ភ្នំពេញៈ លោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ នៅវិមានរដ្ឋសភាបបានទទួលជួបសម្ដែងការគួរសម ជាមួយលោក លោក ចាស្ទីន ខេវិន វីយ៉ាត (Justin Kevin Whyatt) ឯកអគ្គរាជទូតអូស្ត្រាលីដែលត្រូវបានតែងតាំងថ្មីប្រចាំនៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាបានឱ្យដឹងថា លោក ហេង សំរិន បានស្នើឯកអគ្គរាជទូតថ្មីប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ជួយជំរុញពាណិជ្ជកម្មទ្វេភាគី និងបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ខណៈភាគីអូស្រា្តលីថា នឹងបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យជាច្រើនទៀត។
លោក ហេង សំរិន បានគូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានថា បេសកកម្មការទូតរបស់ លោក ចាស្ទីន ខេវិន វីយ៉ាតនៅកម្ពុជា ពិតជាមានសារៈសំខាន់ ដែលនឹងរួមចំណែកបន្ថែមទៀត ដល់ការបន្តរឹតចំណង នៃទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។
សេចក្ដីប្រកាសព័ត៌មានដដែននេះបានអះអាងថា លោក បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ អូស្ត្រាលីបានជួយឧបត្ថម្ភវ៉ាក់សាំង និងបរិក្ខារពេទ្យជាច្រើន ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ យ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី ដែលបានរួមចំណែក ក្នុងការស្វែងរក សន្តិភាព និងបន្តជួយក្នុងដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជា លើវិស័យជាច្រើន រួមមាន កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីនជាដើម។ ខណៈលោកស្នើដល់ភាគីអូស្ត្រាលីជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី លោកថា៖«ស្នើដល់ភាគីអូស្ត្រាលី បន្តជួយគាំទ្រកម្ពុជា តាមរយៈការជំរុញពាណិជ្ជកម្ម ទ្វេភាគី វិនិយោគ ទេសចរណ៍ និងជួយអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស ដោយបង្កើនការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជា បន្តការសិក្សានៅប្រទេសអូស្ត្រាលី»។
សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ផងដែរថា រដ្ឋសភាកម្ពុជា និងសភាអូស្ត្រាលី ក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ និងតែងតែគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា ក្នុងតំបន់ និងសកលោក។
លោក ចាស្ទីន ខេវិន វីយ៉ាត ត្រូវបានស្រង់សម្ដីនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ដោយបានថ្លែង អបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងការគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ ហើយលោកក៏បានអបអរសាទររដ្ឋសភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមក ជាពិសេសដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា ទៅកាន់ប្រទេសអូស្រា្តលីកាលពីឆ្នាំ២០២០ ក្នុងការចូលរួមវេទិកាសភា APPF។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖«អូស្ត្រាលី នឹងបន្តការគាំទ្រ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យជាច្រើនទៀត មានវិស័យសុខាភិបាល សេដ្ឋកិច្ច សន្តិសុខ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម សិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យជាដើម»។
យោងតាមប្រភពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២បានកើនឡើងជាលំដាប់ពីចំនួន ២០៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដល់ ៥២៣លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។ព្រមជាមួយគ្នានោះ កម្ពុជា និងអូស្ត្រាលីមានកម្មវិធី និងគម្រោងជាច្រើនដែលបាន និងកំពុងអនុវត្តក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្ត្រាលីដូចជា កម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា–អូស្ត្រាលី (CAVAC) កម្មវិធីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ (3i) កម្មវិធីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) កម្មវិធីភាពជាដៃគូមេគង្គ–អូស្ត្រាលី (MAP) និងកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។ ចុងក្រោយនេះគឺ កម្មវិធីភាពជាដៃគូកម្ពុជា–អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED) ដែលមានទំហំហិរញ្ញប្បទានឥតសំណងប្រមាណ ៦៥ លានដុល្លារអាមេរិក។
សូមជម្រាបថា កម្ពុជា-អូស្ត្រាលី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ជាយូរយារណាស់មកហើយ គឺតាំងពីឆ្នាំ១៩៥២ ហើយ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កាន់តែត្រូវបានលើកកម្ពស់យ៉ាងជិតស្និទ្ធ និងរីកចម្រើនស្ទើរគ្រប់វិស័យ៕