ភ្នំពេញៈ កម្ពុជា-ជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យទាំងផ្នែកការទូត ការធ្វើពាណិជ្ជកម្ម និងការផ្តល់ជំនួយដល់កម្ពុជាដែលទំនាក់ទំនងនេះបាននិងកំពុងរួមចំណែកជួយដល់ការអភិវឌ្ឍនៅកម្ពុជា ខណៈវិនិយោគគិនជប៉ុន បានបង្ហាញការចាប់អារម្មណ៍លើការបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់។
ការវាយតម្លៃនេះ ធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: លោក អ៊ិត សំហេង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក អ៊ូអ៊ិណូ អាតស៊ូស៊ី (UENO Atsushi) នៅទីស្តីការក្រសួង នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ ។
ប្រភពពីក្រសួងការងារបានឱ្យដឹងថា ក្នុងជំនួបនោះ លោក អ៊ិត សំហេង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ដែលជប៉ុនបានជួយកម្ពុជាក្នុងការរួមចំណែកកសាង និងថែរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ។
លោកបានបន្តថា ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍ ៧០ ឆ្នាំនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលរយៈពេលកន្លងមកប្រទេសទាំង២បានឆ្លងកាត់ដំណាក់កាលជាច្រើន រហូតទទួលបានការរីកចម្រើនខ្ពស់បំផុត ឈានទៅរកការបង្កើតបានក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក អ៊ិត សំហេង បញ្ជាក់ថា៖ «កម្ពុជាចងចាំជានិច្ចនូវជំនួយរបស់ជប៉ុនក្នុងការស្វែងរកសន្តិភាព និងស្ថិរភាពក្នុងឆ្នាំ១៩៩១ និងជំនួយរបស់ជប៉ុនបានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជារហូតមកដល់បច្ចុប្បន្ន កាន់តែរីកចម្រើន ហើយជប៉ុននៅតែជាដៃគូសហប្រតិបត្តិការដ៏មានសារៈសំខាន់បំផុតជួយអភិវឌ្ឍស្ទើរគ្រប់វិស័យ រួមទាំងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយៈការផ្តល់ឥណទានជំនួយឥតសំណង»។
ប្រភពពីក្រសួងការងារដដែលបានឱ្យដឹងទៀតថា៖«ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការល្អរហូតកសាងបាននូវទំនុកចិត្តជាមួយគ្នាជាយូរលង់ណាស់មកហើយ ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារប្រទេសឡើងវិញ ក្រោយពីកម្ពុជាបានឆ្លងកាត់សម័យកាលដ៏លំបាកមួយ រហូតដល់កម្ពុជាទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ កសាងបាននូវទំនុកចិត្តពីអ្នកវិនិយោគទុនជប៉ុន ហើយកំពុងតែបន្តផ្តល់ភាពទាក់ទាញបន្ថែមទៀតដល់អ្នកវិនិយោគទុនមកបណ្តាក់ទុននៅកម្ពុជា»។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា កម្ពុជា និងជប៉ុន ត្រូវបានដំឡើងកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលជាកិច្ចសហប្រតិបត្តិការដ៏ល្អ និងផ្តល់ផលចំណេញទៅវិញទៅមក ទាំងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម។
ក្រសួងការងារឱ្យដឹងថា ភាគីទាំង ២ បានសម្តែងការពេញចិត្តថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតលើការជួយកែលម្អវគ្គបណ្តុះបណ្តាល ការបំពាក់សម្ភារសិក្សាតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: និងការបញ្ជូនអ្នកជំនាញឯកទេសជនជាតិជប៉ុន ក្រោមគម្រោង JICA។
ពាក់ព័ន្ធនឹងកម្មសិក្សាការី និងប្រព័ន្ធបញ្ជូន ភាគីទាំង២ នឹងបន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា បានទៅបំពេញការងារជាកម្មសិក្សាការី និងជាពលករ ហើយពេលដែលពួកគេត្រឡប់មកម្ពុជាវិញ យកចំណេះដឹង និងជំនាញរបស់ពួកគេមកចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាក់ទាញអ្នកវិនិយោគទុនជប៉ុនកាន់តែច្រើនទៀតមកកម្ពុជា។
បន្ថែមពីនេះ ភាគីទាំង ២ នឹងបន្តកិច្ចសហប្រតិបត្តិការលើគម្រោង ២ ទៀត គឺទី១ គម្រោងជួយធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារនៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគម្រោងអាស៊ាន/ជប៉ុន និងទី២ គម្រោងសុខភាពបន្តពូជសម្រាប់កម្មការិនីក្នុងវិស័យកាត់ដេរ៕