ភ្នំពេញៈ មន្ត្រីក្រសួងបរិស្ថានលើកឡើងថា ការផ្សារភ្ជាប់ទ្រឹស្តីអប់រំរបស់សាសនាទៅនឹងការប្រែប្រួលអាកាសធាតុនឹងអាចជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន ក្នុងការលើកកម្ពស់គុណភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។
លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា ក្រសួងបរិស្ថានគឺជាសេនាធិការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការរៀបចំគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រ ក៏ដូចជាការពង្រឹងកិច្ចសហការក្នុងតំបន់ និងពិភពលោក។
ក្នុងសិក្ខាសាលាលើកកម្ពស់ចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុនិងសាសនា នាថ្ងៃទី១៧ មីនា លោក ទិន ពន្លក ដែលអនុប្រធានទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានទទួលស្គាល់អំពីភាពចាំបាច់របស់សាសនាក្នុងសង្គមកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារបណ្តុះបណ្តាល ការកសាងធនធានមនុស្ស ការសិក្សាស្រាវជ្រាវនិងវិទ្យាសាស្ត្រ បរិស្ថាន និងការអភិឌ្ឍសង្គម។
លោកបន្តថា ការអប់រំបណ្តុះបណ្តាលតាមបែបសាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ពុទ្ធិ បណ្តុះស្មារតីប្រជាជនឱ្យស្រលាញ់បរិស្ថាន និងជំរុញការអនុវត្តសកម្មភាពក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោក ទិន ពន្លក ថ្លែងថា៖ «ការផ្សារភ្ជាប់ទ្រឹស្តីអប់រំរបស់សាសនាទៅនឹងការប្រែប្រួលអាកាសធាតុនឹងចូលរួមបង្កើនចំណេះដឹងដល់សាធារណជនលើការប្រតិបត្តិមេត្រីបរិស្ថាន បណ្តុះស្មារតីស្រលាញ់ធម្មជាតិ-បរិស្ថាន ហើយអាចជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន ក្នុងការលើកកម្ពស់គុណភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា»។
លោកបន្តថា៖ «ហេតុនេះ ការបញ្ជ្រាបចំណេះដឹងស្តីពីប្រែប្រួលអាកាសធាតុដល់អ្នកដឹកនាំសាសនា និងភាគីពាក់ព័ន្ធនៅគ្រប់កម្រិត ពិតជាមានសារៈសំខាន់ក្នុងការផ្ទេរនូវចំណេះដឹងនិងជំនាញ ទាំងនោះទៅដល់ប្រជាពលរដ្ឋមូលដ្ឋាន»។
លោក កែ សំអឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ថ្លែងក្នុងសិក្ខាសាលានេះថា ក្រសួងបរិស្ថានជានិច្ចកាលតែងតែសហការយ៉ាងល្អជាមួយក្រសួងធម្មការនិងសាសនា ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងអំពីការផ្សារភ្ជាប់បញ្ហាបរិស្ថានទៅនឹងតួនាទីរបស់សាសនា។
លោកត្រូវបានស្រង់សម្ដីចុះផ្សាយក្នុងហ្វេសប៊ុកក្រសួងបរិស្ថានថា៖ «ការប្រែប្រួលអាកាសធាតុបណ្តាលមកពីសកម្មភាពមនុស្សទៅលើបរិស្ថាន ហេតុនេះសាសនាគួរមានតួនាទីបង្ហាញផ្លូវ ហើយចៀសវាងរាល់សកម្មភាពទាំងឡាយណាដែលអាចប៉ះពាល់ចំពោះបរិស្ថាន និងធនធានធម្មជាតិ»៕