The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ

លោក ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ

Content image - Phnom Penh Post
លោក ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ រូបថត ក្រសួង​ការបរទេស

លោក ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ

ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​លោក ប្រាក់ សុខុន នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅសាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ពាក់​កណ្តាល​ខែមីនា​នេះ ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ និង​វិធីសាស្ត្រ ធ្វើ​ឱ្យកាន់តែ​ស៊ីជម្រៅបន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​ដ៏ល្អ និង​ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហ​ប្រតិបត្តិការ​កំពុងរីក​ចម្រើន។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះថ្ងៃ​ទី១៧ ខែមីនា បានឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣ ហើយ​លោក ប្រាក់ សុខុន នឹង​ធ្វើជាសហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី២០ នៃ​គណៈ​កម្មការ​ចម្រុះ​កម្ពុជា-វៀតណាម ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា តបតាម​ការអញ្ជើញ​របស់​លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តី​ការបរទេសវៀតណាម។

សេចក្តីប្រកាស​បន្ត​ថា៖«រដ្ឋមន្រ្តី​ការបរទេស​ទាំងពីរ នឹងមាន​ជំនួប​ទ្វេភាគី ដើម្បី​ពិភាក្សា​អំពីមធ្យោបាយ និងវិធីសាស្ត្រ ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​ដ៏ល្អប្រសើរ​ស្រាប់ និង​ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហ​ប្រតិបត្តិការ​កំពុង​រីកចម្រើន ដែលរួម​មាន​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ កសិកម្ម ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល វប្បធម៌ ការអប់រំ។ល។ កិច្ចសហការ​ក្នុងក្របខ័ណ្ឌ​អាស៊ាន រួមទាំងបញ្ហា​បន្ទាន់​នានា​នៅក្នុង​តំបន់​និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍​និង​ក្តីបារម្ភ​រួម ក៏នឹង​ត្រូវលើក​យកមក​ពិភាក្សាគ្នា​ផងដែរ»។

ប្រភព​ដដែល​បញ្ជាក់​ថា ដឹកនាំ​ប្រជុំ​ដោយ​រដ្ឋមន្រ្ដី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ កិច្ចប្រជុំ​គណៈ​កម្មការ​ចម្រុះ​កម្ពុជា-វៀតណាម លើក​ទី២០​នេះ នឹង​ពិនិត្យ​មើល​ឡើងវិញ​អំពី​វឌ្ឍនភាពដែល​សម្រេច​បាន អនុលោមតាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​មុន ព្រមទាំង​រៀបចំ​ផែនការថ្មី​សម្រាប់​សកម្មភាព​ជាក់ស្ដែង ដើម្បី​ពង្រឹង និងពង្រីក​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​លើគ្រប់​វិស័យ សម្រាប់​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​របស់​ប្រទេស និង​ប្រជាជន​ទាំងពីរ។

ឧបនាយក​រដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹង​មាន​កម្មវិធី​ចូលជួប​សម្តែង​ការគួរសម ដោយឡែក​ពីគ្នា​ជាមួយ លោក វ៉ វ៉ាន់ធឿង ប្រធាន​រដ្ឋ​វៀតណាម និង​លោក ផាម មិញជិញ នាយក​រដ្ឋមន្រ្តី​វៀតណាម ផងដែរ។

អគ្គ​លេខាធិការ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក យង់ ពៅ មាន​ប្រសាសន៍​ថា កម្ពុជា​និង​វៀតណាម​គឺជា​ប្រទេស​ដែលមាន​ជាប់​របង​ជាមួយគ្នា និង​មាន​ប្រវត្តិសាស្រ្ត​ចងភ្ជាប់គ្នា​ក្នុង​តំបន់តាំងពី​បញ្ហា​ឥណ្ឌូ​ចិន រហូត​ដល់​បច្ចុប្បន្ន ហើយក៏ជា​ប្រទេស​មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ស៊ីជម្រៅ​ក្នុង​ទិដ្ឋភាព​នៃ​រដ្ឋាភិបាល​ទាំងពីរ​បច្ចុប្បន្ន។

លោកថា​៖«ដូច្នេះ​ការបំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ទៅកាន់​វៀតណាមនាពេល​ខាងមុខ​នេះ​ពិតជា​មាន​តម្លៃ​សម្រាប់​ការចងភ្ជាប់​ពង្រឹង​បន្ថែម​ទៅលើ​ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង​បញ្ហា​សន្តិសុខ​ជាដើម»។

សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់ថា ទាំង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​កិច្ចប្រជុំ​គណៈ​កម្មការចម្រុះ​កម្ពុជា-វៀតណាម​លើក​ទី២០ នឹងផ្តល់​សន្ទុះថ្មី​ដល់​ទំនាក់ទំនង​ពហុវិស័យ​ដ៏រឹងមាំ ដែលបាន​ផ្សារភ្ជាប់​ដោយទំនុកចិត្ត​ផ្នែក​នយោបាយ​ចាក់ឫស​យ៉ាងជ្រៅ ព្រមទាំង​នឹង​ធ្វើ​ឱ្យកាន់តែ​រឹងមាំ​បន្ថែមទៀត​នូវមិត្តភាព​ជាប្រពៃណី ភាពជា​អ្នក​ជិតខាង​ល្អ និង​ស្ថិរភាព​យូរអង្វែង រវាង​ប្រទេស​ទាំងពីរ​៕

អត្ថបទគួរចាប់អារម្មណ៍