សៀមរាបៈ អាជ្ញាធរខេត្តសៀមរាប និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុននៅថ្ងៃទី១៧ខែមីនានេះបានផ្តល់ការហ្វឹកហាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យនៅបរិវេណតំបន់ផាប់ស្ទី្រត និងផ្សារចាស់ដល់ជនបង្គោល ជាមន្រ្តីនៃស្ថាប័នពាក់ព័ន្ធ និងអាជីវករ ពលរដ្ឋ ក្នុងការបង្កើនសមត្ថភាពចូលរួមជួយពន្លត់អគ្គិភ័យនៅពេលកើតមានឡើង។ នេះបើយោងតាមក្រសួងព័ត៌មាន។
ការហ្វឹកហាត់នេះត្រូវបានធ្វើឡើងក្រោយពេលដែលសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុនបានផ្តល់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យចំនួន ២ គ្រឿង និងដាក់ប្រចាំនៅតំបន់នោះ តាមរយៈគម្រោងការពារ អគ្គិភ័យនៅតំបន់ផ្សារចាស់ និងផាប់ស្រ្ទីត ក្រុងសៀមរាប។
តំបន់ផ្សារចាស់ និងផាប់ស្រ្ទីតគឺជាតំបន់ប្រមូលផ្តុំភ្ញៀវទេសចរនៅពេលយប់ដ៏សំខាន់របស់ខេត្តសៀមរាប ជាពិសេសនៅពេលមានកម្មវិធីបុណ្យជាតិធំៗ។ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ ភ្ញៀវទេសចរនឹងសម្រុកមកកម្សាន្តនៅទីនេះច្រើន។ ហេតុនេះការបង្ការអគ្គិភ័យជាកត្តាមួយដ៏សំខាន់ផងដែរ។
ម៉ាស៊ីនបូមទឹកចល័តនេះ ត្រូវបានដាក់នៅពីរ គោលដៅគឺ នៅផ្នែកខាងកើតផ្សារចាស់ និងផាប់ស្រ្ទីតចំនួន ១ គ្រឿង និងនៅខាងលិច ចំនួន ១ គ្រឿង ដោយម៉ាស៊ីនមួយមានទុយោទឹកចំនួន ៣០០ ម៉ែត្រ និងបូមទឹកចេញពី ស្ទឹងសៀមរាបផ្ទាល់។
អ្នកប្រើប្រាស់ម៉ាស៊ីននេះ គឺជាសន្តិសុខ និងអាជីវករនៅទីនេះ ផ្ទាល់តែម្តង ដោយពួកគាត់ត្រូវបែងចែកជាក្រុមៗ សម្រាប់ប្រតិបត្តិការករណីមាន អគ្គិភ័យកើតឡើងជាយថាហេតុ។ ពួកគាត់អាចប្រតិបត្តិការពន្លត់អគ្គិភ័យបានមុនពេលរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលមកដល់ នៅពេលដែលមានអគ្គិសភ័យកើតមានឡើង។ នេះបើយោងតាមក្រសួងព័ត៌មានដដែលនេះ៕