
មណ្ឌលគិរីៈ អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត លោក ថង សាវុន បានប្រាប់ក្រុមប្រឹក្សាឃុំប៊ូស្រារដ្ឋបាលស្រុកពេជ្រាដា និងស្ថាប័នពាក់ព័ន្ធពីការទប់ស្កាត់ការទន្ទ្រានយកដី និងការបញ្ជាក់លិខិតពាក់ព័ន្ធនឹងការទិញ-លក់ និងការផ្ទេរសិទ្ធិលើដីធ្លី នៅសហគមន៍ ភូមិពូលុ ឃុំប៊ូស្រា ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី។
លិខិតរបស់អភិបាលខេត្តចុះថ្ងៃទី១៤ខែមីនាបានជម្រាបជូនដល់រដ្ឋបាល និងផ្នែកពាក់ព័ន្ធខាងលើថា ភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា ត្រូវបានកំណត់ជាតំបន់គោលដៅរបស់រាជរដ្ឋាភិបាលសម្រាប់ការចុះបញ្ជីដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចព្នង។ ដូចនេះរដ្ឋបាលខេត្តបានធ្វើការណែនាំ និងមានវិធានការឱ្យទប់ស្កាត់ឱ្យបានម៉ឹងម៉ាត់នូវរាល់សកម្មភាព ក្នុងការទន្ទ្រានចូលកាន់កាប់ដីខុសច្បាប់។
ម្យ៉ាងវិញទៀត គឺត្រូវបញ្ឈប់ជាបណ្តោះអាសន្ននូវការបញ្ជាក់លើលិខិតនានា ទាក់ទងនឹងការផ្ទេរសិទ្ធិ តាមរយៈការទិញលក់ ការដាក់បញ្ចាំដីធ្លី នៅក្នុងភូមិខាងលើ និងតំបន់ជិតខាងដែលមានព្រំប្រទល់ជិតគ្នា។
លោកអភិបាលបានណែនាំឱ្យ មន្ទីរ រដ្ឋបាល និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមវិធានការទាំងនេះឱ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ការងារចុះបញ្ជីដីសហគមន៍ត្រូវបានបញ្ចប់៕