ភ្នំពេញៈ បេឡាជាតិរបបសន្តិសុខសង្គម (បសស) បានប្រមូលភាគទានផ្នែកប្រាក់សោធនសរុបចំនួន ១១១,៥៤ ប៊ីលានរៀល កាលពីឆ្នាំ ២០២២ ពីសហគ្រាសចំនួន ១១ ៧៩២ ឬស្មើ ៨៦,៨១ ភាគរយក្នុងចំណោមសហគ្រាសសរុបដែលជាប់ភាគទានចំនួន ១៣ ៥៨៤ សហគ្រាស។
តួលេខនេះ គឺជាលទ្ធផលនៃការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជននៅទូទាំងប្រទេស ដែលមានរយៈពេល ៣ ខែ បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តរបបផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតនេះចាប់ពីថ្ងៃទី ១ ខែកក្កដា និងការបង់ភាគទានចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២។
របាយការណ៍ស្តីពីលទ្ធផលសម្រេចបានឆ្នាំ ២០២២ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិរបបសន្តិសុខសង្គម ដែលត្រូវបានផ្សព្វផ្សាយកាលពីខែកុម្ភៈ ឱ្យដឹងថា គិតមកដល់ចុងឆ្នាំ ២០២២ បេឡាជាតិរបបសន្តិសុខសង្គម បានចុះបញ្ជិកាសហគ្រាសគ្រឹះស្ថានសរុបចំនួន ១៤ ៣៥២ និងមានសមាជិកសរុបចំនួន ២ ៥៨៤ ៧០៦ នាក់ ក្នុងនោះមានសមាជិកចុះបញ្ជិកាដោយស្ម័គ្រចិត្តសរុបចំនួន ២ ៧០៦ នាក់។
ចំពោះសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត បានចុះបញ្ជិកាថ្មី ក្នុងឆ្នាំ ២០២២ លើផ្នែកប្រាក់សោធន គឺមានចំនួន ៨៧២ សហគ្រាស និងមានកម្មករនិយោជិតចំនួន ៦១ ៤៧៨ នាក់ ខណៈក្នុងឆ្នាំនោះ បសស បានដាក់ឱ្យសហគ្រាស គ្រឹះស្ថាន ជាប់ភាគទានជាមធ្យមមានចំនួន ១៣៥៨៤ សហគ្រាស។
របាយការណ៍ បសស បញ្ជាក់ថា៖ «សហគ្រាស គ្រឹះស្ថាន ជាប់ភាគទានជាមធ្យម ១៣ ៥៨៤ សហគ្រាស ក្នុងនោះសហគ្រាស គ្រឹះស្ថានបានបង់ភាគទានជាមធ្យមមានចំនួន ១១ ៧៩២ សហគ្រាស និងមានកម្មករនិយោជិតបានបង់ភាគទានសរុបជាមធ្យមចំនួន ១ ៣៣៥ ៦០៩ នាក់ (ស្រី ៨៣៦ ២៨៨ នាក់) ឬស្មើនឹង ៨៦,៨១ ភាគរយ បានបង់ភាគទានទាន់ពេលវេលា»។
របាយការណ៍ បន្តថា៖ «ដោយឡែកសហគ្រាសប្រមាណជា ១៣,១៩ ភាគរយ មានការយឺតយូរ ឬបានធ្វើការស្នើសុំពន្យារពេលក្នុងការបង់ភាគទាន និងបានប្រមូលភាគទានសរុបចំនួន ១១១,៥៤ ប៊ីលានរៀល ក្នុងនោះភាគទានដោយស្ម័គ្រចិត្តចំនួន ០,២២ ប៊ីលានរៀល»។
លោក អ៊ុក សមវិទ្យា អគ្គនាយក បសស បាននិយាយថា តាមរយៈការចុះបញ្ញិកា ការបង់ភាគទាន ការបើកផ្តល់តាវកាលិក ការបង្ការហានិភ័យ ការងារ និងការគាំទ្រផ្សេងៗបានបង្ហាញឱ្យឃើញពីលទ្ធផលដ៏ល្អនៃការខិតខំ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា បសស បាននិងកំពុងបោះជំហានទៅមុខមួយកម្រិតទៀត បន្ទាប់ពីការអនុវត្តបានជោគជ័យនូវរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលទើបត្រូវបានដាក់ឱ្យអនុវត្តក្នុងពេលថ្មីៗនេះ។
យ៉ាងណាក្តី លោកបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គម ដែលកំពុងអនុវត្តទាំង ៣ ផ្នែកនេះ ជាពិសេសផ្នែកប្រាក់សោធន គឺនៅតែមានបញ្ហាប្រឈម ដោយសារតែការចុះបញ្ជិកា មិនទាន់បានគ្របដណ្តប់ទូលំទូលាយ ហើយការយល់ដឹងរបស់ពលរដ្ឋ រួមទាំងការផ្តល់សេវានៅតាមមូលដ្ឋាននៅមានកម្រិត ដែលទាមទារឱ្យមានការដោះស្រាយរួមគ្នាបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «បសស បានសង្កេតឃើញបញ្ហាមួយចំនួនទាក់ទងនឹងការអនុវត្តកាតព្វកិច្ចមិនទាន់បានល្អប្រសើរពីសំណាក់និយោជក និងកម្មករនិយោជិតមួយចំនួនតូច ការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល និងបញ្ហារបស់ បសស មួយចំនួនផងដែរ ត្រូវបានកែលម្អ ជាបន្តបន្ទាប់។ ការពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមរបស់ បសស គឺមានគោលបំណងដើម្បីធានាឱ្យបាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងប្រកបដោយបរិយាប័ន្ន និងសង្គតិភាព»។
យោងតាមរបាយការណ៍របស់ បសស ត្រឹមឆ្នាំ ២០២២ សម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារបានចុះបញ្ជីសរុបចំនួន ២០ ៤៤៨ សហគ្រាសដែលមានសមាជិកសរុបចំនួន ២ ៥៨៤ ៧០៦ នាក់ ផ្នែកថែទាំសុខភាពមានចំនួន ១៧ ៨២១ សហគ្រាសមានសមាជិកចំនួន ២ ៥៨៤ ៧០៦ នាក់ និងផ្នែកប្រាក់សោធនចំនួន ១៤ ៣៥២ សហគ្រាស មានសមាជិក ២ ៥៨៤ ៧០៦ នាក់។
ដោយឡែកសម្រាប់វិស័យសាធារណៈ គិតរហូតមកទល់ពេលនេះ ការចុះបញ្ជីផ្នែកហានិភ័យការងារមានចំនួន ៣៥ ស្ថាប័នមានសមាជិកសរុប ២៥៧ ៦៤៤ នាក់ និងផ្នែកថែទាំសុខភាពចំនួន ៣៩ ស្ថាប័ន មានសមាជិកសរុប ៤៣៩ ២៤៣ នាក់៕