ភ្នំពេញៈ គម្លាតយេនឌ័រក្នុងវិស័យអប់រំត្រូវបានកាត់បន្ថយគួរជាទីកត់សម្គាល់ចាប់ពីឆ្នាំសិក្សា ២០១៨-២០១៩រហូតមកដល់ឆ្នាំសិក្សា ២០២២-២០២៣ ដែលក្នុងនោះកុមារីទទួលបានការអប់រំនៅកម្រិតអប់រំកុមារតូចកើនពី ៣៩.១២% ដល់ ៤៥.៥% លើក្រុមអាយុកុមារតូចកម្រិតមត្តេយ្យសិក្សានៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការលើកកម្ពស់សមធម៌យេនឌ័រក្នុងវិស័យអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១៦ខែមីនានេះ។
របាយការណ៍បានបន្តថា កុមារីនៅកម្រិតបឋមសិក្សាក៏បានកើនពី ៤៧.៨% ដល់៥១.៨៨%នៃចំនួនសិស្សបឋមសិក្សាសរុប។ នៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ចំនួនសិស្សស្រី និងសិស្សប្រុសមានចំនួនប្រហាក់ប្រហែលគ្នា។
ជាការកត់សម្គាល់ បេក្ខជននារី ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិមានកំណើនពី ៤១.៥%ដល់ ៥២.៦២%។ នៅកម្រិតឧត្តមសិក្សាចំនួននិស្សិតស្រីក៏មានការកើនឡើងជាលំដាប់ ក្នុងនោះថ្នាក់បរិញ្ញាបត្ររងកើនពី ៣៣.៦៩% ដល់៤៥.៥៦%,ថ្នាក់បរិញ្ញាបត្រកើនពី៤៨.៧២% ដល់ ៥៦.៨៩%, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កើនពី២៤.៣៨% ដល់ ៤១.៦៣% និងថ្នាក់បណ្ឌិតស្ថិតក្នុងរង្វង់៧.៣៤ %។
ដោយឡែក សិស្ស និងនិស្សិតស្រីដែលបានជ្រើសរើសមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) មានកំណើនទ្វេដង ស្មើនឹង៣៨.២៥%។ ទន្ទឹមនេះ តាមរយៈកម្មវិធីអប់រំក្រៅប្រព័ន្ធចំនួនសិស្សស្រីដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានកំណើនជាបន្តបន្ទាប់ក្នុងរង្វង់៦៧%នៃចំនួនសិស្សអក្ខរកម្មសរុប។
ជាមួយគ្នានេះ តាមរយៈគោលនយោបាយលើកកម្ពស់សមធម៌យេនឌ័រ និងគោលការណ៍កំណត់អាទិភាពនារីក្នុងការជ្រើសរើសមន្ត្រីអប់រំ ធ្វើឱ្យបុគ្គលិកអប់រំជាស្ត្រីមានកំណើនពី ៤៥,៥៨ % ដល់ ៤៧.១៣%នៃចំនួនបុគ្គលិកអប់រំសរុប១២៥.៥៦១នាក់ក្នុងឆ្នាំ ២០២២។
របាយការណ៍បានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់ផ្តល់អាទិភាពនិងលើកទឹកចិត្តដល់មន្ត្រីអប់រំជាស្ត្រីទទួលបានការតែងតាំងមុខតំណែងមានសិទ្ធិសម្រេចក្នុងការងារគ្រប់គ្រងអប់រំ នៅកម្រិតថ្នាក់ជាតិនិងក្រោមជាតិ។ ស្ត្រីដែលស្ថិតនៅក្នុងមុខតំណែងទាំងអស់សុទ្ធតែមានសមត្ថភាពប្រើប្រាស់បំណិនប្រើប្រាស់ ជំនាញឌីជីថល និងភាសាបរទេស និងត្រូវបានអភិវឌ្ឍសមត្ថភាពជាប្រចាំសម្រាប់បម្រើការក្នុងការងារជំនាញ តាមវិស័យនិងអនុវិស័យ ព្រមទាំងការចែករំលែកបន្តសម្រាប់អ្នកបន្តវេនផងដែរ៕