សៀមរាបៈ រហូតមកដល់​ពេលនេះ មាន​ខេត្ត​ក្រុង​មកពី​ប្រទេស​ចិន​ចំនួន ៣០ រួច​មកហើយ ដែល​បាន​បង្កើត​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​ខេត្ត​សៀមរាប តាមរយៈ​ការចុះ​កិច្ច​ព្រមព្រៀង អនុស្សរណៈ​នៃការ​យោគយល់​គ្នា និង​សេចក្តី​ផ្តួចផ្តើម​នានា​ក្នុង​ពេល​កន្លងមក។ នេះ​បើ​យោងតាម​លោក​ ឃឹម ហ្វីណង់​ អភិបាលរង​ខេត្ត​សៀមរាប។​

Yunnan ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ក្រុង​ទាំងនោះ ​របស់​ប្រទេស​ចិន ហើយ​កាល​ពីពេល​ថ្មីៗ​នេះ លោក​ ឃឹម ហ្វីណង់​ តំណាង​លោក​អភិបាលខេត្ត​សៀមរាប​ បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​មកពី​ខេត្ត Yunnan ប្រទេស​ចិន ដែល​ដឹកនាំ​ដោយ​លោកស្រី Wang Yu ប្រធាន​សមាគម​ប្រជាជន​ខេត្ត Yunnan សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​បរទេស។

​លោក ​ឃឹម ហ្វី​ណង់​ បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ថា ក្នុងនោះ​ចំណង​ទំនាក់ទំនង​ជាមួយ​ខេត្ត Yunnan មាន​លក្ខណពិសេស និង​មាន​ផ្លែផ្កា​ច្រើន​ជាងគេ ទាំង​ក្រោម​រូបភាព​ជំនួយ​សង្គម និង​ការវិនិយោគ​ដោយផ្ទាល់​មកកាន់​ខេត្ត​សៀមរាប​។

តួយ៉ាង​ដូចជា​គម្រោង​សាល​មហោស្រព​ស្នាមញញឹម​អង្គរ និង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរថ្មី​ជាដើម ដែល​សុទ្ធសឹង​តែជា​គម្រោង​ដែលមាន​ទំហំធំ មាន​ចរិត​ជាការ​វិនិយោគ​យូរអង្វែង និង​បាន​ចូលរួម​បង្កើន​ចរន្ត​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​តាមរយៈ​ការបង្កើត​ការងារ និង​កាលានុវត្តភាព​ផ្សេងៗ​ជាច្រើន​ទៀត។

​ដោយសារ​ភាពអំណោយ​ផល​ពី​ការបើកទ្វារ​ប្រទេស​ឡើងវិញ​ក្រោយពី​វិបត្តិ​កូវីដ​បាន​ធូរស្រាល ភាគី​ប្រតិភូ​ខេត្ត Yunnan បាន​បង្ហាញ​ចេតនា​ជំរុញ​ការវិនិយោគ និង​ចំណង​ទំនាក់ទំនង​រវាង​ខេត្ត​ទាំង ២ ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត និង​បាន​ស្នើសុំ​រដ្ឋបាល​ខេត្ត​សៀមរាប​ឱ្យជួយ​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ ដើម្បីឱ្យ​ក្រុង​តាលី​នៃ​ខេត្ត Yunnan និង​ក្រុង​សៀមរាប អាច​ក្លាយជា​ក្រុង​សម្ព័ន្ធ​មេត្រីភាព​ផងដែរ៕​