
ពលរដ្ឋជាអ្នកទិញអចលនទ្រព្យ ជាមួយម្ចាស់បុរីវីអាយភីជាច្រើននាក់ លើកបដាតវ៉ាបិទផ្លូវសាធារណៈនៅថ្ងៃទី ១៩ មីនា។ រូបថត សហការី
ភ្នំពេញៈ ពលរដ្ឋជាអ្នកទិញអចលនទ្រព្យជាមួយម្ចាស់បុរីវីអាយភីជាច្រើននាក់ បាននាំគ្នាបិទផ្លូវតវ៉ាជាថ្មីនៅផ្លូវលេខ ២១៧ មុខបុរី វីអាយភី ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ផ្លូវបំបែកទំនប់សណ្តស្ទឹង និងគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម និងស្ដុបបារគូ ស្ថិតនៅភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីទាមទារឱ្យមានការជួយអន្តរាគមន៍ដល់ម្ចាស់បុរីឱ្យផ្តល់ប្លង់កម្មសិទ្ធិដីផ្ទះ ដែលពួកគាត់បានទិញ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលកំពុងឈរតវ៉ាបិទផ្លូវ លោក គឹម ហ៊ាង អាយុ ៤៥ ឆ្នាំ បាននិយាយថា ពលរដ្ឋជាច្រើនរយគ្រួសារធ្វើការបិទផ្លូវតវ៉ានេះដោយសារកើតទុក្ខមិនសុខចិត្តនិងចង់ឱ្យម្ចាស់បុរី VIP ចេញមកទទួលខុសត្រូវ ក្នុងរឿងនេះព្រោះពលរដ្ឋបានទិញដី និងផ្ទះពីបុរី VIP ហើយមិនទទួលបានប្លង់កម្មសិទ្ធិយកទៅប្រើប្រាស់ដូចកាលដែលម្ចាស់បុរីសន្យានោះទេ។ មួយវិញទៀត លោកមានការព្រួយបារម្ភបន្ទាប់ពីទទួលដំណឹងថា តុលាការនឹងធ្វើការឹបអូសផ្ទះប្រជាពលរដ្ឋ ដែលបានបង់រំលស់រួចហើយនោះ។
លោកថ្លែងថា៖«ការមកតវ៉ានេះមិនមែនជាលើកទី១ ទេ គឺមករាប់ភ្លេចហើយ ប៉ុន្តែមិនឃើញមានប្រសិទ្ធភាព ហើយយើងខ្ញុំមកទាំងអស់គ្នាលើកនេះ គឺសំណូមពរឱ្យសម្តេចពុក ជួយដល់ប្រជាពលរដ្ឋ»។
លោក ញ៉ិល បូទី តំណាងប្រជាពលរដ្ឋផ្ទះល្វែងគម្រោងទី១ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈទូរស័ព្ទថា លោកបានទិញផ្ទះបង់រំលស់នៅក្នុងបុរី VIP ដោយបង់ដាច់រួចចប់សព្វគ្រប់ហើយ តាំងពីចុងឆ្នាំ ២០១៩ ប៉ុន្តែ មិនបានទទួលប្លង់កម្មសិទ្ធិយកមកប្រើប្រាស់នោះទេរហូតមកដល់បច្ចុប្បន្ននេះ។
លោកបានសម្តែងក្តីបារម្ភជាខ្លាំងបន្ទាប់ពីបានទទួលដំណឹងថា មានម្ចាស់បំណុលប្តឹង រឹបអូសផ្ទះដែលម្ចាស់បុរី VIP យកប្លង់ទៅដាក់បញ្ជាំ។
លោកថ្លែងថា៖«ព្រួយបារម្ភត្រង់ថា ពីមុនគ្រាន់តែម្ចាស់បុរីគាត់អត់ទាន់ឱ្យប្លង់ ដល់ពេល ១ រយៈនេះឮថា ម្ចាស់បំណុលគាត់ប្តឹងចេញដីការឹបអូសថែមទៀត យើងកាន់តែបារម្ភខ្លាំងត្រង់ចំណុចហ្នឹង»។
តាមសេចក្ដីប្រកាសព័ត៍មាន របស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៩ ខែមីនាបានឱ្យដឹងថា ការប្រមូលផ្តុំធ្វើការតវ៉ាបិទផ្លូវសាធារណៈនេះ ធ្វើឡើងនៅផ្លូវលេខ ២១៧ ត្រង់ចំណុចមុខបុរី វីអាយភី ស្ថិតនៅ ភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ផ្លូវបំបែកទំនប់សណ្តស្ទឹង និងគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម និងស្ដុបបារគូ ស្ថិតនៅភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កដោយអ្នកទិញអចលនទ្រព្យ ជាមួយម្ចាស់បុរី វីអាយភី ប្រមាណ ១០០ នាក់ ចាប់ពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹក។
ទោះបី អាជ្ញាធរមានសមត្ថកិច្ចបានសំណូមពរឱ្យបើកផ្លូវសាធារណៈឡើងវិញយ៉ាងណា ក៏ពួកគាត់មិនស្តាប់តាមការអង្វរករ ហើយបន្តធ្វើសកម្មភាពបិទផ្លូវ រហូតដល់ម៉ោង ០២:២០ នាទីរសៀល។
តាមរយៈសេចក្តីប្រកាសនោះ រដ្ឋបាលរាជធានីភ្នំពេញបានសម្ដែងការសោកស្តាយចំពោះអ្នកបានទិញអចលនទ្រព្យជាមួយម្ចាស់បុរី ដែលបានយកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំង ដើម្បីធ្វើការដោះស្រាយវិវាទរបស់ខ្លួន នាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ខូចសណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ។
ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវកុំឱ្យយកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំងក្នុងការដោះស្រាយវិវាទរបស់ខ្លួនទៀតនៅពេលខាងមុខ ព្រោះសកម្មភាពនោះធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ។
អាជ្ញាធររាជធានីភ្នំពេញព្រមានថា នឹងពិចារណាចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន ក្នុងករណីនៅតែមានការបិទផ្លូវសាធារណៈសាជាថ្មីទៀត ប្រសិនបើមានសំណូមពរ ឬបណ្តឹងពីប្រជាពលរដ្ឋដែលរងព្យសនកម្មពីសកម្មភាពបិទផ្លូវសាធារណៈ។
រដ្ឋបាលរាជធានីភ្នំពេញលើកឡើងថា សកម្មភាពខុសច្បាប់បិទផ្លូវសាធារណៈ បានធ្វើឱ្យសាធារណជនមានការខកចិត្ត ស្រងាកចិត្ត ដោយបានប្រែក្លាយពីសមានចិត្ត អាណិតអាសូរ ឈឺឆ្អាល មកខឹងសម្បា អាក់អន់ស្រពន់ចិត្តចំពោះការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ពួកគាត់ក្នុងការធ្វើដំណើរ។
ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចដែលកំពុងខិតខំជ្រោមជ្រែង ជួយដោះស្រាយកន្លងមក ក៏មានការលំបាកក្នុងការបន្តដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះទៀតផងដែរ ដោយសារប្រជាពលរដ្ឋមិនទទួលយកសំណូមពរពីអាជ្ញាធរ។
ជុំវិញបញ្ហាវិវាទរបស់ពលរដ្ឋនិងម្ចាស់បុរី VIP រដ្ឋបាលរាជធានីភ្នំពេញបានគូសបញ្ជាក់សារជាថ្មីថា ករណីវិវាទនេះជាវិវាទ ការអនុវត្ត កិច្ចសន្យាដែលមានការឯកភាពរវាងភាគីទាំង ២ (អ្នកទិញ និងអ្នកលក់) ជាសំណុំរឿងរដ្ឋប្បវេណី ស្ថិតក្រោម សមត្ថកិច្ច ដោះស្រាយរបស់ស្ថាប័នតុលាការ និងមានភាពស្មុគស្មាញចាក់ស្រេះដោយមាន ការពាក់ព័ន្ធជាមួយភាគីទី៣ ឬភាគីច្រើនបន្ថែមទៀត។
រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា កន្លងមកខ្លួនបានខិតខំព្យាយាមសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការជាច្រើនលើកច្រើនសា ចាប់ពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ រហូតដល់មានការអញ្ជើញគ្រប់ភាគីពាក់ព័ន្ធវិវាទទាំងអស់មកធ្វើការ ដោះស្រាយបន្តទៀត កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសាលារាជធានីភ្នំពេញ ព្រមទាំងបាន ចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ស្ដីពីលទ្ធផលនៃការប្រជុំដោះស្រាយវិវាទនៅថ្ងៃដដែលនោះ ផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា៖ «តាមរយៈខ្លឹមសារនៃកិច្ចប្រជុំខាងលើបើទោះជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានស្ម័គ្រចិត្តប្រគល់សិទ្ធិជាផ្លូវការជូនរដ្ឋបាលរាជធានីភ្នំពេញធ្វើការសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការក៏ដោយ ក៏មកដល់ពេលនេះភាគីមួយចំនួននៅពុំទាន់ប្រគល់ឯកសារប្រគល់សិទ្ធិមក រដ្ឋបាលរាជធានីភ្នំពេញនៅឡើយ»។
រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តការអត់ធ្មត់ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពតាមយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្របតាមខ្លឹមសារ កិច្ចប្រជុំកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ឬយន្តការច្បាប់នានា ចៀសវាងការធ្វើសកម្មភាពខុស ច្បាប់នានា ដូចករណីបិទផ្លូវសាធារណៈនៅថ្ងៃទី ១៩ ខែមីនា នេះ៕