ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្ថិភាព និងត្រូវត្រួតពិនិត្យបឋមមុនពេលចេញដំណើរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់តាមកាលកំណត់ មុននឹងធ្វើដំណើរតាមផ្លូវល្បឿងលឿន ក្រោយពីក្រសួងសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ មានរថយន្តខូច និងឆេះ ពេលធ្វើដំណើរនៅលើផ្លូវល្បឿនលឿន។
ការអំពាវនាវនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដោយក្រសួងបានលើកឡើងថា៖«សូមកុំបើកបរលើសល្បឿនកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ មុននឹងធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន»។
ទន្ទឹមនឹងនេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សង្កេតឃើញមានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់យល់ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់ជាដើម។ កត្តាទាំងនេះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការអនុវត្តការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿននេះ កាលពីពេលថ្មីៗនេះ ក៏ធ្លាប់បានអំពាវនាវជារឿយៗ ដល់ពលរដ្ឋគ្រប់រូប ឱ្យអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងសូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ កុំបើកបរបញ្ច្រាសទិសចរាចរណ៍។
លោក គឹម បញ្ញា នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី ថ្លែងថា ការបំពានរបស់អ្នកបើកបរមួយចំនួនអំឡុងពេលធ្វើដំណើរលើផ្លូវល្បឿនលឿននេះ អាចមកពីអ្នកបើកបរមិនទាន់យល់ដឹងពីគោលការណ៍ប្រើប្រាស់ផ្លូវល្បឿនលឿន, ទម្លាប់របស់អ្នកបើកបរនិងមកពីចំណេះដឹងលើការបើកបរនៅផ្លូវល្បឿនលឿនរបស់ពលរដ្ឋ នៅមានកម្រិតជាដើម។
លោក គឹម បញ្ញា ថ្លែងថា៖«ដើម្បីបញ្ចៀសកុំឱ្យគ្រោះថ្នាក់ជាយថាហេតុកើតឡើង ក្រសួងនិងក្រុមហ៊ុន ត្រូវក្រើនរំឭកនៅតាមបញ្ជរបង់លុយ មុននឹងឱ្យអ្នកបើកបរផ្លូវល្បឿនលឿនធ្វើដំណើរលើដងផ្លូវ ដោយក្រសួងសាធារណការគួររៀបចំឱ្យកម្មវិធីតាមប្រព័ន្ធទូរស័ព្ទ ដែលអាចឱ្យសញ្ញាដល់អ្នកបើកបរ ពេលធ្វើដំណើរដល់តំបន់ដែលអាចប្រឈមខ្ពស់នឹងគ្រោះថ្នាក់»។
លោកបានបន្ថែមថា រដ្ឋគួរតែបំពាក់កាមេរ៉ាសុវត្ថិភាពចាប់ល្បឿនឱ្យដូចទៅនឹងផ្លូវជាតិលេខ ៣ និងត្រូវកំណត់លក្ខខណ្ឌសុវត្ថិភាពនៃដងផ្លូវ ការរៀបចំឱ្យមានរថយន្តសង្គ្រោះបឋមជាប្រចាំ នៅពេលមានគ្រោះថ្នាក់កើតឡើង ការផ្សព្វផ្សាយដល់ពលរដ្ឋមូលដ្ឋានកុំឱ្យកាត់របងបន្លាលួស ដើម្បីឆ្លងចូលមកផ្លូវល្បឿនលឿន។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល៤ខែ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានយានយន្តធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហុន ចំនួន ១ ៤១៣ ៩០៦ដង ខណៈត្រឹមខែកុម្ភៈ មានរថយន្តចរាចរណ៍ចំនួន ៣៥០ ៧៨៥ដង។ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនដំបូងនេះ អាចរកចំណូលបានសរុបជិត ១១លានដុល្លារសហរដ្ឋអាមេរិក៕