​ព្រះសីហនុៈ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លើកឡើងថា កិច្ចការ​ធំៗ​មួយចំនួន​ដែល​ក្រសួងបរិស្ថាន​សម្រេចបាន គឺ​សុទ្ធតែ​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​មន្ត្រីរាជការ​ស្ត្រី​។

​លោក​លើកឡើង​ដូច្នេះ ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ដែល​រៀបចំឡើង​ដោយ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងបរិស្ថាន នា​យប់​ថ្ងៃទី​១៧ ខែមីនា នៅ​ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ​។

​លោក សាយ សំ​អាល់ លើកឡើងថា មន្ត្រីរាជការ​គ្រប់​ថ្នាក់​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ក្រសួងបរិស្ថាន​ដំណើរការ​ទៅបាន​យ៉ាង​រលូន និង​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រលើ​វិស័យ​បរិស្ថាន​ផងដែរ ហើយ​ថា​៖ «​ទាំងអស់នេះ គឺ​មិនអាច​កាត់ចេញ​បាន​ពី​ការរួមចំណែក និង​ការលះបង់​ដ៏​ធំធេង​របស់​បងប្អូន​មន្ត្រីរាជការ​ដែលជា​ស្ត្រី​»​។​

​លោក​បន្តថា ក្នុងការ​លើកកម្ពស់​ស្ត្រី ក្រសួងបរិស្ថាន​មាន​មន្ត្រី​ជា​ស្ត្រី​ចាប់ពី​ថ្នាក់​មន្ត្រី​រហូតដល់​កម្រិត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ហើយ​ក្រសួង​ក៏បាន​បណ្តុះ​អ្នក​បន្តវេន​ជា​ស្ត្រី​បាន​ច្រើន​ផងដែរ តាមរយៈ​ការបញ្ជូន​ឱ្យទៅ​សិក្សា​នៅ​បរទេស ដែល​បាន​យកចំណេះ​ជំនាញ​ទាំងអស់នោះ ត្រឡប់​មកជួយ​ផលិតភាព​របស់​ក្រសួង​។

​លោក សាយ សំ​អាល់ លើកឡើងថា លើ​វិស័យ​កិច្ច​គាំពារ​បរិស្ថាន មន្ត្រីរាជការ​ជា​ស្ត្រី​បាន​ចូលរួម​អនុវត្ត និង​ដឹកនាំ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព តាមរយៈ​ការចូលរួម​ស្វែងរក​ថវិកា សម្ភារ ផ្តល់​ជា​បច្ចេកទេស​បណ្តុះបណ្តាល​ជាដើម​។

​លោក​បន្តថា​៖ «​ការចូលរួមរ​បស់បង​ប្អូន​ស្ត្រី មិន​ត្រឹមតែ​ចូលរួម​ជាមួយ​វិស័យ​បរិស្ថាន​ប៉ុណ្ណោះ​ទេ គឺ​បាន​ចូលរួម​ជាមួយ​សង្គមជាតិ​តែម្តង​»៕