កំពតៈ បុរសម្នាក់បានរងរបួសធ្ងន់ និងស្ត្រីជាភរិយារួមនឹងក្មេងប្រុសស្រី ២ នាក់ទៀតបានរងរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថភ្លើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី ១៥ មីនា នៅចំណុចភូមិព្រែកអម្ពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ។
លោក ពុធ ស៊ើង ប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពតប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ មីនាថា បុរសរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ផាត សុភក្ត្រ អាយុ ៤១ ឆ្នាំ ជាមន្ត្រីពន្ធនាគារខេត្តកំពតជាម្ចាស់រថយន្តម៉ាកព្រុស។ចំណែកស្ត្រីជាភរិយារបស់បុរសរងគ្រោះ កូនប្រុសម្នាក់រួមនឹងក្មួយស្រីអាយុ៧ឆ្នាំបានរងរបួសស្រាល។ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង ១១ ថ្ងៃត្រង់ ថ្ងៃទី ១៥ មីនា នៅភូមិព្រែកអម្ពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។
លោកបានបន្តថា៖ «ភ្លាមៗក្រោយកើតហេតុ ទាំងបុរសរងគ្រោះ ទាំងសមាជិកគ្រួសាររបស់គាត់ដែលរបួសនោះត្រូវគេបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយស្ថិតនៅជិតរមណីយដ្ឋានភ្នំបូកគោ។គ្រោះថ្នាក់នេះរបួសធ្ងន់តែប្តីទេ»។
លោក ពុធ ស៊ើង ប្រាប់តាមសាក្សីនៅកន្លែងកើតហេតុថា នៅវេលាម៉ោង១១ និង១០នាទី គេបានឃើញរថភ្លើង១ខ្សែដឹកភ្ញៀវទេសចរចេញពីខេត្តកំពតឆ្ពោះទៅខេត្តព្រះសីហនុ។ចៃដន្យនៅពេលនោះស្រាប់តែគេឃើញរថយន្តព្រុស១គ្រឿងដែលមានក្មេង២នាក់និងស្ត្រីម្នាក់ជិះជាមួយបានបើកបរឆ្លងកាត់ផ្លូវរថភ្លើង ហើយពេលរថយន្តកំពុងបើកឆ្លងផ្លូវ ស្រាប់តែមានរថភ្លើងមកបុកតែម្តង។
លោកថ្លែងថា៖«កន្លែងគ្រោះថ្នាក់នោះជាផ្លូវឆ្លងកាត់ ហើយគាត់ចេញពីកន្លែងធ្វើការមកផ្ទះវិញដូចសព្វមួយដងដែរ ហើយក៏ជួបគ្រោះថ្នាក់អ៊ីចឹងទៅ»។
លោកបានបញ្ជាក់ថា បើតាមស្ថានភាពនៅចំណុចកើតហេតុនោះជាផ្លូវឆ្លងកាត់ ប៉ុន្តែពេលគ្រោះថ្នាក់នោះលោកមិនដឹងថា ភាគីខាងរថភ្លើងបានឱ្យសញ្ញាស៊ីផ្លេឬយ៉ាងណានោះទេ ព្រោះសមត្ថកិច្ចកំពុងស៊ើបបន្ត។ចំណែកឯបុរសរងគ្រោះបើតាមការពិនិត្យរបស់សមត្ថកិច្ចមិនឃើញមានជាតិអាល់កុលនៅក្នុងឈាមទេ។
ករណីនេះខាងភាគីរថភ្លើងក៏មិនបានរត់ទៅណាដែរ ក្រោយពេលកើតហេតុ ហើយសមត្ថកិច្ចជំនាញចរាចរណ៍កំពុងស្រាវជ្រាវបន្តទៀត ព្រោះមិនទាន់អាចកំណត់បានថាខាងណាខុស ខាងណាត្រូវទេ។
គួររំឭកដែរថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក៏មានគ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងរថភ្លើង និងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកម្ពុជា-ជប៉ុនខេត្តព្រះសីហនុ(ទំនប់រលក)ស្ថិតនៅសង្កាត់លេខ១ក្រុង-ខេត្តព្រះសីហនុ ប៉ុន្តែគ្រោះថ្នាក់នោះមិនបង្កឱ្យស្លាប់មនុស្សទេ ដោយគ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ៕