កំពង់ស្ពឺៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនៅក្នុងទីតាំង បុរីកម្មករ ក្រុងច្បារមន នាថ្ងៃសុក្រ ទី ១៧ ខែមីនា នេះ ដោយមានរោងចក្រ សហគ្រាសធំៗចំនួន ៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនីជាង ៥ ពាន់នាក់។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់កម្មករ កម្មការិនីរោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមក។
បើតាមក្រសួងការងារ ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារបន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់កម្មករ កម្មការិនីឱ្យឆាប់ទទួលបានការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និង ប្រាក់ចំណូលរបស់កម្មករ កម្មការិនី បន្ថែមពីលើការទទួលបាននូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារក្នុងពេលរីករាលដាលជំងឺកូវីដ ១៩។
ព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ, មន្ទីរការងារខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេស កម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ សូមទាក់ទងទៅ NEA តាមរយៈលេខទូរស័ព្ទ 016 786655៕