
លោក គួច ចំរើន ដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី ១៦ មីនា។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើកាណែនាំឱ្យសាលាក្រុងព្រះសីហនុ មន្ទីរទេសចរណ៍ និងបរិស្ថាន ពីការគ្រប់គ្រងតាមបណ្តោយឆ្នេរឱ្យមានភាពស្រស់ស្អាត ប្រកបដោយសោភណ្ឌភាព បរិស្ថានកាន់តែល្អ ដើម្បីត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងរៀបចំស៊ីហ្គេមនៅខេត្តព្រះសីហនុ ជាបន្តបន្ទាប់នាពេលខាងមុខ។
លោក គួច ចំរើន បានធ្វើការណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៦ មីនា ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម និងកិច្ចប្រជុំការងារទេសចរណ៍លើកទី ៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២៣។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំលោក គួច ចំរើន បានថ្លែងដោយផ្តោតសំខាន់លើការពង្រឹង និងការលើកកម្ពស់ភាពជាដៃគូរដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ ឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ។
ក្នុងនោះមានដូចជា ១ ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាត តាមរយៈបច្ចេកវិទ្យា ២ គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី និង ៣ ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍។
លោក គួច ចំរើន បានណែនាំថា៖ «យើងត្រូវត្រៀមឱ្យបានរួចរាល់ដូចជា ចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់សំដៅធានាដល់សុខសុវត្ថិភាព ផាសុកភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ»។
ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបានកាន់តែទូលំទូលាយទាំងកម្រិតជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីបង្ហាញគោលដៅទាក់ទាញទេសចរណ៍លើគោក មកទស្សនានិងដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រ។
ជំរុញការផ្សព្វផ្សាយផលិតផលទេសចរណ៍នៅដែនកោះ ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រសម្រាប់ខេត្តព្រះសីហនុផងដែរ។ ខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំនួន ៣ ប្រភេទ ១ កីឡាទូកក្ដោង ២ កីឡាម៉ូតូទឹក និងទី ៣ បាល់ទះឆ្នេរខ្សាច់៕