ភ្នំពេញៈ អង្គការទស្សនពិភលោក ធ្វើយុទ្ធនាការសៀវភៅអាន ១ ម៉ឺនក្បាល ដើម្បីកុមារ ដោយអំពាវនាវឱ្យមានការចូលរួមពីសារធាណជន ដើម្បីរួមគ្នាលើកកម្ពស់វប្បធម៌អាន និងកៀរគរថវិកាសម្រាប់ជួយដល់កុមារនៅតាមតំបន់ដាច់ស្រយាល ដែលការអានសៀវភៅជាការចាំបាច់។
យុទ្ធនាការសៀវភៅអាន ១ ម៉ឺនក្បាល ត្រូវបានធ្វើឡើងក្រោមប្រធានបទ «អានច្រើន ចេះច្រើន! អាន ដើម្បីជំរុញអក្ខរកម្មកុមារ» ខណៈយទ្ធនាការនេះ នឹងរៀបចំជាព្រឹត្តិការណ៍អំណានឮៗ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ នៅ COCONUT park ភ្នំពេញ ដើម្បីកៀរគរការចូលរួមពីសាធារណជន។
តាមការប្រកាសរបស់អង្គការទស្សនពិភពលោក បានឱ្យដឹងថា ព្រឹត្តិការណ៍អំណានឮៗ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមីនាខាងមុខនោះ គឺជាផ្នែកមួយនៃយុទ្ធនាការ ដើម្បីផ្តល់ជាវេទិកាមួយ សម្រាប់សារធាណជន ជាពិសេសអ្នកនិពន្ធសៀវភៅសម្រាប់កុមារ រួមទាំងអ្នកពាក់ព័ន្ធ បានជជែកពិភាក្សាគ្នាទៅលើប្រធានបទផងដែរ។
អង្គការនេះ បានអំពាវនាវយ៉ាងដូច្នេះថា៖«កម្មវិធីអំណានឮៗ (I Read Louder) បានត្រឡប់មកវិញហើយសម្រាប់ឆ្នាំ២០២៣។ តោះ ! ចូលរួមទាំងអស់គ្នា ដើម្បីអក្ខរកម្មកុមារកម្ពុជាជាមួយ"អំណានឮៗ" តាមរយៈការបរិច្ចាគជាសៀវភៅអាន (ឬសៀវវភៅ ១ក្បាល មានតម្លៃ ៣ដុល្លារ) ឬធ្វើការបរិច្ចាគជាថវិកាតាមរយៈគណនីធនាគារ ABA ០០០ ៨៨០ ៨៤៨»។
តាមអង្គការទស្សនពិភពលោក បានបញ្ជាក់ថា យុទ្ធនាការនេះ នឹងចាប់ផ្តើមទទួលជាសៀវភៅអាន ឬទទួលជាថវិកាតាមគណនីរបស់អង្គការចាប់ពីពេលនេះ រហូតដល់ដាច់ខែមីនា ឆ្នាំ២០២៣ ដើម្បីក្រុមការងារប្រមូលថវិកា និងសៀវភៅដែលទទួលបានទាំងនោះ ប្រគល់ជូនកុមារនៅតាមជំរុំអំណានជាង៧០០ ជំរំ នៅទូទាំងប្រទេស ដែលភាគច្រើនជំរំអំណានទាំងនោះ គឺស្ថិតនៅតំបន់ដាច់ស្រយាល។
លោក វ៉ា សុរិន ប្រធានកម្មវិធីអប់រំរបស់អង្គការទស្សនពិភពលោក បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៦ មីនាថាការវិនិយោគលើការអាន ជាពិសេសសម្រាប់កុមារ ពិតជាមានសារៈសំខាន់ណាស់។ យុទ្ធនាការនេះ គឺជាឆ្នាំទី២ ហើយ ដែលអង្គការទស្សនពិភពលោក បានបង្កើតឡើង ដែលមានទិសដៅក្នុងការកៀរគរការចូលរួមពីសារធាណជន ដើម្បីលើកកម្ពស់ការអានរបស់កុមារ។
លោក បានបញ្ជាក់ថា៖«សៀវភៅគឺជាឃ្លាំងផ្ទេរចំណេះដ៏សំខាន់បំផុតមួយសម្រាប់សិស្សានុសិស្សសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីមុខវិជ្ជាផ្សេងៗ តាំងពី វប្បធម៌ និងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀត។ សមត្ថភាពរបស់សិស្សានុសិស្សនៅតែពឹងផ្អែកយ៉ាងខ្លាំងក្លាលើការអាន និងមើលសៀវភៅដោយខ្លួនឯងនៅពេលទំនេរពីម៉ោងសិក្សា។ ការស្រាវជ្រាវបានរកឃើញថា ការអានសៀវភៅជាប្រចាំធ្វើឱ្យមានការចងចាំល្អ មានអារម្មណ៍តានតឹងតិច និងមានការផ្ចង់អារម្មណ៍ក្នុងការងារបានល្អ ជាងអ្នកដែលមិនអានសៀវភៅជាប្រចាំ»។
យោងតាមការស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ ២០១៤ ប្រទេសកម្ពុជា មានអត្រាអក្ខរកម្មទាបបំផុតទី២ នៅក្នុងបណ្តាប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឡាវ និងប្រហែល២៩ ភាគរយ នៃប្រជាជនសរុប គឺខ្វះជំនាញអាន និងសរសេរជាមូលដ្ឋាន។ ចំណែកការរកឃើញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនជាតិ (NYDC 2021) នៅកម្ពុជាបានបង្ហាញថា កម្ពុជាជាប្រទេសដែលមានយុវជន៣២ ភាគរយដែលមានអាយុពី១០ ដល់ ២៤ ឆ្នាំ និង ៧១ ភាគរយនៃយុវជនមិនបានសិក្សាជាផ្លូវការ៕