កំពង់ធំៈ ក្រុម​អង្កេត​តាមដាន​ជីវៈចម្រុះ​បាន​ប្រទះឃើញ​សត្វ​ស្លាប​ទឹក​ចំនួន​ ៤៥ ប្រភេទ ដែល​រួមមាន ប្រភេទ​ជិត​ផុត​ពូជ និង​ប្រភេទ​កំពុង​ទទួលរង​ការគំរាមកំហែង​ផងដែរ ក្នុងការ​សិក្សា​រយៈពេល​ ៨ ​ខែ​ចុងក្រោយ​នៅ​តំបន់​ផ្សោត​នៃ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។ នេះ​បើ​យោងតាម​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife Cambodia Organization)​។​

​អង្គការ​បានឱ្យដឹងថា ថ្មីៗ​កន្លងទៅ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បានធ្វើ​ការស្នើសុំ​ការអនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ នៃ​ក្រសួងបរិស្ថាន ដើម្បី​សិក្សា​ស្រាវជ្រាវ និង​អង្កេត​តាមដាន​ជីវៈចម្រុះ​នៅ​តំបន់​ផ្សោត​នៃ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផ្សោត​ផ្ទាល់​តែម្ដង​។

​តាមរយៈ​ការសិក្សា​នេះ​ក្នុង​រយៈពេល​៨ ខែ​ចុង​ក្រោយនេះ (​ពី​ខែឧសភា រហូតដល់ ខែធ្នូ ឆ្នាំ ២០២២) ក្រុម​អង្កេត​តាមដាន​ជីវៈចម្រុះ​នេះ​បាន​ប្រទះឃើញ​សត្វ​ស្លាប​ទឹក​ចំនួន​៤៥​ប្រភេទ​។ ក្នុងនោះ រួមមាន​៖ ប្រភេទ​ជិត​ផុត​ពូជ​ចំនួន​១ ប្រភេទ​គឺ​ត្រដក់​ធំ ប្រភេទ​កំពុង​ទទួលរង​ការគំរាមកំហែង​ចំនួន​១​ប្រភេទ គឺ​ត្រដក់​តូច ប្រភេទ​ជិត​ទទួលរង​ការគំរាមកំហែង​ចំនួន​៤​ប្រភេទ​ដូចជា​ទុង​ប្រផេះ រនាល​ពណ៌ អក​ត្រី​ក្បាល​ប្រផេះ ស្មោញ និង​ប្រភេទ​រងគ្រោះ​តិចតួច​ចំនួន ៣៩ ប្រភេទ​ផងដែរ​។

​ផ្សោត គឺជា​ភូមិ​ឧបសម្ព័ន្ធ​នៃ​ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ ៥០ គ្រួសារ​ប្រកបរ​បរជា​អ្នកនេសាទ​ត្រី​។ តំបន់​ផ្សោត​ត្រូវបាន​កំណត់​ជាទី​តាំង​មួយ​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ដែលមាន​សក្តានុពល​ធ​ន​ធាន​ធម្មជាតិ និង​វត្ដ​មាន​ជីវៈចម្រុះ​ជាច្រើន​ប្រភេទ ជាពិសេស​សត្វ​ស្លាប​ទឹក​ដែល​កំពុង​ជិត​ផុត​ពូជ​។

​អង្គការ​បាន​បន្តថា ទិន្នន័យ​នេះ​នឹង​ត្រូវបាន​ចែករំលែក​ជា​ធាតុ​ចូល​សំខាន់​មួយ​សម្រាប់​ដំណើរការ​រៀបចំ​ផែនការ និង​ការបែងចែក​តំបន់​គ្រប់គ្រង​របស់​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​៕​