
ព្រះរាជដំណាក់នៅក្រុងសៀមរាប ដែលត្រូវបានភ្លើងឆេះ កាលពីយប់ថ្ងៃទី ១២ មីនា។ រូបថត សហការី
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមសម្តែងការសោកស្តាយនូវការឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប និងប្រកាសពីការជួសជុលឡើងវិញ ទោះចំណាយអស់ថវិកាប៉ុន្មានក៏ដោយ ខណៈលោកក៏អំពាវនាវដល់សាធារណជនកុំឱ្យមានការបកស្រាយលើសពីអ្វីដែលជាការពិត។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយនៅថ្ងៃទី ១៦ មីនា លោកនាយករដ្ឋមន្ត្រីបានថ្លែងដោយសម្តែងការសោកស្តាយក្នុងហេតុការណ៍ ឆេះព្រះរាជដំណាក់នៅខេត្តសៀមរាបខណៈលោកបញ្ជាក់ថា បញ្ហានៅចំពោះមុខគឺការជួសជុលឡើងវិញឱ្យបានលឿនបំផុត។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវបញ្ហាធំ គឺសម្រុកជួសជុលឡើងវិញ ហើយការជួសជុលនេះ ខ្ញុំបានអនុញ្ញាតតាំងពី ១ ថ្ងៃក្រោយភ្លើងឆេះ តាមរយៈសំណើរបស់សម្តេច គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ មិនមែនគ្រាន់តែជួសជុលកន្លែងឆេះនោះទេ ឆេះនោះមិនមែនឆេះដំណាក់ធំទេ គឺឆេះផ្នែកមួយ ប៉ុន្តែឆេះកន្លែងណាក៏ដោយយើងមានការសោកស្តាយពីបញ្ហានេះ»។
ជាមួយគ្នានេះដែរលោក បានជំរុញទៅកាន់ «សម្តេចចៅហ្វាវាំង គង់ សំអុល» ឱ្យពន្លឿនការជួសជុលនេះឡើងវិញឱ្យបានឆាប់បំផុត។
លោកថា៖ «រឿងលុយរឿងកាក់ មិនខ្វល់ថា អស់ប៉ុន្មានទេ ត្រូវធ្វើព្រះរាជដំណាក់នេះ ព្រោះព្រះរាជដំណាក់នេះ គឺជាព្រះរាជដំណាក់ដែលព្រះករុណាបិតា ព្រះអង្គបានគង់នៅទីនោះ ដើម្បីដឹកនាំតំបន់ស្វយ័ត និងយកតំបន់ស្វយ័តជាមូលដ្ឋានតស៊ូ ដើម្បីឯករាជ្យចេញពីបារាំង»។
ជុំវិញការឆេះព្រះរាជដំណាក់នេះ គេសង្កេតឃើញមានបុគ្គលមួយចំនួន ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ដែលកំពុងរស់នៅក្រៅប្រទេស បានឆ្លៀតយកឱកាសនេះចោទថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលជាអ្នកដុតទៅវិញ។ ជុំវិញការចោទប្រកាន់នេះត្រូវបានលោកនាយករដ្ឋមន្ត្រី បដិសេធ ដោយចាត់ទុកថា ជាការចោទប្រកាន់ដោយគ្មានភ័ស្តុតាង និងអំពាវនាវដល់សាធារណជន កុំបកស្រាយលើសពីអ្វីដែលជាការពិត។
លោកសង្កត់ធ្ងន់ថា៖ «ត្រឹមតែកម្រិតនៃសេចក្តីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង ទាក់ទងនឹងការឆេះព្រះរាជដំណាក់នោះបានហើយ កុំទៅហួសពីនេះ ដែលពួកទម្មិឡឥតសាសនាបកស្រាយពីខាងក្រៅថា នេះគឺជាការរៀបចំមួយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល»។
ជាមួយគ្នានេះ លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំសូមអំពាវនាវថ្វាយដល់បារមីព្រះអង្គចេក ព្រះអង្គចម អ្នកណាបកស្រាយខុស សូមឱ្យបារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីដល់ពួកតិរច្ឆាននេះឱ្យសោះចំពោះអ្នកបំភ្លៃការពិត។ អ៊ីចឹងយើងអត់មានធ្វើអីកើតទេ ព្រោះវានៅក្រៅប្រទេសបានហ៊ាននិយាយ បើនៅក្នុងប្រទេសវ៉ៃខ្នោះមិនឱ្យលើសពីប៉ុន្មានម៉ោងទេ ព្រោះអ្នកឯងមានភ័ស្តុតាងពីណា»។ លោកបានសម្តែងក្តីបារម្ភថា អ្វីដែលរដ្ឋាភិបាលខ្លាចបំផុតគឺមហន្តរាយកើតឡើង ការឆេះផ្ទះ និងទុស្សេខ្សែភ្លើងនេះឯង។
ពាក់ព័ន្ធការឆេះនេះដែរ លោកថ្លែងថា លោកបានយកចិត្តទុកដាក់ជាខ្លាំង និងបានតាមដានហេតុការណ៍ជាមួយអភិបាលខេត្តសៀមរាបថែមទៀតផង។
លោកថា៖ «ថ្ងៃនោះ ខ្ញុំនៅបន្តតាមដានជាមួយអភិបាលខេត្ត តាមរយៈអនឡាញ។ នៅមុនម៉ោង ៥ ភ្លឺ សម្តេចចៅហ្វាវាំង គង់ សំអុល បានទាក់ទងមក ដើម្បីរៀបចំឧទ្ធម្ភាចក្រទៅទីនោះព្រោះរឿងរាជវាំង យើងអត់សូវដឹងទេមានតែបង គង់ សំអុល ដែលដឹង អ៊ីចឹងគាត់ទៅសៀមរាបហើយមកវិញបានលើកគម្រោងពីការជួសជុល»។
យ៉ាងណាមិញលោក ហ៊ុន សែន បានអំពាវនាវសូមឱ្យយកចិត្តទុកដាក់ពាក់ព័ន្ធបញ្ហាអគ្គិភ័យ ឬទុស្សេខ្សែភ្លើងចាប់ពីពេលនេះរហូតដល់រដូវភ្លៀងធ្លាក់។
ក្រោយកើតហេតុនោះ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១៣ ខែមីនា ថា៖ «នៅយប់ថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២៣ វេលាម៉ោង ២២ និង ០៥ នាទី មានអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូចនៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)»។
ជាមួយគ្នានោះដែរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ បានចេញព្រះរាជសារនៅថ្ងៃទី ១៤ ខែមីនា ដោយបានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនដល់ជនរួមជាតិនិងអន្តរជាតិ ដែលបានផ្ញើសារផ្ទាល់ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន ដើម្បីសម្តែងនូវសមានចិត្តសោកស្តាយចំពោះព្រឹត្តិការណ៍នៃឧបទ្ទវហេតុ យ៉ាងតក់ស្លុត និងរន្ធត់បំផុតលើការឆេះព្រះរាជដំណាក់ខេត្តសៀមរាប។
ព្រះរាជសារបន្តថា៖ «ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងព្រះបរមរាជវាំងព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ក្រុមពន្ធត់អគ្គិភ័យ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដែលបានជួយអន្តរាគមន៍បានភ្លាមៗ»។
សូមជម្រាបថា ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង ៧០ ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ ជាប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនឹងព្រះរាជបូជនីយកិច្ចតស៊ូទាមទារឯករាជ្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ពីអាណានិគមបារាំង៕