សៀមរាបៈ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទបានប្រារព្ធពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជថ្នាក់ទី ១ និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី ១២ នៅថ្ងៃទី ១៦ និងថ្ងៃទី ១៧ ខែមីនានេះនៅវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប។ នេះបើយោងតាមក្រសួងព័ត៌មាន។
ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌បានមានសង្ឃដីកាក្នុងឱកាសនោះថា ទោះបីជាមានស្នាមព្រះហស្ថធំ និងទទួលបាននូវគោរមងារ ដ៏ខ្ពង់ខ្ពស់យ៉ាងណា ក៏សម្តេចព្រះសង្ឃរាជ នៅតែមានសកម្មភាពសាមញ្ញបំផុត ហើយគ្រប់បន្ទូលរបស់ព្រះអង្គគ្រប់ម៉ាត់សុទ្ធតែមានន័យខ្លឹមសារទាំងអស់។ ដែលហេតុផលទាំងអស់នេះហើយ ដែលញ៉ាំងឱ្យមានពិធីរំឭកគុណកើតឡើងនៅថ្ងៃនេះ។
សម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានចាត់ទុកជាអ្នកប្រាជ្ញរបស់ខ្មែរមួយ ដែលមួយព្រះជន្មរបស់ព្រះអង្គបានបំពេញព្រះរាជបេសកកម្មយ៉ាងធំធេងក្រៃលែង ក្នុងវិស័យសាធារណការ សង្គមកិច្ច និងវិស័យសិក្សាធិការដូចជា ព្រះអង្គបានកសាង គម្ពីរដីកាជាច្រើន ទាំងស្លឹករឹត ទាំងសៀវភៅ ដែលព្រះអង្គបានប្រែពីបាលី មកជាភាសាខ្មែរសំរាយសម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាបរិស័ទរៀនសូត្រនិងបានរៀបរៀងវចនានុក្រមភាសាខ្មែរសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ បានសិក្សារៀនសូត្រដល់សព្វថ្ងៃនេះ។
ដោយស្នាព្រះហត្ថដ៏ធំធេងរបស់ព្រះអង្គ ទើបរាជរដ្ឋាភិបាល សម័យសង្គមរាស្ត្រនិយម និងប្រជារាស្ត្រខ្មែរបានព្រះរាជទាន និងផ្តល់ឋានៈព្រះអង្គជាព្រះរាជអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកិត្តិយស នៃសមាគមអ្នកនិពន្ធខ្មែរ ហើយបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន។ ក្នុងនោះរួមមាន វចនានុក្រមខ្មែរ ព្រះរាជនិពន្ធទំនុកច្រៀងបទនគររាជសម្រាប់ការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា បទគោរពទង់ព្រះពុទ្ធសាសនា បទសារភញ្ញជាដើម។ល។
ក្នុងឆ្នាំ ១៩៦៣ ទ្រង់បានទទួលព្រះឋានៈជាសម្តេចព្រះសង្ឃរាជថ្នាក់ទី ១ នៃកម្ពុជា ក្នុងនោះសម្តេចទ្រង់បានរដ្ឋាភិបាលភូមាថ្វាយព្រះឋានៈជាព្រះអគ្គបណ្ឌិតសហភាពភូមា និងក្រោយមកទៀតថ្វាយជា ព្រះអភិធៈជៈមហារដ្ឋគរុ នៃសហភាពភូមា។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ការផ្តួចផ្តើមរៀបចំពិធីបុណ្យនេះឱ្យប្រព្រឹត្តទៅយ៉ាងផុលផុស ប្រកបទៅដោយសេចក្តីជ្រះថ្លា និង ជាប្រវត្តិសាស្ត្រនៅក្នុងខេត្តសៀមរាបនេះ ជាសកម្មភាពបង្ហាញអំពីព្រះទ័យ និងទឹកចិត្តដ៏ល្អ និងពិតជាគំរូរបស់ព្រះតេជគុណ ព្រះថេរានុត្ថេរៈ ពុទ្ធបរិស័ទទាំងអស់ ដែលជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា ក្នុងការលើកតម្លៃលើគុណធម៌ និងជនជាទីសក្ការៈធំធេងចំពោះជាតិ និងសាសនា។
លោកអភិបាលបានបញ្ជាក់ថា៖ «ការរៀបចំនេះ ក្នុងបំណងពង្រឹង និងលើកកម្ពស់សាសនាព្រះពុទ្ធឱ្យបានរីកចម្រើនខ្លាំងក្លា តាមពុទ្ធប្បញ្ញត្តិ និងព្រះពុទ្ធោវាទសំដៅធ្វើការអភិរក្ស និងអភិវឌ្ឍន៍នូវសាសនា ជារបស់រដ្ឋយើងនេះ សម្រាប់ជាគ្រឿងអប់រំចរិយាធម៌ និងការធានានូវសាមគ្គីភាពប្រជាជាតិ ដោយហេតុថាមូលធន នៃព្រះពុទ្ធសាសនាគឺជាកម្លាំងដ៏ចាំបាច់របស់ប្រទេស ស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ដែលតែងតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍន៍សង្គមជាតិមួយប្រកបដោយសុខសន្តិភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព»។
លោកបានរំឭក នៅចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ទីវត្តអារាមត្រូវបានបំផ្លិចបំផ្លាញអស់គ្មានសល់ ដោយសារ របបប្រល័យពូជសាសន៍ ប៉ុល ពត ហើយពួកវាបានប្រែក្លាយទីវត្តអារាម ដែលជាកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋយកទៅធ្វើជាមន្ទីរឃុំឃាំងសួរចម្លើយ កន្លែងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់កន្លែងចិញ្ចឹមសត្វជាដើម។ល។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជា បានវិលត្រឡប់មករស់នៅជួបជុំក្រុមគ្រួសារឡើងវិញ ប្រកបដោយសេចក្តីសោមនស្សរីករាយគ្រប់គ្នា។
លោកបានបន្ដថា នៅពេលនោះ ពិតមែនតែកម្ពុជានៅមានសុខភាពទ្រុឌទ្រោមស្គមស្គាំងនិងមានជំងឺគ្រប់ប្រភេទក៏ដោយ ក៏ពលរដ្ឋទាំងអស់គ្នាខិតខំប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត ធ្វើការប្រមែប្រមូលធនធាននៅសេសសល់ ដើម្បីរួមគ្នាកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា ដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរដល់កម្រិតសូន្យ។
លោកបានបន្ថែមថា ពេលនោះ ព្រះពុទ្ធសាសនាបានចាប់កំណើតឡើងវិញជាបណ្តើរៗ និងជួបការលំបាកនៅឡើយ ដោយព្រះសង្ឃ លោកយាយ លោកតា និងពលរដ្ឋ ត្រូវធ្វើបុណ្យក្នុងវត្ត ព្រះវិហារ និងឧបដ្ឋានសាលា ដែលមានភាពទ្រុឌទ្រោម និងអត្ថខាត់។ ប៉ុន្តែក្រោមកិច្ចដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ត្រូវបានអភិវឌ្ឍន៍ឡើងវិញយ៉ាងឆាប់រហ័សគួរនឹកស្មានពុំដល់ ពិសេសព្រះពុទ្ធសាសនា ត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថាជា «សាសនារបស់រដ្ឋ»។
លោកបានបញ្ជាក់ថា៖ «លើសពីនេះ វិស័យពុទ្ធិកសិក្សាក៏មានការរីកចម្រើនជាលំដាប់ ដោយសព្វថ្ងៃយើងមានសាលាធម្មវិន័យចាប់តាំងពីថ្នាក់ត្រីទោ និងឯក និងសាលាពុទ្ធិកសិក្សាបឋមសិក្សាជាក់ស្តែងរហូតដល់ពុទ្ធិកវិទ្យាល័យ និង មានពុទ្ធិកសាកលវិទ្យាល័យថែមទៀតផង ដែលប្រការនេះ បញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការផ្តល់ប្រយោជន៍ដល់បងប្អូនពុទ្ធសាសនិកជន និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ»។ នេះបើយោងតាមប្រភពដដែលនេះ៕