ត្បូងឃ្មុំៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានអំពាវនាវឱ្យមានការរួមគ្នា ដើម្បីអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំឱ្យក្លាយជាខេត្តអព្យាក្រឹតកាបូន ស្របតាមយុទ្ធសាស្ដ្រអភិវឌ្ឍន៍ ដែលរដ្ឋាភិបាលបានដាក់ចេញក្នុងការក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។
ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យបូកសរុបការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២0២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣នៅថ្ងៃទី១៦ ខែមីនានេះ។ លោកបានថ្លែងក្នុងឱកាសនោះថា ទន្ទឹមនឹងការធានាលើកកម្ពស់គុណភាពជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោចីរភាព គឺចាំបាច់ត្រូវរួមគ្នាប្រែក្លាយខេត្តត្បូងឃ្មុំ ឱ្យក្លាយជាខេត្តអព្យាក្រឹតកាបូន ដែលនេះគឺជាការចូលរួមអនុវត្តយុទ្ធសាស្ដ្រអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់កម្ពុជា ក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
លោកបានបញ្ជាក់ថា៖«បរិស្ថានជាការងារអន្តរវិស័យដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តយុទ្ធសាស្ដ្រ ផែនការសកម្មភាព ក៏ដូចជាគោលនយោបាយ ដើម្បីសម្រេចបានគោលដៅរួមរបស់យើង»។
របាយការណ៍មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំបានឱ្យដឹងថា មន្ទីរបរិស្ថានបានចុះផ្សព្វផ្សាយអប់រំចំណេះដឹងបរិស្ថាន ការគ្រប់គ្រងសំរាមសំណង់រឹង សំណល់ប្លាស្ទិក ដើម្បីភូមិស្អាត សហគមន៍ស្អាត ផ្លូវសាធារណស្អាត។ពិសេសបានចុះត្រួតពិនិត្យប្រភពបំពុលបរិស្ថាន តាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម និងអាជីវកម្ម បានចំនួន៦៨ទីតាំង។ ក្នុងនោះ ក្រុងសួង១៤ទីតាំង ស្រុកត្បូងឃ្មុំ ១៩ទីតាំង ស្រុកអូររាំងឪ៦ទីតាំង ស្រុកតំបែរ១១ ទីតាំងស្រុកមេមត់ ៧ទីតាំង និងស្រុកពញាក្រែក ចំនួន១១ទីតាំង។ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុមការងារក្រសួងបរិស្ថានបានចំនួន៦ទីតាំង។ ក្នុងនោះ ស្រុកតំបែរ ១ទីតាំង, ស្រុកមេមត់២ទីតាំង,ស្រុកពញាក្រែក ៣ទីតាំង និងបានចុះប្រមូលទិន្នន័យការប្រើប្រាស់សារធាតុធ្វើឱ្យត្រជាក់ និងបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ សេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ និងយានដ្ឋានជួសជុលរថយន្ត នៅក្នុងខេត្តត្បូងឃ្មុំ បានចំនួន៥៤ទីតាំងផងដែរ៕