ភ្នំពេញៈ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លសាប» ហៅកាត់ថា PEARL ដែលមានថវិកាប្រមាណ ៤៣ លានដុល្លារអាមេរិក។
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោលបម្រុងកម្ពុជាសម្រាប់មូលនិធិអាកាសធាតុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង PEARL នេះ ជាមួយលោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែមីនា នៅទីស្តីការក្រសួងបរិស្ថាន។
លោក អ៊ាង សុផល្លែត ថ្លែងក្នុងពិធីចុះហត្ថលេខានេះថា នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រសួងបរិស្ថានបានជជែកពិភាក្សាជាមួយអង្គការ FAO ដាក់ចូលចំណុចមួយចំនួនដែលផ្តល់ភាពជាម្ចាស់សម្រាប់កម្ពុជាក្នុងគ្រប់គ្រងគម្រោង។
លោកបន្តថា ការអនុវត្តគម្រោងត្រូវមានការចូលរួមពីក្រសួងក្នុងភាពជាដៃគូ ហើយរាល់ការជ្រើសរើសទីប្រឹក្សា និងការទិញសម្ភារដើម្បីបម្រើឱ្យសកម្មភាពនានានៃគម្រោងត្រូវមានការចូលរួមសម្រេចពីភាគីកម្ពុជាទើបអាចបន្តនីតិវិធីទៅមុខបាន ហើយនឹងផ្សព្វផ្សាយរាល់ព័ត៌មានវឌ្ឍនភាពរបស់គម្រោងជាសាធារណៈ ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាព។
លោកថ្លែងថា៖ «គម្រោងនេះនឹងក្លាយជាគម្រោងមួយដែលបង្ហាញពីភាពជាម្ចាស់របស់កម្ពុជាក្នុងការគ្រប់គ្រង និងជំរុញតម្លាភាព និងគណនេយ្យភាពពីភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោង»។
ក្រសួងបរិស្ថានបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី១៨ មីនា ថា គម្រោង PEARL ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន និងសង្គមស៊ីវិល ក្រោមការគាំទ្រជំនួយបច្ចេកទេសពីអង្គការ FAO និងហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង (GCF)។
ក្រសួងបរិស្ថានបន្តថា គម្រោងនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ GCF កាលពីថ្ងៃទី១៥ ខែមីនា មានរយៈពេល៦ឆ្នាំ ដែលមានថវិកាសរុបចំនួនប្រមាណ ៤៣ លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៣៦,២លានដុល្លារអាមេរិក ជាជំនួយឥតសំណងពីមូលនិធិ GCF និង៦,៦លានដុល្លារអាមេរិកជាថវិកាបដិភាគរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការFAO។
ក្រសួងបន្ថែមថា៖ «គម្រោងនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដល់កសិករប្រមាណ ៤៥ម៉ឺននាក់ និងខ្សែចង្វាក់តម្លៃនៅភាគខាងជើងបឹងទន្លេសាប រួមមានខេត្ត កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ»៕