ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាត្រូវបង្កើនល្បឿននៃការបំពេញកិច្ចការបន្ថែមទៀតទៅលើបញ្ហាជំងឺរបេង ថ្វីបើករណីស្លាប់បានថយចុះ តែអត្រាឈឺនិងស្លាប់នៅតែស្ថិតក្នុងអត្រាខ្ពស់នៅឡើយ ខណៈមានមនុស្សជាច្រើននៅពុំទាន់បានទទួលសេវាព្យាបាលជំងឺនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដូចនេះតាមរយៈសារលិខិតចុះថ្ងៃទី ៩ ខែមីនា និងបានចេញផ្សាយពីថ្ងៃទី ១៥ ខែមីនា ស្ដីពីការប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេងថ្ងៃទី ២៤ មីនា ២០២៣ ក្រោមប្រធានបទ «មែនហើយ យើងអាចបញ្ចប់ជំងឺរបេងបាន»។
កម្ពុជាបានស្រាវជ្រាវ និងព្យាបាលជំងឺរបេងដល់ប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះមានការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ ជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺនេះនៅកម្ពុជាមានការធ្លាក់ចុះច្រើនជាងប្រទេសដទៃ។
លោក ហ៊ុន សែន លើកឡើងថា៖ «ប្រទេសកម្ពុជាក៏នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា»។
បញ្ហានេះ តម្រូវឱ្យកម្ពុជាបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀតដើម្បីកាត់បន្ថយឱ្យបានកាន់តែច្រើនថែមទៀតនូវអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងសកលលោក។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ហ៊ុន សែន។
យោងតាមសារលិខិតដដែលបានបន្ថែមថា ជាក់ស្តែងអត្រាស្លាប់បានថយចុះពី ៤២ ករណីក្នុងចំណោមប្រជាជន ១ សែននាក់នៅឆ្នាំ ២០០០ មកត្រឹម ២១ ករណី ក្នុងចំណោមប្រជាជន ១ សែននាក់ ក្នុងឆ្នាំ ២០២១ ដែលធ្លាក់ចុះស្មើនឹង ៥០%។
រីឯអត្រាកើតជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៥៧៩ ករណីក្នុងចំណោមប្រជាជន ១ សែននាក់នៅឆ្នាំ ២០០០ មកនៅត្រឹម ២៨៣ ករណីក្នុងចំណោមប្រជាជន ១ សែននាក់នៅក្នុងឆ្នាំ ២០២១ ដែលស្មើនឹង ៥០%។
លោកហ៊ុន សែន បានបញ្ជាក់ថា៖ «នេះជាអ្វីដែលកម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងនេះរួចហើយនៅមុនកាលកំណត់ ៤ ឆ្នាំ។ ជោគជ័យរបស់កម្ពុជាក្នុងការកម្ចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះ អាចសម្រេចបាន»។
លោកថា លទ្ធផលដ៏គាប់ប្រសើរនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យនិងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស។
ទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំនេះ ធ្វើឡើងដើម្បីបន្តជំរុញនិងយកចិត្តទុកដាក់ថែមទៀតក្នុងការលើកកម្ពស់សុខភាពប្រជាជនឱ្យបានកាន់តែទូលាយនិងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ប្រយុទ្ធនឹងជំងឺរបេងរួមនឹងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ពីទំហំបញ្ហានិងផលវិបាកនៃជំងឺរបេងសំដៅរួមចំណែកលើកកម្ពស់សុខុមាលភាព តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញជំនឿយ៉ាងមុតមាំថា៖ «ប្រធានបទឆ្នាំនេះ ធ្វើឱ្យពិភពលោកទាំងមូលមានជំនឿថាមនុស្សទាំងអស់អាចបញ្ចប់ជំងឺរបេងបានដោយទាំងអស់គ្នារួបរួមបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឱ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវនិងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងនិងសម្រាប់ជនគ្រប់រូប»។
តាមការប៉ាន់ស្មាននៅក្នុងពិភពលោកក្នុង ១ ឆ្នាំៗប្រជាជនប្រមាណ ១០ លាននាក់បានកើតជំងឺរបេង ប៉ុន្តែអ្នកជំងឺប្រហែល ៣ លាននាក់ក្នុង ១ ឆ្នាំៗពុំទាន់បានទទួលសេវាថែទាំនិងព្យាបាលនៅឡើយ។ នេះបើតាមការបញ្ជាក់ពីលោក ហ៊ុន សែន ដោយលោករំពឹងថា ប្រធានបទនេះនឹងជំរុញការស្រាវជ្រាវរកឱ្យឃើញ និងព្យាបាលឱ្យជាសះស្បើយដល់អ្នកជំងឺរបេងប្រមាណ ៣ លាននាក់ទៅ ៤ លាននាក់នៅក្នុងពិភពលោកដែលពុំទាន់បានទទួលសេវា។
លោក ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន បានឱ្យដឹងថា ទាំងការស្រាវជ្រាវនិងការព្យាបាលជំងឺរបេងក្នុងឆ្នាំ ២០២២ កន្លងមក ទទួលបានលទ្ធផលល្អប្រសើរជាងក្នុងឆ្នាំ ២០២១ ពីព្រោះក្នុងឆ្នាំ ២០២១ កម្ពុជាមានបញ្ហាជំងឺកូវីដ ១៩។
លោកបានបន្តថា នៅឆ្នាំនេះ លោកសង្ឃឹមថា នឹងមានស្ថាប័នពាក់ព័ន្ធចូលរួមកាន់តែច្រើនដើម្បីអាចឈានដល់ការបញ្ចប់ជំងឺរបេង ខណៈកម្ពុជាបានបើកប្រទេសឡើងវិញ ក្រោយជំងឺកូវីដស្ងប់ស្ងាត់។
លោក ហួត ចាន់យុដា បានថ្លែងថា៖ «ទោះជាយ៉ាងណា ក៏យើងនៅតែមានកង្វល់ខ្លះដែរ ដោយសារតែយើងមានវិបត្តិកូវីដ ១៩ ក្នុងរយៈពេល ២ ឆ្នាំជាប់គ្នានេះអ៊ីចឹង!កាលដែលយើងស្រាវជ្រាវឬក៏ព្យាបាលវាហាក់បីដូចជាយើងត្រូវការជំនួយដើម្បីបន្តជួយទៅដល់កម្ពុជាយើងនេះឆ្លងផុតនូវអ្វីដែលជាហានិភ័យមួយសម្រាប់សុខភាពសាធារណៈ»។
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ដែរថា យុទ្ធនាការទិវារបេងពិភពលោកឆ្នាំ ២០២៣ នេះនឹងបន្តបំផុសឱ្យមនុស្ស នៅលើសកលលោកឱ្យមានការយល់ដឹងបន្ថែម និងធ្វើសកម្មភាពរួមគ្នាសកម្មជាងមុនដើម្បីឱ្យអ្នកសង្ស័យកើតជំងឺរបេងគ្រប់គ្នាទទួលបានការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងព្យាបាលជាសះស្បើយ៕