ភ្នំពេញៈ នគរបាលជាតិអំពាវនាវដល់ម្ចាស់លំនៅឋានត្រូវមានបំពង់ពន្លត់អគ្គិភ័យក្នុងផ្ទះ ឬប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ដែលអាចអន្ដរាគមន៍បានទាន់ពេលកុំឱ្យអគ្គិភ័យរីករាលដាល ខណៈប៉ុន្មានថ្ងៃចុងក្រោយនេះ អគ្គិភ័យបានកើតឡើងនៅរាជធានីភ្នំពេញស្ទើររាល់ថ្ងៃ។
ការអំពាវនាវនេះធ្វើឡើង ក្រោយពីមានករណីអគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត ១ កន្លែង នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា។
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា អគ្គិភ័យនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង ដោយប្រើប្រាស់ពេលអស់ជាង ៥ ម៉ោង។
យោងតាមរបាយការណ៍នេះ លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទីតាំងឃ្លាំងស្ដុកគ្រឿងបន្លាស់រថយន្ដនេះជាប្រភេទសំណង់ឃ្លាំងថ្មបេតុងប្រក់ស័ង្កសី ទំហំ ១៦ ម៉ែត្រ គុណ ២០ ម៉ែត្រ។
លោកបញ្ជាក់ថា ក្រៅពីឆេះឃ្លាំងអគ្គិភ័យនេះ ក៏បានឆេះរថយន្ត Camery បាឡែន ពណ៌ស្ករ ១គ្រឿង រួមទាំងឆេះគ្រឿងបន្លាស់រថយន្ត និងប្រេងម៉ាស៊ីនអស់ទាំងស្រុង តែមិនបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ លោក ព្រហ្ម យ៉ន បញ្ជាក់ថា រថយន្ដការិយាល័យជំនាញ ចំនួន ២៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៥០ ឡាន រថយន្តក្រុមហ៊ុន OCIC ទីក្រុងរកោះពេជ្រ ចំនួន ៤ គ្រឿង ប្រើប្រាស់ចំនួន ១៦ ឡាន រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៥ គ្រឿង ប្រើប្រាស់ចំនួន ២០ ឡាន រថយន្តកងពលតូចលេខ៧០ ចំនួន ៣ គ្រឿង ប្រើប្រាស់ចំនួន ៩ ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ ឡាន។
របាយការណ៍បញ្ជាក់ថា៖ "ប៉ុន្មានថ្ងៃចុងក្រោយនេះ អគ្គិភ័យកើតឡើងនៅរាជធានីភ្នំពេញ ស្ទើររាល់ថ្ងៃ ដោយសារតែឆ្លងចរន្ដអគ្គិសនី និងម្យ៉ាងដោយសារបច្ចុប្បន្ននេះជារដូវក្ដៅ។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញបានអំពាវនាវ និងក្រើនរំឭកយ៉ាងទទូច ដល់ប្រជាពលរដ្ឋម្ចាស់លំនៅឋាន ឬទីតាំងផ្សេងៗ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត និងត្រូវម្ចាស់ការនៅពេលមានហេតុការណ៍កើតឡើងភ្លាម ដោយត្រូវមានបំពង់ពន្លត់ក្នុងផ្ទះ ឬប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ដែលអាចអន្ដរាគមន៍បានទាន់ពេលកុំឱ្យរីករាលដាល»៕