
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែមីនានេះបានជូនដំណឹងដល់សាធារណជនពីការបញ្ចៀសចរាចរក្នុងអំឡុងពេលសាងសង់ស្ពានអាកាសព្រះមុនីវង្ស ក្រោយពីបានបើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយការកកស្ទះចរាចរណ៍នេះដើមខែមីនានេះ។
យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ក្រោយពីបានប្រជុំពិភាក្សារកដំណោះស្រាយការកកស្ទះចរាចរណ៍កាលពីថ្ងៃ១ ខែមីនា នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចមក រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍បានមួយចំនួនធំ។ ទន្ទឹមនោះរដ្ឋបាលរាជធានីភ្នំពេញ សង្កតឃើញថានៅពេលខ្លះមានការកកស្ទះចរាចរណ៍កើតឡើងខ្លះទៀត។
ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំថា ចំពោះការធ្វើដំណើរចូលរាជធានីភ្នំពេញដោយរថយន្តធុនធ្ងន់ រថយន្តកុងតឺន័រ រថយន្តធុនធំត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ ឆ្លងស្ពានព្រែក សំរោង ចូលរាជធានីភ្នំពេញ តាមពេលវេលា និងម៉ោងកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមិនអនុញ្ញាតឱ្យឆ្លងកាត់តាមស្ពានព្រះមុនីវង្សឡើយ។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ឆ្ពោះទៅមូលដ្ឋាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ ត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ តាមស្ពានព្រែកសំរោងចូលរាជធានីភ្នំពេញ ឬតាមសាឡាងចម្លងកោះនរា ដែលចូលតាមផ្លូវទល់មុខវត្តនិរោធ និងផ្លូវស្ថានីយទូរទស្សន៍បាយ័ន ហើយបន្តដំណើរទៅគោលដៅ។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២ ឆ្ពោះទៅ មូលដ្ឋានខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌចំការមន ត្រូវបង្វែរទិសតាមមហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) និងមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បត់តាមផ្លូវផ្សារជីបម៉ុង ចេញតាមផ្លូវលេខ ២១៧ ធ្វើដំណើរសំដៅទៅគោលដៅ។
ចំពោះការធ្វើដំណើរចេញពីរាជធានីភ្នំពេញវិញ សាលាក្រុងបានណែនាំថា ពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅផ្លូវជាតិលេខ២ ទៅខេត្តកណ្តាល ឬមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ ហើយដែលកំពុងធ្វើដំណើរតាមមហា វិថីព្រះមុនីវង្ស ត្រូវបង្វែរទិសតាមផ្លូវលេខ៤៨៨ ឆ្ពោះទៅ រង្វង់មូលផ្សារដើមថ្កូវ ឆ្ពោះទៅផ្លូវលេខ ២៧១ សំដៅទៅផ្លូវលេខ ៣៧១ ឬតាមផ្លូវផ្សារជីបម៉ុង ចេញតាមផ្លូវ ៦០ ម៉ែត្រ និងតាមមហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) ឆ្ពោះទៅគោលដៅរបស់ខ្លួន។
ដោយឡែក ប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ឬទៅខេត្តកណ្តាល ត្រូវធ្វើដំណើរ តាមមហាវិថីព្រះនរោត្តម ឡើងស្ពានអាកាសក្បាលថ្នល់បត់ត្រលប់ក្រោយរួចឆ្លងស្ពានព្រះមុនីវង្ស ឬធ្វើដំណើរតាមសាឡាងចម្លងពីកោះពេជ្រ ទៅកោះនរាតែម្ដង ឬពីសាឡាងចម្លងសណ្ឋាគារសុខា រ៉េស៊ីដង់ភ្នំពេញ ទៅកោះនរា នៅពេលដែលសាឡាងចម្លងនេះដាក់ឱ្យដំណើរការសាកល្បងដើម្បីធ្វើដំណើរទៅគោលដៅ។
សាលាក្រុងក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវពិនិត្យលទ្ធភាពក្នុងការពង្រីកទ្រូងផ្លូវឱ្យធំ ជាបណ្តោះអាសន្នសិន ពេលសំណង់ស្ពានអាកាសនេះត្រូវបានបញ្ចប់ត្រូវរៀបចំឱ្យមកដូចស្ថានភាពដើមវិញ៕