ភ្នំពេញៈ មូលនិធិអាកាសធាតុបៃតង (GCF) បានអនុម័តគម្រោង ១ ដែលមានថវិកាចំនួន ៤៣ លានដុល្លារអាមេរិកក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពបបន្សុាំរបស់កសិករខ្នាតតូច សហគមន៍មូលដ្ឋាន និងតួអង្គខ្សែចង្វាក់តម្លៃផ្សេងទៀត នៃអាងទន្លេសាបប៉ែកខាងជើងដើម្បីទប់ទល់នឹងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុដែលកំពុងកើនឡើង។
ការអនុម័តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៥ របស់ GCF នាថ្ងៃទី ១៥ ខែមីនា នៅទីក្រុង Songdo ប្រទេសកូរ៉េខាងត្បូង។ គម្រោងនេះមានឈ្មោះថា «ភាពជាដៃគូរវាងរដ្ឋនិងឯកជនសម្រាប់កសិកម្មដែលមិនប៉ះពាល់បរិស្ថាន និងមុខរបរដែលមានភាពធន់នៅអាងទន្លេសាបខាងជើង (PEARL)» ដែលត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ដោយមានការគាំទ្របច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO)។
FAO បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ១៥ មីនាថា៖ «ចំនួនទឹកប្រាក់ដែលបានអនុម័តនេះនឹងផ្តល់មូលនិធិដល់គម្រោងរយៈពេល ៦ ឆ្នាំដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ៤៥០ ០០០ និងតួអង្គខ្សែចង្វាក់តម្លៃក្នុងស្រុកនៅក្នុងអាងទន្លេសាបខាងជើង»។
FAO បញ្ជាក់ថា អាងទន្លេសាបខាងជើង គឺជាតំបន់កសិកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា និងផ្តល់ធនធានចាំបាច់សម្រាប់គាំទ្រមុខរបររបស់ប្រជាជនកម្ពុជាជាង ៣ លាននាក់។
ប៉ុន្តែវាគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលត្រូវបានព្យាករថា នឹងរងគ្រោះកាន់តែញឹកញាប់ និងខ្លាំងឡើង ដោយសារការប្រែប្រួលអាកាសធាតុ ដោយធ្វើឱ្យភាពងាយរងគ្រោះផ្នែកសង្គមកាន់តែធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងថា មានសក្តានុពលដែលមិនទាន់បានប្រើប្រាស់នៅឡើយសម្រាប់កសិករខ្នាតតូចក្នុងតំបន់នេះដើម្បីជំរុញកសិកម្ម ដែលធន់នឹងអាកាសធាតុ មិនប៉ះពាល់ដល់បរិស្ថាន និងមានតម្លៃខ្ពស់។
លោកថ្លែងថា៖ «ដូច្នេះ ការអនុម័តគម្រោង PEARL នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រឈមនៃការសម្របខ្លួនជាបន្ទាន់របស់កសិករខ្នាតតូចនៅក្នុងតំបន់នេះ»។
គម្រោង PEARL ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកទទួលផលខ្សែចង្វាក់តម្លៃផ្សេងទៀត ដោយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានព័ត៌មានអាកាសធាតុ ក៏ដូចជាការផ្តល់ការប្រឹក្សាបច្ចេកទេសកសិកម្មដល់កសិករហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈមុខរបរកសិកម្មដែលផ្តោតលើទីផ្សារដោយទទួលបានព័ត៌មានពីអាកាសធាតុ។
លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំនៅកម្ពុជាថ្លែងថា គម្រោងនេះរៀបចំឡើងដោយមានភាពច្នៃប្រឌិតដែលប្រើយន្តការផ្អែកលើទីផ្សារដើម្បីពង្រឹងសនិទានភាពសម្រាប់កសិករ និងតួអង្គខ្សែចង្វាក់តម្លៃក្នុងស្រុកផ្សេងទៀត ដើម្បីអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ មាននិរន្តរភាព និងទទួលបានផលចំណេញតាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជនប្រកបដោយប្រសិទ្ធភាព។
លោកស្រី Rebekah Bell ថ្លែងថា៖ «គម្រោងនេះជួយកសិករខ្នាតតូច និងតួអង្គខ្សែចង្វាក់តម្លៃក្នុងស្រុកផ្សេងទៀតទទួលបាន និងប្រើប្រាស់ឱកាសទីផ្សារ និងឧបករណ៍ដែលនឹងកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគេចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម និងមុខរបរកសិកម្ម»។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មថ្លែងថា ទីផ្សារដែលកំពុងរីកចម្រើនសម្រាប់ទំនិញកសិកម្មសំខាន់ៗ (គ្រាប់ស្វាយចន្ទី ស្វាយ ស្រូវ និងបន្លែ) ដែលត្រូវបានកំណត់ដោយគម្រោងនេះផ្តល់ឱកាសដ៏ល្អក្នុងការលើកទឹកចិត្តកសិករខ្នាតតូច និងអ្នកដែលងាយរងគ្រោះក្នុងខ្សែចង្វាក់តម្លៃក្នុងស្រុក ដើម្បីប្រើប្រាស់បច្ចេកវិទ្យា និងការអនុវត្ត ដែលធន់នឹងអាកាសធាតុហើយធ្វើឱ្យប្រសើរឡើងនូវមុខរបររបស់ពួកគេព្រមទាំងបង្កើននូវសមត្ថភាពសម្របខ្លួនជារួម៕