ភ្នំពេញៈ ​ លោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធយុវជន​កម្ពុជា​ (​សស​យក​) និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តាំផ្ញើឱ្យ​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​ត្រូវ​ចងចាំ​មេរៀន​ប្រវត្តិសាស្ត្រ​ថ្ងៃ​រដ្ឋប្រហារ​ឆ្នាំ​ ១៩៧០ ទម្លាក់​តំណែង​ព្រះបាទសម្តេចព្រះ​នរោត្តម សីហនុ ពី​ព្រះប្រមុខរដ្ឋ កើតចេញពី​ការជ្រៀត​ជ្រែកកិច្ចការផ្ទៃក្នុង​ពី​សំណាក់​បរទេស ដែល​នាំ​ឱ្យប្រទេសជាតិ​ធ្លាក់​ទៅក្នុង​ភ្នក់ភ្លើង​សង្គ្រាមស៊ីវិល បែកបាក់​សាមគ្គីភាព​ជាតិ​រាប់​ទសវត្សរ៍​។​

​ការ​ផ្តាំផ្ញើ​របស់លោក ​ហ៊ុន ម៉ា​នី ដូចនេះ ធ្វើឡើង​នៅ​ចំ​ខួប​លើក​ទី​៥៣ នៃ​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ពី​សំណាក់​ក្រុម​លោក​សេនាប្រមុខ​លន់ នល់ ទម្លាក់​តំណែង​ព្រះបាទសម្តេច​ព្រះនរោត្តម សីហនុ ចេញពី​ព្រះប្រមុខរដ្ឋ ដែល​គេ​ចាត់ទុកជា​ដើមចម​នាំ​ឱ្យកម្ពុជា​ធ្លាក់ចូល​រណ្តៅ​សង្គ្រាមស៊ីវិល​ពេញ​ផ្ទៃ​ប្រទេស ហើយ​ឈានដល់​កើតមាន​របប​វាលពិឃាត​ ពោលគឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយសា​ឡុ​ត ស ហៅ​ប៉ុល ពត និង​ក្រុមខ្មែរក្រហម​។​

​លោក​ហ៊ុន ម៉ា​នី បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នៅ​ថ្ងៃទី​១៨ ខែមីនា ថា ក្នុងនាម​លោក​ជា​យុវ​ជន​ខ្មែរ​ជំនាន់​ក្រោយ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការធ្វើ​រដ្ឋប្រហារ​កាលពី ៥៣​ឆ្នាំមុន ជា​ចំណុច​ចាប់ផ្តើម​នៃ​ភ្លើងសង្គ្រាម​ស៊ីវិល ដែល​បាន​នាំទុក្ខ​វេទនា​ដល់​ប្រជាជន​កម្ពុជា​។​

​លោក​បន្តថា សង្គ្រាម​បាន​នាំ​ឱ្យកម្ពុជា​ធ្លាក់​ទៅក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​អស់​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។​

​តំណាងរាស្ត្រ​វ័យក្មេង​របស់​គណបក្ស​ប្រជាជន​រូបនេះ លើកឡើងថា គេ​អាច​ទាញយក​មេរៀន​ចំនួន ២​ចំណុច​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ទុកជា​មេរៀន​សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់​ចងចាំ​។

​ក្នុងនោះ គឺ​ការជ្រៀតជ្រែក​ពី​បរទេស​នាំ​ឱ្យ​កម្ពុជា ឆ្លងកាត់​ភាពមិនច្បាស់លាស់ ហើយ​នាំ​ដល់​សោកនាដកម្ម ជា​បទពិសោធន៍​ជូ​រចត់​សម្រាប់​ខ្មែរ​គ្រប់រូប និង​ការជ្រៀតជ្រែក​ពី​បរទេស នាំ​ឱ្យ​កម្ពុជា​បែកបាក់​សាមគ្គីភាព​ជាតិ និង​ប្រជាជន​រាប់​ទសវត្សរ៍ ទម្រាំ​អាច​ស្តារ​វិល​មករក​សាមគ្គី​ភាព​ជាតិ ឯកភាព​ជាតិ​វិញ​ក្រោយ​អនុវត្ត​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​ ឈ្នះ កាលពី​ថ្ងៃទី​២៩ ខែ​ធ្មូ ឆ្នាំ​១៩៩៨​។​

​ លោក​សង្កត់ធ្ងន់ថា​៖ «​ផ្អែកលើ​មេរៀន នៃ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ កូន​ខ្មែរ​គ្រប់រូប ត្រូវ​ចងចាំ​ដាច់ខាត​នូវ​ព្រឹត្តិការណ៍​នេះ កុំ​ឱ្យ​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​នេះ កើតឡើង​វិញ​, យើង​ត្រូវ​ថែរក្សា​សាមគ្គី ឯកភាព ផ្ទៃក្នុង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យបាន​ដាច់ខាត ដោយ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​នានា​ដោយ​ខ្លួនឯង និង​ជំរុញ​បន្ថែមទៀត ការអភិវឌ្ឍ​ប្រទេសជាតិ ដោយ​ផ្អែកលើ​ផលប្រយោជន៍​របស់​ប្រទេសជាតិ​យើង​»​។​

​ លោក​ហ៊ុន ម៉ា​នី បន្ថែមថា​៖ «​មួយទៀត យើង​ត្រូវបញ្ជូន​សារ​ទៅ​មិត្ត​បរទេស​ដែរ​ថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ គឺ​ត្រូវគោរព អធិបតេយ្យ ឯករាជ្យ និង​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​យើង​ត្រូវ​រក្សា​ឱ្យបាន​ដើម្បី​អនាគត​របស់​ប្រជាជន​យើង​»​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បានថ្លែងដោយយល់ស្រប​ចំពោះ​ទស្សនៈ​របស់លោក​ហ៊ុន ម៉ា​នី ដោយ​លោក​បន្ថែមថា បទពិសោធន៍​ជូរចត់​ទាំងនេះ អ្នកជំនាន់ក្រោយ​គួរ​ពិចារណា​និង​ចៀសវាង​កុំ​ឱ្យ​កើតមាន​តទៅទៀត​។

​លោក​ថា ព្រឹត្តិការណ៍​រដ្ឋប្រហារ ១៨​ មីនា ១៩៧០ ដែលមាន​កម្លាំង​ពី​បរទេស​ជួយ​ជ្រោមជ្រែង ​ពោលគឺ​សហរដ្ឋអាមេរិក ​ចេញពី​សង្គ្រាម​វៀតណាម ចូលដល់​ដែនដី​កម្ពុជា​ដែល​នាំ​ឱ្យកម្ពុជា​លិចលង់​ទៅក្នុង​សង្គ្រាមស៊ីវិល​រាប់​ទសវត្សរ៍​។​

​ លោក​សុខ ឥសាន បាន​ប្រាប់ថា​៖ «​យើង​មើលឃើញ​ហើយ ការដណ្តើម​អំណាច​ដោយ​មិន​ប្រកបដោយ​ប្រជាធិបតេយ្យ​ទេ វា​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គមជាតិ ដល់​ប្រជាជន​។ ជាក់ស្តែង​រដ្ឋប្រហារ​ថ្ងៃ១៨ មីនា១៩៧០ នេះ​បង្ក​ឱ្យមាន​សង្គ្រាម​វិនាស​កម្ម​៥​ឆ្នាំ ហើយ​បន្ត​ដោយ​របប​ប្រល័យពូជសាសន៍​រយៈពេល​ជិត៤​ឆ្នាំ​ទៀត ដល់​ឆ្នាំ​១៩៧៩។ ក្រោយមក​ទោះ​មានការ​រំដោះ​ក្តី ក៏​នៅមាន​ផលវិបាក​បន្ថែម​បន្ត​អូសបន្លាយ​ជាង ១០​ឆ្នាំ​ទៀត ទើប​យើង​មានសន្តិភាព ការឯកភាព​ជាតិ​បាន​»​។​

​លោក​យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ​សោកនាដកម្ម​ក្រោយ​រដ្ឋប្រហារ​ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ដែល​នាំ​កម្ពុជា​ធ្លាក់​ក្នុង​រណ្តៅ​សង្គ្រាមស៊ីវិល​រាប់សិប​ឆ្នាំ ជាពិសេស​នាំ​ឱ្យកម្ពុជា​បាក់ស្បាត​មកដល់​សម័យ​បច្ចុប្បន្ន​។​

​លោក​សង្កត់ធ្ងន់ថា មិន​គ្រាន់តែ​មានការ​ជ្រៀត​ជ្រែ​កកិច្ចការ​ផ្ទៃក្នុង​ពី​បរទេស​ឡើយ តែដោយសារ​កំហុស​រប​ស់​អ្នកនយោបាយ​ខ្មែរ​ដែរ ដែល​បាន​បើកដៃ​ឱ្យ​បរទេស​លូក​កកូរ​បាន ជា​តថភាព​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ត្រូវ​ទទួលស្គាល់ ជា​មេរៀន​សម្រាប់​កូន​ខ្មែរ​គ្រប់រូប ត្រូវ​ចេះ​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ ព្រោះ​បរទេស​តោង​មាន​ម​ហិ​ច្ឆតាច​ង់​លូកលាន់​ផ្ទៃក្នុង​កម្ពុជា​ជានិច្ច គ្រប់​សម័យកាល​។​

​ លោក យង់ ពៅ គូសបញ្ជាក់ថា​៖ «​ក្រោយពី​ការធ្លាក់ចុះ​នៃ​អាណាចក្រ​អង្គរ យើង​ចាប់ផ្តើម​ចុះ​ទន់ខ្សោយ​ជា​លំដាប់ ដោយ​សារ​ការបែកបាក់​ផ្ទៃក្នុង ការដណ្តើម​អំណាច​ផ្ទៃក្នុង អ៊ីចឹង​នេះ​ជា​មេរៀន​សម្រាប់​ប្រជាជន​កម្ពុជា ជាពិសេស​យុវជន​សម្រាប់​កសាង ពង្រឹងសមត្ថភាព ដើម្បី​មានលទ្ធភាព​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ជាជាង​ជាតិនិយម​ម្តងម្កាល​តាម​ការ​ញុះញង់​ពី​អ្នកដទៃ ប្រតិកម្ម​នយោបាយ​ដោយ​គ្មាន​ហេតុផល បង្ក​អំណោយផល​ឱ្យមានការ​ជ្រៀតជ្រែក​ពី​បរទេស​»​។​

​ ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះដែរ លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ថ្លែង​ថា ១៨ មីនា ១៩៧០ មេរៀន​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​ចងចាំ ជា​ថ្ងៃ​ដែល​ក្រុម​លោក​សេនាប្រមុខ លន់ នល់ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ចេង ហេង អុិន តាំ ដោយមាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ ពី​ព្រះប្រមុខរដ្ឋ​។​

​លោក​ថា​៖ «​រដ្ឋប្រហារ​បាន​នាំឱ្យ​កើត​ភ្នក់ភ្លើងសង្គ្រាម និង​នាំ​កម្ពុជា​ធ្លាក់​ក្នុង​វាលពិឃាត​ខ្មែរក្រហម​នា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ និង​ការបំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​នូវ​ខឿនសេដ្ឋកិច្ច វប្បធម៌ សង្គម​។​ពលរដ្ឋ​ខ្មែរ​ប្រកាស​ការពារ​ដាច់ខាត​នូវ​សុខសន្តិភាព ការអភិវឌ្ឍ​ដែលមាន​នេះ មិន​អនុញ្ញាតឱ្យជនអគតិ និង​ចៅហ្វាយនាយ​បរទេស​ពួកគេ​បំផ្លាញ​បានឡើយ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​»៕