សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប​បាន​ជួប​ជាមួយនឹង​លោកស្រី ម៉ា​រី​យា​ណា ហ្កា​រ៉ូ​ហ្វា​ឡូ ប្រធាន​ផ្នែក​កិច្ចការពារ​កុមារ​នៃ​អង្គការ​យូ​នី​សេ​ហ្វ ដែល​ធ្វើ​ទស្សនកិច្ច​សិក្សា ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាលខេត្ត ជាមួយ​អង្គការ UNICEF លើ​ការអនុវត្ត​កម្មវិធី​កិច្ចការពារ​កុមារ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ដំណើរការ​នៃ​ប្រព័ន្ធ​កិច្ចការពារ​កុមារ និង​កិច្ចសហការ សម្របសម្រួល​រវាង​ស្ថាប័ន​រដ្ឋាភិបាល ជាមួយ​អង្គការ​ដៃគូ​អភិវឌ្ឍ លើ​សកម្មភាព​គាំពារ​កុមារ​នៅ​ថ្នាក់ក្រោម​ជាតិ​នា​ថ្ងៃទី​១៦​ខែមីនា​។​

​លោកស្រី ម៉ា​រី​យា​ណា ហ្កា​រ៉ូ​ហ្វា​ឡូ ប្រធាន​ផ្នែក​កិច្ចការពារ​កុមារ​នៃ​អង្គការ​យូ​នី​សេ​ហ្វ និង​ក្រុមការងារ​ប្រតិភូ​មកពី​តំណាង​អង្គការ​USAID និង​អង្គការ​FCF បានលើកឡើង​អំពី​បញ្ហា​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​ប្រព័ន្ធ​កិច្ចការពារ​កុមារ​។ ក្នុង​នោះបាន​ផ្តោត​សំខាន់​ទៅ​ការប្រើប្រាស់​យន្តការ​ទំនាក់ទំនង សម្របសម្រួល អន្តរាគមន៍ ការគ្រប់គ្រង​ករណី និង​ការផ្តល់សេវា​កិច្ចការពារ​កុមារ ដែលមាន​ពិការភាព កុមារ​ដែល​ស្នាក់​នៅក្នុង​មណ្ឌល​ថែទាំ​ជំនួស កុមារ​តាម​ម្តាយ​ក្នុង​ពន្ធនាគារ និង​បញ្ហា​នៃ​ការ​បង្វែរ​កុមារ​ពី​ក្នុង​មណ្ឌល​ទៅ​សហគមន៍​វិញ​ស្របតាម​ផែនការ​របស់​រាជរដ្ឋាភិបាល​។ នេះ​បើ​យោងតាម​រដ្ឋបាល​ខេត្តសៀមរាប​។​

​លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​កិច្ចការពារ​កុមារ​ថ្នាក់​ខេត្ត បាន​លើកឡើងថា រដ្ឋបាលខេត្ត​បាននិងកំពុង​អនុវត្ត​ដោយបាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​អនុវត្ត​ទាំង​ច្បាប់​ជាតិ អន្តរជាតិ ព្រមទាំង​មាន​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​ជាតិ និង​សេចក្តីណែនាំ​ជាច្រើន ដើម្បី​ធ្វើការ​ការពារ​ផលប្រយោជន៍​ឧ​ត្ត​ម​ប្រយោជន៍ និង​ការគោរព​សិទ្ធិ​របស់​កុមារ ការកាត់បន្ថយ និង​លុបបំបាត់​នូវ​បញ្ហា​ដែល​កើតមាន​។ ការងារ​នេះ​មានការ​ចូលរួម​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ដោយ​ប្រើប្រាស់​នូវ​កិច្ច​អន្តរាគមន៍​ជា​ពហុ​វិស័យ ព្រមទាំង​ពលរដ្ឋ ដែលជា​អាណាព្យាបាល​កុមារ និង​កុមារ​ខ្លួនឯង​ផ្ទាល់​ផងដែរ​។

​លើសពីនោះ ដើម្បីឱ្យ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ជាក់លាក់ ក្នុង​ការជួយ​ជនរងគ្រោះ ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ពិសេស​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​នោះ រដ្ឋបាល​សាលាខេត្ត​បានរៀបចំ​បង្កើត​ក្រុមការងារ​កិច្ចការពារ​កុមារ​កាលពី​ខែតុលា ឆ្នាំ​២០២១ ព្រមទាំង​បានរៀបចំ​ជា​ផែនការ​សកម្មភាព និង​ផែនការ​ថវិកា​ប្រចាំឆ្នាំ និង​រយៈពេល​ ៣​ ឆ្នាំ (២០២៣-២០២៥)​។

នេះ​ស្របតាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (២០១៩-២០២៣) និង​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ (​ឆ្នាំ​២០១៩-២០២៩) ដោយមាន​ការគាំទ្រ​ជា​បច្ចេកទេស និង​ថវិកា​ពី​ក្រសួងមហាផ្ទៃ ក្រសួង​សង្គមកិច្ច ក្រសួង​ពាក់ព័ន្ធ រដ្ឋបាល​សាលាខេត្ត មន្ទីរ​អង្គភាព​ជំនាញ អង្គការ​យូ​នី​សេ​ហ្វ និង​អង្គការ​ដៃគូ​មួយចំនួន​ផងដែរ ដើម្បី​ពង្រឹង​ប្រព័ន្ធ​កិច្ចការពារ​កុមារ ការសម្របសម្រួល​ជាមួយ​អ្នកពាក់ព័ន្ធ ដែលមាន​កាតព្វកិច្ច​លើ ការបង្ការ ទប់ស្កាត់ ការអន្តរាគមន៍ និង​ការផ្តល់សេវា​ឆ្លើយតប​៕