
កំពង់ស្ពឺៈ វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ និងពិធីផ្ទេរប្រគល់សម្ភារបោសសម្អាតមីន ជូនកងអនុសេនាតូចបោសសម្អាតមីនចំនួន ៥ កងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅស្រុកភ្នំស្រួចត្រូវបានបិទបញ្ចប់នាថ្ងៃទី ១៧ ខែមីនានេះ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកសែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ លោកសែម សុវណ្ណនី បានថ្លែងថា វគ្គហ្វឹកហ្វឺននេះ សំដៅដល់ការពង្រឹងសមត្ថភាព កងយោធពលខេមរភូមិន្ទ សម្រាប់ចូលរួមបោសសម្អាតមីនមនុស្សធម៌ ក្នុងប្រទេស និងដើម្បីលើកកម្ពស់សមត្ថភាពកងកម្លាំងរក្សាសន្តិភាព សម្រាប់អនុវត្តភារកិច្ច ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ នេះបើយោងតាមក្រសួងព័ត៌មាន។
វគ្គហ្វឹកហ្វឺននេះបានមក ដោយសារកិច្ចខិតខំប្រឹងប្រែង ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការកៀរគរថវិកាពីសប្បុរសជន ដើម្បីភូមិ-ឃុំមានសុវត្ថិភាព។ លោកនាយករដ្ឋមន្ត្រីបានផ្តួចផ្តើមកម្មវិធី “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាម ញញឹម” ដើម្បីចូលរួមចំណែកសម្រេចបាននូវកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥។
ក្នុងឱកាសនោះលោកហួត គឹមសាន អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជានាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ បានបញ្ជាក់ថា នេះជាវគ្គទី២ ដែលសាលាទទួលសិក្ខាកាម មកពីមជ្ឈមណ្ឌលជាតិ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ មកធ្វើការហ្វឹកហ្វឺន។ វគ្គទី១ បានប្រារព្ធធ្វើឡើងនាអំឡុង ខែសីហា ឆ្នាំ២០២២ មានសិក្ខាកាមចំនួន៩ កងអនុសេនាតូច ស្មើនឹង២៣៤នាក់ មកពីបញ្ជាការដ្ឋានកងទ័ពជើងគោក។ វគ្គនេះ គឺហ្វឹកហ្វឺនលើជំនាញ បោសសម្អាតមីនដោយ ដៃ, កម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD), សិក្សាស្រាវជ្រាវប្លង់, បើកបរយន្តតូច ធំ និងជំនាញសង្គ្រោះបឋម។ ក្រៅពីជំនាញខាងលើ ក៏បានហ្វឹកហ្វឺនប្រើប្រាស់ម៉ាស៊ីនរាវមីន ដែលជាបច្ចេកវិទ្យាចុងក្រោយផងដែរ។
សិក្ខាកាមមកពីបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ ទទួលបានរថយន្ត ធំចំនួន១គ្រឿង រថយន្តពេទ្យ១គ្រឿង រថយន្តFord ៣គ្រឿង សម្ភារបោសសម្អាតមីន និងវិទ្យុទាក់ទង។ ចំណែកបញ្ជាការដ្ឋានកងទ័ពជើងទឹក ទទួលបានរថយន្តធំ១គ្រឿង រថយន្តពេទ្យ១គ្រឿង រថយន្តFord ១គ្រឿង សម្ភារបោសសម្អាតមីន និងវិទ្យុទាក់ទង ដែលជា អំណោយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕