មណ្ឌលគិរីៈ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាមានមោទនភាព ដែលទទួលបានជោគជ័យ ក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក ហើយថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ។
ថវិកាទាំងនេះ ក៏ត្រូវបានប្រើសម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិ ស្រូវមិត្តភាពសត្វព្រៃ និងចូលរួមអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋាន តាមរយៈការគាំទ្រជាថវិកាកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ទឹកស្អាត សូឡា ជាដើមផងដែរ។
លោក ជួប ប៉ារីស៍ បានថ្លែងបែបនេះ ក្នុងពេលដែលលោកអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សា ស្តីពីការងារគ្រប់គ្រង និងការអនុវត្តគម្រោងរេដបូក ដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី១៦ មីនា។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រីតំណាងអង្គការ WCS ប្រចាំកម្ពុជា មន្ត្រីពាក់ព័ន្ធ និងមន្ត្រីឧទ្យានុរក្សផងដែរ។
នៅក្នុងកិច្ចប្រជុំនេះលោក ជួប ប៉ារីស៍ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានចាត់ទុកអង្គការនានា ជាដៃគូដ៏ល្អក្នុងការរួមចំណែកគាំទ្រវិស័យបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។
ក្រសួងបរិស្ថាន បានថ្លែងអំណរគុណអង្គការ WCS ដែលបានចូលរួមអនុវត្តគម្រោងរេដបូក ដែនជម្រកសត្វព្រៃកែវសីមា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើ សត្វព្រៃជាច្រើនប្រភេទ និងចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍៕