​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​បរទេស​ឱ្យ​បញ្ឈប់​ការធ្វើ​យុទ្ធនាការ​ប្រឆាំង​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការសាងសង់​មូលដ្ឋាន​កង​ទ័ពជើងទឹក​នៅ​ឆ្នេរសមុទ្រ​រាម ហើយ​លោក​បញ្ជាក់​សាជាថ្មី​ថា កម្ពុជា​មិនមាន​វត្តមាន​កងទ័ព​ចិន ​ឬ​កងទ័ព​បរទេស​នោះទេ​។​

​លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​គួរតែ​ដាស់តឿន​ចំពោះ​អ្នក​ទាំងឡាយ​នៅ​ខាងក្រៅ​។ យុទ្ធ​នា​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​តាមរយៈ​កំពង់ផែ​រាម កំពុង​បានចាប់ផ្តើម​ឡើងវិញ​។ ខ្ញុំ​ជូន​សារ​ទៅ​អ្នក​ទាំងឡាយ មិនចាំបាច់​ថត​ពី​ផ្កាយរណប​អី​ទេ​។ កម្ពុជា​បានប្រកាស​ហើយ​តើ​! ទៅ​បើក​ការដ្ឋាន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ទៅ​បើក​ការដ្ឋាន​តើ​! ហើយ​បើ​បើក​ការដ្ឋាន​ហើយ គេ​ធ្វើ​ហើយ កុំ​ខ្វល់​ពេក​។ ម៉េច​ក៏​ចាំបាច់​ថា អាហ្នឹង​ជា​ព័ត៌មាន​ចារកម្ម​បើ​គេ​បើក​ម៉ា​ចំហ​ហើយ​។ លើកលែងតែ​អ្នកឯង​ចង់​រករឿង​ខ្ញុំ​។ កំពុង​ពង្រឹងសមត្ថភាព​កំពង់​ផែ​យោធា​របស់​កម្ពុជា​មានអី​ខុស​»​។​

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​នា​ថ្ងៃទី ​១៦ មីនា​។​

​លោក​ថា ទឹកដី​នេះ​ជា​ទឹកដី​កម្ពុជា​។ កម្ពុ​ជាមាន​សិទ្ធិ​នឹងធ្វើ​ពង្រីក​សមត្ថភាព​កងទ័ព​ជើង​ទឹក​របស់ខ្លួន​។ ជម្រៅ​ទឹក​ដើម​នៅ​កំពង់ផែ​នេះ​ត្រឹមតែ​ ២,៧​ ម៉ែត្រ ទេ តែ​ពេលនេះ​ត្រូវតែ​បូម​វា​ឱ្យ​ជ្រៅ និង​ធ្វើ​មូលដ្ឋាន​កងទ័ព​ឱ្យ​ច្បាស់លាស់ ដោយ​មិន​ទៅ​គំរាម​កំហែង​អ្នកណា​នោះទេ​។ លោក​ថា គួរឱ្យ​ចង់​សើច ដែលមាន​អ្នក​​ខ្លះ​លើកឡើងថា កំពង់ផែ​រាម​អាចដាក់​បាន​នូវ​នាវា​ចុះចត​យន្តហោះ​របស់​ចិន​រហូតដល់​ទៅ​ ២​ គ្រឿង​។​

​លោក ហ៊ុន សែន ឆ្លើយតប​ថា​៖ «​ខ្ញុំ​សុំ​ប្រាប់​ទៅ​អ្នកឯង​វិញ ខួរ​ក្បាល​អ្នកឯង​អន់​ណាស់ អន់​យ៉ាងម៉េច​? ខ្ញុំ​គ្រាន់តែ​ចង្អុល​ប្រាប់ថា អ្នកឯង​សំណាង​គ្រាន់តែ​អ្នកឯង​បានកើត​នៅក្នុង​ប្រទេស​អ្នកមាន​តែប៉ុណ្ណោះ​ប៉ុន្តែ​ខួរក្បាល​អ្នកឯង​អន់​ណាស់​ដែល​អ្នកឯង​សរសេរ និង​និយាយ​បែបនេះ វិភាគ​បែបនេះ​។ ចាំបាច់​ទៅ​ចុះ​លើ​នាវា​ធើ​អី​! បើ​អា​ព្រលានយន្តហោះ​កងកេង​វា​នៅក្បែរ​ហ្នឹង ចុះ​នៅ​អា​លើគោក​ហ្មង​ទៅ​មើលៗ​នឹង​ស្រួល បើសិនជា​ចង់​ចុះ​។ បើសិនជា​ចង់​ចុះ​ហើយ យើង​ឯកភាព​ឱ្យ​ចិន​ចុះ ចាំបាច់​ទៅ​ចុះ​អា​ក្នុង​ទឹក​ធើ​អី ម៉េច​ក៏​ភ្លើ​ម្ល៉េះ។ អ៊ីចឹង​បាន​ខ្ញុំ​តែង​និយាយថា ពួកអ្នកឯង​សំណាង​បានកើត​នៅក្នុង​ប្រទេស​អ្នកមាន អ្នកឯង​ប្រដៅ​ខ្ញុំ តែ​ខួរក្បាល​របស់​ពួកអ្នកឯង​មិន​ប្រាកដថា ពូកែ​ជាង​ខ្ញុំ​កើត​ក្នុងប្រទេស​អ្នកក្រ​ទេ​»​។​

​គួរ​បញ្ជាក់ថា កាលពី​ខែមិថុនា ឆ្នាំមុន លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​និង​លោក វ៉ាង វិ​ន​ធាន​ ​(Wang Wentian)​ ឯក​អគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា​បាន​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្តារ​ឃ្លង​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ក្រោម​ជំនួយឥតសំណង​របស់​ចិន​។​

​លោក​ហ៊ុន សែន បន្តថា​៖ «​អ៊ី​ចឹ​ង​សុំ​ផ្តាំ​ទៅ​អ្នកធ្វើ​យុទ្ធនាការ​ប្រឆាំង​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​បញ្ឈប់​ទៅ​គេ​ធ្វើ​នៅតែ​ធ្វើ​ហ្នឹង​។ អី​សុទ្ធតែ Satellite [​ផ្កាយរណប​] ចាប់​អី​ណា​! អឺ​ល្អ​អ្នកឯង​ទុក​អា Satellite នៅ​ហ្នឹង​ទៅហើយ​ខ្ញុំ​នឹងធ្វើ​បង្ហាញ​អ្នកឯង​ថា ១ ​ថ្ងៃ​វា​កើន​បាន​ប៉ុន្មាន​ជាន់​ព្រោះ​ឥឡូវ​ចាក់គ្រឹះ​រួចហើយ​។ បើ​ចាក់គ្រឹះ​រួចហើយ គេ​ឡើង​លឿន​ហើយ​កុំ​ឆ្ងល់​ពេក​។ បើ​ប៉ុន្មាន​ជាន់​វា​ឡើង​ទៅដល់​ហ្នឹងហើយ​។ ចាំបាច់​អ្នក​ឯង​មក​ចុះ​កាសែត​ធើ​អី ហើយ​និយាយ​ពី​រឿង​បូម គេ​ប្រាប់ថា គេ​បូម​តើ​!»​។

​លោកនាយក​រដ្ឋ​មន្ត្រី​បញ្ជាក់ថា ជម្រៅ​ទឹក ​២,៧ ​ម៉ែត្រ​នេះ ចូល​ចត​បានតែ​កូន​នាវា​ល្បាត​ប៉ុណ្ណោះ ប៉ុន្តែ​កម្ពុជា​ក៏ត្រូវ​ពង្រឹង សមត្ថភាព​កងទ័ព​ជើង​ទឹក​របស់​កម្ពុជា​ផងដែរ ហើយ​រាជរដ្ឋាភិបាល​ទម្រាំ​តែ​រកទុន​បាន​ពី​ចិន​ដើម្បី​យកមក​ធ្វើការ​សាងសង់​នេះ គឺ​មិនមែនជា​ការងាយ​នោះទេ ពីព្រោះ​កម្ពុ​ជាមាន​សិទ្ធិ​ទៅយក​ទុន​ពី​ដៃគូ​នានា​ដើម្បី​យកមក​ធ្វើ​។ «​អ៊ីចឹង​មិន​ចាំ​បាច់​ថា យក​ព័ត៌មាន​ពីនេះ​ហើយ Satellite ចាប់​ម្តង​ឃើញ​អ៊ីចេះ ម្តង​ឃើញ​អ៊ីចុះ​។ ខ្ញុំ​ប្រាប់​ទៅ​អ្នក​​ឯង​វិញ​ថា ថ្ងៃក្រោយ អគារ​ហ្នឹង​វា​នឹង​ឡើង​ខ្ពស់ អ្នកឯង​ចាំតែ​មើលទៅ វា​ខ្ពស់​មែនហើយ​។ ចាំបាច់​ចាប់ Satellite ធើ​ខ្មោច​អី​!​។ ល្ងង់​អី​ក៏​ល្ងង់​ម្ល៉េះ​!»​។

​លោក​ហ៊ុន សែន រំឭកថា បរទេស​មួយចំនួន​បាន​ខិតខំ​ដើរ​ពន្យល់​បណ្តា​ប្រទេស​អាស៊ាន ឱ្យ​យល់​អំពី​នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ តែ​មិនមែនជា​អាវុធ​នុយក្លេអ៊ែរ ក្នុងពេលដែល​តំបន់​អាស៊ីអាគ្នេយ៍ គឺជា​តំបន់​គ្មាន​នុយក្លេអ៊ែរ ហើយ​លោក​ចោទ​ជា​សំណួរ​ថា ហេតុ​អី​បានជា​ពួកគេ​មក​ពន្យល់​លោក​ហើយ​លោក​ក៏​ទទួល​ការយល់ ឯ​លោក​ពន្យល់​ពួកគេ​វិញ​តែ​ពួកគេ​មិន​ព្រម​យល់​។

​លោក​ថា​៖​ «​ថ្ងៃមុន​ខ្ញុំ​និយាយ​ជាមួយ​ទូត​អូស្ត្រាលី​យ៉ាងច្បាស់​។ ខ្ញុំ​ថា ខ្ញុំ​យល់ ខ្ញុំ​ថា អាហ្នឹង​មិន​មែន​អាវុធ​នុយក្លេអ៊ែរ​ទេ គឺ​នាវាមុជទឹក ដើរ​ដោយ​នុយក្លេអ៊ែរ​ទេ​។ ខ្ញុំ​យល់​តើ​អាហ្នឹង​!​ប៉ុន្តែ​ហេតុ​អី​បាន​ពួក​អ្នក​ឯង អត់​ព្រម​យល់​ពី​ខ្ញុំ​វិញ នូវ​ការដែល​ខ្ញុំ​ពន្យល់ថា ខ្ញុំ​មានការ​ចាំបាច់ ដើម្បី​កសាង​សមត្ថភាព​កងទ័ពជើងទឹក​ដើម្បី​ការពារ​អធិបតេយ្យ ប្រយុទ្ធ​ប្រឆាំងនឹង​ការរត់ពន្ធ​មនុស្ស រត់ពន្ធ​គ្រឿង​ញៀន ការនេសាទ​ខុសច្បាប់ ឬ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅក្នុង​សមុទ្រ​របស់​កម្ពុជា​»​។​

​លោក ​ហ៊ុន សែន លើកឡើងថា កម្ពុ​ជាមាន​សិទ្ធិ​គ្រប់គ្រាន់​អនុ​វត្ត​នូវ​រដ្ឋធម្មនុញ្ញ និង​ការពារ​ទឹកដី​របស់ខ្លួន ហើយ​ថា​៖ «​កម្ពុជា​សុំ​បញ្ជាក់​សាជាថ្មី មិនមាន​វត្តមាន​កង​ទ័ព​ចិន ឬ​កងទ័ព​បរទេស​នៅ​កម្ពុជា​ទេ​»​។

លោក​ថា បន្ទាប់​ពី​ការសាងសង់​រួច​កម្ពុជា​នឹង​ស្វា​​គម​ន៍​គ្រប់​ប្រទេស​ទាំងអស់​ចូល​ចត​នាវា​មក​ក្នុង​កំពង់ផែ​កម្ពុជា ហើយ​អាចធ្វើ​សមយុទ្ធ​ជាមួយគ្នា ហើយ​ថា​៖ «​នេះ​ជាការ​ចោទ​ប្រកាន់​មួយ​ដែល​មិន​ព្រម​យល់​។ បើ​អ្នក​មិន​ព្រម​យល់ ខ្ញុំ​ក៏​មិន​ព្រម​យល់​ដល់​អ្នកណា​ដែរ​»​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក យង់​​ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី ​១៦​ មីនា​ថា អ្នកនយោបាយ​មិន​ថា ក្រៅ​ស្រុក ក្នុងស្រុក​នោះទេ មិនគួរ​យក​បញ្ហា​នេះ យកមក​ដុត​រោល​នយោបាយ​កម្ពុជា ខណៈពេល​ជិត​បោះឆ្នោត​នោះទេ ពីព្រោះ​វា​ធ្វើឱ្យ​កម្ពុជា​មានការ​​ខាតបង់ អាច​ចលាចល អាចមាន​ការភាន់ច្រឡំ​ដោយ​ប្រជា​ពលរដ្ឋ​មិនបាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ច្បាស់លាស់​អំពី​បញ្ហា​នេះ​ដោយសារតែ​ការរើសអើង​ជាតិ​សាសន៍​ផង​ទៀត​។

​លោក​បាន​ថ្លែងថា​៖ «​យើង​គួរតែ​បញ្ជាក់ថា យ៉ាងនេះ គឺ​កម្ពុជា​ដ្បិតតែ​បានបញ្ជាក់​ហើយ​ថា មិន​ចងសម្ព័ន្ធ​យោធា និង​ក៏​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ការ​​បញ្ជូន​កងទ័ព​ទៅ​ក្រៅ​ស្រុក​អី​ជាដើម គឺ​កម្ពុជា​មិន​ធ្វើ​ទេ លើក​លែង​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជាជាតិ​។ ប៉ុន្តែ​កម្ពុ​ជាមាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​អធិបតេយ្យ​របស់ខ្លួន ក្នុង​ការទទួល​ជំនួយ​យោធា អភិវឌ្ឍ​វិស័យ​យោធា បច្ចេកវិទ្យា​សព្វាវុធ​អី​។ អាហ្នឹង​យើង​ទទួល​ជំនួយ​ហ្នឹង​។ បើ​គេ​ជួយ​សាងសង់ គេ​ជួយ​ធ្វើ គេ​ជួយ​យុទ្ធោបករណ៍ កម្ពុជា​ទទួលយក ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់ខ្លួន​»៕

វីដេអូ៖