្ត​។ ទន្ទឹមនឹងនោះ ត្រូវ តាមដាន​ផែនការ បង្កើត​ទម្លាប់ ដោយ​ដាក់ចិត្ត​រៀន ដើម្បី​ចេះ​ទាំង​ចំណេះដឹង​ក្នុង​និង​ក្រៅ​សា​លា​ចេះ​ឱ្យ​ប្រាកដ ធ្វើឱ្យ​ចេញ​ជា​លទ្ធផល និង​ឱ្យ​ល្អ​បំផុត​។​

​លោក​បញ្ជាក់ថា​៖ «​និស្សិត​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព​បច្ចេកវិទ្យា​ពិសេស​ភាសា​ផ្សារ​ភ្ជាប់​នឹង​ពិភពលោក ក្នុងការ​ពង្រីក​ការយល់ដឹង​ឱ្យ​កាន់តែ ទូលំទូលាយ​ដើម្បី​ឈានទៅរក ការសម្រេច​ក្ដី​ស្រមៃ​ជា​អ្នក​ជំ​នា​ញ​កសិកម្ម និង​ទទួលបាន​ឱកាស​ការងារ​ក្នុង​វិស័យ​រដ្ឋឯកជន និង​អាចជា​វិនិយោគិន ក្នុង​វិស័យ​កសិកម្ម​»​។

​អគ្គនាយក​ក្រុមហ៊ុន​អ្រា​ហ្គ៊ី​ប៊ី លោក​យ៉ង ប៉ាក់ ប្រាប់ថា ជា​រៀង​រាល់​ឆ្នាំ លោក​សង្កេតឃើញថា ដោយសារតែ​កម្ពុជា​ជា​ប្រទេស​ផលិតកម្ម​កសិកម្ម ដូចនេះ​ត្រូវការ​ធនធានមនុស្ស​ផ្នែក​ជំនាញ​កសិកម្ម រាប់ទាំង​ក្សេត្រសាស្ត្រ​គ្រឿងយន្ត​កសិកម្ម កែច្នៃ​ ផលិតផល​កសិកម្ម​, បសុសត្វ ជាដើម មិនតិចជាង​ ១ ​ម៉ឺន​នាក់​ទេ​។ លោក​បន្ថែមថា មិនមែន មានន័យថា ទាល់តែ​រៀន​ក​សិ​កម្ម ឬ​ជំនាញ​កសិកម្ម​បានក្លាយ​ជា​ធនធានមនុស្ស ក្នុង​វិស័យ កសិកម្ម​នោះទេ​។ ក្នុង​វិស័យកសិកម្ម​ក៏ត្រូវ​ការជំនាញ​ហិ​​រញ្ញ​វត្ថុ ព័ត៌មានវិទ្យា បច្ចេកវិទ្យា ធុរកិច្ច ទីផ្សារ និង​ជំនាញ​ផ្សេងៗ​ទៀត​ដែរ​។

​លោក​ យ៉ង ប៉ាក់ បញ្ជាក់​ដូច្នេះថា​៖ «​ជារឿយៗ ពេល​យើង​ប្រ​កាស​ជ្រើសរើស​បុគ្គលិក យើងឃើញ​និស្សិត​ជាច្រើន ហាក់​មានការ​រើសអើង​មក​ក្រុមហ៊ុន នៅក្នុង​វិស័យ​កសិកម្ម​។ យើងសង្ឃឹមថា និស្សិត​បញ្ញវន្ត យើង​នឹង​ផ្លាស់ប្តូរ​ផ្នត់គំនិត​នេះ​។ ថ្វីដ្បិតតែ​អ្រា​ហ្គ៊ី​ប៊ី ជា​ក្រុមហ៊ុន ផ្តល់​សេវាកម្ម​ផ្នែក​កសិកម្ម តែ​មិនមែន​មានន័យថា យើង​ត្រូវការ​តែ​បុគ្គលិក​ជំនាញ​កសិកម្ម​ទេ​។ ក្រុមហ៊ុន​អ្រា​ហ្គ៊ី​ប៊ី ក៏ដូចជា​ក្រុម​ហ៊ុន កសិកម្ម​ផ្សេងទៀត​ដែរ តែងតែ​ស្វះស្វែង និង​ស្វាគមន៍ ដល់​ប្អូនៗ​និស្សិត​ដែល​ចង់​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​របស់​យើង រាប់ទាំង​អ្នក​ហាត់​ការ និង បុគ្គលិក​ពេញសិទ្ធិ​»​។​

​បើតាម​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​សាកលវិទ្យាល័យ​មាន​និស្សិត ចំនួន ១ ០៤៧​ នាក់​ក្នុងនោះ​ស្ត្រី​មាន​ចំនួន​ ៤២១ ​នាក់​ស្មើនឹង ​៤០%​។ RUA បាន​អភិវឌ្ឍ​កម្មវិធីសិក្សា​កាន់តែ​ប្រសើរ មានមុខ​វិជ្ជា​ច្រើនជាង​មុន វិធីសាស្ដ្រ​បង្រៀន​ថ្មីៗ គឺ​ចាប់ផ្តើម​ពី​មហា​​វិទ្យាល័យ​ជលផល និង​ក​សិ​ឧស្សាហកម្ម ដោយ​ផ្តោតលើ​ការអនុវត្ត​ផ្ទាល់ និង​ការចូលរួម ពី​និស្សិត​ដូច​ជាការ​ភ្ញាស់​កូន​ត្រី ការធ្វើ​ចំណី ការចិញ្ចឹម​ត្រី ការ​រៀបចំ​បែ​ឬ​ស្រះ និង​ការធ្វើ​ទីផ្សារ ដើម្បី​ធានា​គុណភាព​បណ្តុះ​ប​​ណ្តា​ល និង​សមត្ថភាព​ប្រកួត​ប្រជែង​របស់​និស្សិត​ក្នុង​ទីផ្សារការងារ​ក្រោយពេល​បញ្ចប់​ការ​សិក្សា​។

​ជាមួយគ្នានេះដែរ សាលាក៏បាន​ដាក់ឱ្យ​ដំណើរការ​នូវ​មជ្ឈមណ្ឌល​ការងារ ដែល​នឹង​ផ្តល់ព័ត៌មាន ជួយ​តម្រង់ទិស និង​ដើរតួនាទី​ជា​ស្ពាន​ត​ភ្ជាប់រវាង​និស្សិត​ជិត​បញ្ចប់​ឬ​ទើបបញ្ចប់​ការសិក្សា​ជាមួយនឹង​ទីផ្សារការងារ​៕