​​ភ្នំពេញៈ ​លោក​ អ៊ូ​អិ​ណុ ​អាត់​ស៊ូ​ស៊ី ឯក​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ​រដ្ឋាភិ​បាល​ជប៉ុន​ផ្តល់​ថវិកា​ចំនួន​ ១៤៥ ​៦៩២ ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ដែល​នឹង​អនុវត្ត​ដោយ​មន្ទីរ​ប្រៃស​ណីយ៍ និង​ទូរគម​នាគមន៍​ខេត្ត​តាកែវ សម្រាប់​ការ​សាងស​ង់​មជ្ឈ​មណ្ឌល​បច្ចេ​កវិទ្យា​សហ​គមន៍​មួយ​នៅ​សាលារៀ​ន​រដ្ឋ​ ១ នៅក្នុង​ស្រុក​បាទី​ ។

​លោក​ថ្លែង​ដូច​នេះ ក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​កិច្ច​សន្យា​ផ្តល់​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់​ទ្រាយ​តូច​ស​និ្ត​សុខ​មនុស្ស​ជាតិ​ កាល​ពី​ថ្ងៃទី​ ១៧ ​ខែមីនា​ ​នៅស្ថាន​ទូត​ជប៉ុន ​ដោយ​មាន​ការចូល​រួម​ ពី លោក ជា វ៉ាន់​ដេ​ត ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃស​ណីយ៍ ​និង​ទូរ​គមនា​គមន៍​ លោក ​ខូវ មករា រដ្ឋ​លេខាធិ​ការ​ក្រសួង​ប្រៃស​ណីយ៍ និ​ង​ទូរគម​នាគ​មន៍​ លោក ​ស្រី សារឿន ប្រធាន​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូរ​គម​នាគ​មន៍​ខេត្ត​តាកែ​វ និង​មន្ត្រី​មួយ​ចំនួ​នទៀត​។​

​លោក អ៊ូ​អិ​ណុ​ អាត់​ស៊ូ​ស៊ី បានថ្លែងថា៖ «​យើង​រំពឹង​ថា​គម្រោង​នេះ​នឹង​ផ្តល់​អត្ថ​ប្រយោជ​ន៍​ដល់​ប្រជាជន​ប្រមាណ ​៨ ០០០​នាក់ និង​សិស្ស​ប្រមាណ​១ ០០០​នាក់ នៅ​ក្នុង​តំបន់​នេះ ​តាម​រយៈ​ការ​បង្កើត​មជ្ឈ​មណ្ឌល​ប​ច្ចេក​វិទ្យា​សហ​គមន៍​ដំបូង​គេ​បង្អស់ ​ដែល​នឹង​ផ្តល់​ឱកាស​ដើម្បី​សិក្សា​បច្ចេក​វិទ្យា​ព័ត៌​មាន និង​គម​នាគ​មន៍ និង​បច្ចេក​វិទ្យា​ឌីជី​ថល​»​។​

​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១រដ្ឋាភិ​បាល​ជប៉ុន​បាន​និង​កំពុង​ផ្តល់​ជំនួយ​ឥត​សំណង​គូ​សាណូ​ណិ​នៅ​កម្ពុជា ដើម្បី​ជួយ​ផ្ទាល់​​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​ និង​អង្គ​ការ​ក្រៅរ​ដ្ឋាភិ​បាល​នានា​ដែល​កំពុង​អនុវត្ត​គម្រោង​ពួក​គាត់​។

​ឯក​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​បាន​ពន្យល់​ថា៖ «​គូ​សាណូ​ណិ ​មាន​ន័យថា ​ឫស​ស្មៅ​ក្នុង​ភាសា​ជប៉ុន​ហើយ​នៅក្នុ​ង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថា​នទូត​ជប៉ុន ​បាន​ចូលរួ​មចំណែក​ក្នុង​គម្រោង​ចំនួន ៧០​៧ នៅ​ទូទាំង​ប្រទេស​កម្ពុជា ​តាមរ​យៈ​ជំនួយ​ឥតសំ​ណង​គូ​សាណូ​ណិ​នេះ​»។

លោក​បាន​បញ្ជាក់​ថា៖ «​យើង​មាន​សេចក្តីសោ​មនស្ស​រីករាយ​ដែល​គម្រោង​ទាំង​នេះ ​បាន​ចូល​រួមចំ​ណែក​ដោយ​ផ្ទាល់​ក្នុង​ការ​កែ​លម្អ​គុណ​ភាព​ជីវិត​របស់​ប្រជា​ជន​កម្ពុជា​នៅ​កម្រិត​មូល​ដ្ឋាន​។​ ខ្ញុំ​មាន​សេចក្តី​សោមន​ស្ស​រីករាយ​ដោយ​សង្កេត​ឃើញ​ថា ​នា​ពេល​ថ្មីៗ​នេះ ​ប្រទេស​កម្ពុជា ​បាននិ​ងកំ​ពុង​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​»​។

​ទោះជា​យ៉ាង​ណា ​លោក អ៊ូ​អិ​ណុ ​អាត់​ស៊ូ​ស៊ី​ ក៏​ទទួល​ស្គា​ល់ថា ​នៅតែមា​ន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ដោះ​ស្រាយ​ ដើម្បី​កែល​ម្អ​គុណ​ភាព​ជីវិត​របស់​ប្រជា​ជន​។ ជប៉ុន​នឹង​បន្ត​ចូល​រួមចំ​ណែក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ទាំង​នោះ ​តាមរ​យៈ​គម្រោង​​ជំនួយ​អភិ​វឌ្ឍន៍​ផ្លូវការ​ផ្សេងៗ រួមទាំងជំនួយ​គូ​សា​ណូ​ណិ ផង​ដែរ​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​ជប៉ុន​បាន​ឱ្យដឹ​ងថា​ មន្ទីរ​ប្រៃស​ណីយ៍​ និង​ទូ​រគ​មនាគ​មន៍​ខេត្ត​តាកែវ ​ទទួល​នូវ​ជំនួយ​នេះ ដែ​ល​ក្នុង​គម្រោង​នេះ ​មជ្ឈ​មណ្ឌល​​បច្ចេក​វិទ្យា​សហ​គមន៍​មួយ​នឹង​ត្រូ​វបាន​សា​ងសង់​នៅ​សាលា​រៀន​រដ្ឋ​១ នៅ​ក្នុង​ស្រុក​បាទី ​ខេត្ត​តាកែ​វ​។

​សេច​ក្តីប្រ​កាស​បាន​បន្ត​ថា ទោះ​បីជា​មាន​ការ​កើនឡើ​ង​នូវ​តម្រូវការ​និយោ​ជិត​ដែល​មាន​ចំណេះដឹ​ង​បច្ចេកវិ​ទ្យា​ព័ត៌មាន ​និង​គម​នាគ​មន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ​ក៏​យុវជន​ជាច្រើន​នៅក្នុង​សហ​គមន៍​ជនបទ​មិន​ទទួលបា​ន​ឱកាស​ច្រើន​ដើម្បី​សិក្សា​បច្ចេ​កវិទ្យា​ព័ត៌​មាន​និង​គម​នាគមន៍​ និង​បច្ចេក​វិទ្យា​ឌីជីថល​​នោះ​ទេ ដោយ​សារ​កង្វះ​ហេដ្ឋារ​ចនាស​ម្ព័ន្ធ និង​កម្មវិធី​សិក្សា​បច្ចេក​វិទ្យា​ព័ត៌មាន​ និង​គ​មនា​គមន៍​។

​ស្ថាន​ទូត​ជប៉ុន បាន​​បញ្ជាក់​ថា «​ជា​លទ្ធ​ផល ​ជំនាញ​ និង​ចំណេះ​ដឹង​បច្ចេក​វិទ្យា​ព័ត៌មាន​ និង​គមនា​គមន៍​ដែល​មាន​កម្រិត​ទាប​របស់​ពួកគេ​ ក្លាយជា​​ឧបសគ្គ​មួយ​ផ្នែក​ក្នុង​ការ​ទទួល​បាន​ការ​ងារ​ធ្វើ​»​។

​សូម​បញ្ជាក់ថា ជំនួយឥ​ត​សំណង​នេះ មាន​ទិសដៅ​ការពារ​ជន​ងាយ​រងគ្រោះ​ពី​កត្តា​មួយ​ចំនួន​ដូចជា ភាព​ក្រីក្រ និង​/​ឬភាព​អកុ​សល​នានា ដែល​អាច​គំរាម​កំហែង​ដោយផ្ទា​ល់​ដល់​អាយុ​ជីវិត ជីវភាព​រស់នៅ​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពួក​គេ ក៏ដូចជា​ជួយ​ជំរុញ​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​​របស់​ប្រជា​សហ​គមន៍​។

​ចា​ប់តាំងពី​ឆ្នាំ​១៩៩១ ​រដ្ឋាភិ​បាល​ជប៉ុន​បាន​ផ្តល់​ថវិកាជាង​៦៦​លាន​ដុល្លារ​អាមេរិ​ក ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន ​និង​អង្គ​ការ​ក្រៅរដ្ឋា​ភិបាល​ ដើម្បី​អនុវត្ត​គម្រោង​គូ​សាណូ​ណិ​ចំនួន​៧០៧​គម្រោង​ នៅ​ទូទាំង​ប្រទេ​ស​កម្ពុជា​៕