ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំបណ្ឌិត្យសភានគរបាលកម្ពុជាពាក់ព័ន្ធនឹងការងារសមភាពយេនឌ័រ ដោយបង្កើនសមាសភាពមន្ត្រីជាស្ត្រីយ៉ាងតិច ២ នាក់ នៅក្នុងអង្គភាពក្រោមចំណុះរបស់ខ្លួន។
លោកលើកឡើងថា នាពេលបច្ចុប្បន្ន សូម្បីតែអភិបាលរងខេត្ត ក៏ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានស្ត្រីយ៉ាងតិច ២ នាក់ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការណែនាំបែបនេះ កាលពីថ្ងៃទី១៦ មីនា ក្នុងពេលដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងមហាផ្ទៃ។
នៅក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើសេចក្តីរាយការណ៍ ពីដំណើរការនៃការរៀបចំផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជាថា ផែនការសកម្មភាពនេះស្របតាមផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ (២០១៩-២០២៣) និងផែនការយុទ្ធសាស្រ្តបណ្តាឆ្នាំកន្លងទៅរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ផែនការនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ និងគ្រប់គ្រងលើកកម្ពស់សមត្ថភាព បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យក្លាយជាស្ថាប័នដែលមានលក្ខណសម្បត្តិសមស្របតាមស្តង់ដាគុណភាព លើកកម្ពស់គុណភាពការស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល។
លោកបញ្ជាក់ថា ផែនការនេះ ក៏នឹងលើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារឱ្យក្លាយជាកងកម្លាំងសហការ និងកម្លាំងស្នូល ដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈពិតប្រាកដ គោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស មានស្មារតីទទួលខុសត្រូវលើការងារ ចេះប្រើប្រាស់ឧបករណ៍ និងសម្ភារបច្ចេកទេសទំនើប ព្រមទាំងបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិបានល្អប្រសើរ។
បន្ថែមពីនេះ លោក ស ខេង បានបង្ហាញការជឿជាក់ទៅលើការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ របស់ បណ្ឌិត្យសភានគរបាលកម្ពុជាថា អាចសម្រេចបានជោគជ័យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការសកម្មភាពនេះ ជាពិសេសគឺការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ គ្រប់កម្រិតទាំងនៅបណ្ឌិត្យសភានគរបាលកម្ពុជា និងនៅតាមសាលានគរបាលជាតិភូមិភាគ៕