
លោក កឹម សុខា សំពះទទួលភ្ញៀវនៅក្នុងផ្ទះរបស់លោកនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្នើឱ្យសហមេធាវី លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ដាក់ពាក្យស្នើជាលាយលក្ខណ៍អក្សរក្នុងករណីចង់ជួបជនជាប់ចោទ កឹម សុខា ហើយប្រសិនបើក្នុងករណីបន្ទាន់សហមេធាវីអាចធ្វើការស្នើសុំដោយផ្ទាល់មាត់ មកតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេចបាន។
ការស្នើនេះធ្វើងឡើងបន្ទាប់ពីសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ កឹម សុខា កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ បានធ្វើសេចក្តីថ្លែងការណ៍មួយស្តីពី «ការរំលោភសិទ្ធិទទួលបានជំនួយមេធាវីរបស់លោក កឹម សុខា» ដោយបានលើកឡើងថា មានការរារាំង និងមិនអនុញ្ញាតឱ្យសហមេធាវីចូលជួបពិគ្រោះយោបល់ច្បាប់ជាមួយកូនក្តី ដែលនាំឱ្យសហមេធាវី មិនអាចអនុវត្តសិទ្ធិបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវចំពោះកូនក្ដីបាន។
ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែមីនា បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា រហូតមកដល់ពេលនេះ តំណាងអយ្យការមិនទាន់បានទទួលសំណើណាមួយរបស់សហមេធាវីការពារសិទ្ធិដើម្បីសុំជួបជនជាប់ចោទ កឹម សុខា ទេ។ ម្យ៉ាងទៀត សេចក្តីថ្លែងការណ៍របស់សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ជាការលើកឡើងប្រាសចាកពីការពិត និងធ្វើឱ្យមានការភាន់តច្រឡំពីសាធារណជន។
សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា នៅក្នុងផ្នែកនៃសេចក្តីសម្រេចនៃសាលក្រមព្រហ្មទណ្ឌថ្ងៃទី ៣ ខែមីនា ចំណុចទី៣ បានសម្រេចដាក់ជនជាប់ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឱ្យគោរពកាតព្វកិច្ចមួយចំនួនដូចជា មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយមិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬប្រយោល តាមប្រព័ន្ធបច្ចេកវិទ្យាក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា សហមេធាវីត្រូវពិនិត្យមើលក្នុងសាលក្រមឱ្យបានច្បាស់ និងអនុវត្តឱ្យបានត្រឹមត្រូវ។ ក្នុងករណីដែលសហមេធាវីការពារសិទ្ធិមានបំណងចង់ជួបជនជាប់ចោទ កឹម សុខា សូមរៀបចំការស្នើសុំជាលាយលក្ខណ៍អក្សរ ហើយប្រសិនបើក្នុងករណីបន្ទាន់សហមេធាវីអាចធ្វើការស្នើសុំ ដោយផ្ទាល់មាត់ មកតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេច។
សហមេធាវី លោក កឹម សុខា គឺលោក ចាន់ ចេន, លោក អាង ឧត្តម,លោក ផេង ហេង និងលោកស្រី ម៉េង សុភារី មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២៣ នេះ ដោយអ្នកខ្លះហៅទូរស័ព្ទចូលហើយ មិនមានអ្នកលើក និងអ្នកខ្លះទៀត ទូរស័ព្ទមិនចូល។
សូមរំឭកថា សហមេធាវីលោក កឹម សុខា កាលពីថ្ងៃទី ១៤ ខែមីនា បានទៅផ្ទះលោក កឹម សុខា បំណងជួបកូនក្តីដើម្បីពិគ្រោះយោបល់ច្បាប់ និងរៀបចំពាក្យបណ្ដឹងឧទ្ធរណ៍លើសាលក្រមព្រហ្មទណ្ឌដែលបានប្រកាសកាលពីថ្ងៃទី៣ ខែមីនា ប៉ុន្តែត្រូវបានកងកម្លាំងស្លៀកពាក់ស៊ីវិល ដែលយាមនៅមុខផ្ទះគាត់ រារាំង និងមិនអនុញ្ញាតឱ្យជួបពិគ្រោះយោបល់ច្បាប់ ជាមួយកូនក្តីរបស់ពួកគេឡើយ ដោយណែនាំឱ្យសហមេធាវីត្រូវសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងបន្តិចផងដែរក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ នាថ្ងៃទី ១៦ ខែមីនា ឱ្យដឹងថា លោកបានប្រាប់មន្ត្រីទូតមួយប្រចាំនៅកម្ពុជាថា សកម្មភាពរបស់មន្ត្រីទូត និងបរទេសមួយចំនួនបានធ្វើសកម្មភាព រួមចំណែកដាក់ទោសលោក កឹម សុខា ផងដែរ ដែលឥរិយាបថនេះបានបង្កើតនូវការមិនជឿទុកចិត្ត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសផងដែរថា លោកនឹងមិនចុះហត្ថលេខាលើកលែងទោស ឱ្យបុគ្គលណាមួយក្នុងសំណុំរឿងនេះឬរឿងនោះទេ៕