ភ្នំពេញៈ ត្រី​គល់រាំង​ចំនួន ៤ ក្បាល ​នឹងត្រូវ​លែង​ចូលទៅក្នុង​ជម្រក​ធម្មជាតិ​វិញ ក្នុង​រដូវ​ទឹក​ឡើង​បន្ទាប់ពី​ក្រុម​អ្នកនេសាទ ​ប្រគល់ឱ្យ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ​នាពេល​ថ្មីៗ​នេះ។​

​យោងតាម​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​បានឱ្យដឹងថា ដោយ​មើលឃើញ​ពី​សមកម្មភាព​អភិរក្ស​របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ និង​ដោយ​ចង់​ចូលរួម​ចំណែក​ក្នុង​ការងារ​អភិរក្ស​នេះ អ្នកនេសាទ​ឧស្សាហកម្ម​ដាយ​ត្រី នៅ​គន្លងទី ៤ ដេ បាន​បរិច្ឆាគ​ត្រីគល់រាំង​ចំនួន ៤ ក្បាល​ដល់​គម្រោង​កាលពី​ថ្ងៃទី ៩ មីនា ឆ្នាំ ២០២៣ នេះ។​

​ត្រី​គល់រាំង​ទាំង ៤ ក្បាល ​នោះ​មាន​ទម្ងន់​ខុសៗ​គ្នា ដែល​រួមមាន​ដូចជា ទម្ងន់ ១៥ គីឡូក្រាម​ចំនួន ២ ក្បាល ទម្ងន់ ១៧ គីឡូក្រាម​ចំនួន ១ ក្បាល និង ទម្ងន់ ២១ គីឡូក្រាម ចំនួន ១ ក្បាល។

​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​បានឱ្យដឹងថា ដោយសារតែ​បច្ចុប្បន្ននេះ គឺជា​រដូវ​ទឹកសម្រក មិនអាច​លែង​ត្រី​ទាំងនោះ​ភ្លាមៗបាន គម្រោង​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​របស់​រដ្ឋបាល​ជលផល ដើម្បី​ដឹកជញ្ជូន​ត្រី​ទាំង ៤ ក្បាល​នេះ ទៅ​ថែបំប៉ន​នៅក្នុង​ស្រះ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប ស្ថិតនៅ​ក្នុង​ឃុំ​ពាមរក៏ ស្រុក​ពាមរក៏ ខេត្តព្រៃវែង។

​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​បាន​បញ្ជាក់ថា​៖ «​ត្រី​គល់រាំង​ទាំង ៤ ក្បាល​នេះ នឹងត្រូវ​លែង​ចូលទៅ​ក្នុង​ធម្មជាតិ​វិញ នាពេល​សមស្រប ក្នុង​រដូវទឹក​តដំឡើង​នា​ឆ្នាំក្រោយ»៕​