ភ្នំពេញៈ រដ្ឋសភាកម្ពុជា បានលើកឡើងថា សេចក្តីសម្រេចរបស់សភាអឺរ៉ុប បានបង្ហាញពីការមិនគោរពមកលើឯករាជភាព និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើឱ្យកម្ពុជាមានការខកចិត្តយ៉ាងខ្លាំងលើសភាអឺរ៉ុប។
សភាកម្ពុជាបង្ហាញពីការខកចិត្តនេះ កាលពីថ្ងៃទី ១៧ មីនា តាមរយៈការចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសេចក្តីសម្រេចចិត្តលេខ 2023/2589 (RSP) របស់សភាអឺរ៉ុបមាន ៧ ចំណុច ដែលក្នុងនោះក៏មានការទាក់ទងនឹងការកាត់ទោសលោក កឹម សុខា និងគំរាមលើការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ (EBA)» ពីកម្ពុជាបន្ថែមទៀតផងដែរ។
រដ្ឋសភាកម្ពុជាបានសង្កត់ធ្ងន់ថា៖ «យើងសូមច្រានចោល សេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប ដែលមានខ្លឹមសាររំលោភបំពានយ៉ាងធ្ងន់ធ្ងរ មកលើសិទិ្ធអធិបតេយ្យរបស់រដ្ឋជាសមាជិកមួយនៃអង្គការសហប្រជាជាតិ»។
យោងលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងទិដ្ឋភាពច្បាប់រួមទាំងបទប្បញ្ញត្តិជាតិជាធរមានទាំងឡាយ ជាពិសេសក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌសភាកម្ពុជាបានបញ្ជាក់សាជាថ្មីម្ដងទៀតនូវជំហរស្របគ្នាជាមួយនឹងការឆ្លើយតប និងសេចក្តីថ្លែងការណ៍ទាំងឡាយ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃទី ៣ មីនា ឆ្នាំ ២០២៣ ដែលសេចក្តីថ្លែងការណ៍នោះបានសង្កត់ធ្ងន់ថា «ឧក្រិដ្ឋកម្ម គឺជាឧក្រិដ្ឋកម្ម ហើយឧក្រិដ្ឋកម្មមិនអាចកែតម្រូវដើម្បីបុព្វហេតុផ្សេងនោះទេ»។
សភាកម្ពុជាបញ្ជាក់ថា៖ «យើងសូមច្រានចោលទាំងស្រុងនូវការចោទប្រកាន់ទាំងឡាយក្នុងសេចក្តីសម្រេចចិត្តនេះ ហើយក៏សូមបរិហារទៅលើទង្វើរបស់ក្រុមសមាជិកសភាឆ្វេងនិយមនៃសភាអឺរ៉ុបមួយចំនួន ចំពោះការបំពាននយោបាយ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋតូចជាង និងទន់ខ្សោយជាង ដោយមើលរំលងទាំងស្រុងនូវគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងនីតិរដ្ឋដែលកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់»។
«សភាអឺរ៉ុប ជាពិសេសក្រុមអ្នកនយោបាយឆ្វេងនិយមជ្រុល បាននិងកំពុងបំពងសំឡេង ក្នុងការយកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៅធ្វើនយោបាយទោះបីជាត្រូវលះបង់ សន្តិភាព ស្ថិរភាពភាពសុខដុមរមនាសង្គម និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់ ប្រទេសនោះក៏ដោយ»។ នេះបើតាមសេចក្តីថ្លែងការណ៍សភាកម្ពុជា។
សភាកម្ពុជាក៏ទទូចឱ្យសមាជិកសភាអឺរ៉ុបទាំងអស់ដែលមកពីក្រុមផ្សេងៗគ្នាខិតខំប្រឹងប្រែងលើកកម្ពស់នូវកិច្ចសន្ទនាស្មោះត្រង់ បើកចំហ និងបរិយាប័ន្ន ជាមួយកម្ពុជាដោយផ្អែកលើគោលការណ៍នៃការគោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផលប្រយោជន៍គ្នា ទៅវិញទៅមក ដើម្បីបុព្វហេតុនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៦ មីនា សភាអឺរ៉ុប បានចេញសេចក្តីសម្រេចអនុម័តជាផ្លូវការ ចំនួន ៧ ចំណុច ដោយក្នុងនោះមានការព្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក្នុងករណីការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ ប្រព្រឹត្តទៅមិនស្របតាមស្តង់ដាអន្តរជាតិ។
សេចក្តីសម្រេចនេះ ក៏បានអំពាវនាវឱ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងមន្ត្រី និងសកម្មជនគណបក្សប្រឆាំងទាំងអស់ដែលត្រូវបានកាត់ទោស ឬឃុំខ្លួន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនយោបាយ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការចេញសេចក្តីសម្រេចរបស់សភាអឺរ៉ុប បង្ហាញពីការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ព្រោះបានរំលោភលើអធិបតេយ្យរបស់កម្ពុជា។ លោកថ្លែងនៅថ្ងៃទី ១៩ មីនា ថា៖ «បើរដ្ឋាភិបាលកម្ពុជា ព្រមធ្វើតាមសភាអឺរ៉ុប មានន័យថា រដ្ឋាភិបាលមិនបានអនុវត្តនីតិរដ្ឋទេ តែជាការធ្វើតាមការបង្គាប់បញ្ជាហើយលូកលាន់ទៅលើកិច្ចការតុលាការដែលនេះជាអ្វីដែលរដ្ឋាភិបាលមិនអាចធ្វើបាននោះទេ»។
លោក យង់ ពៅ បន្ថែមថា សភាអឺរ៉ុប មិនគួរដាក់ការគំរាម ឬកំណត់ឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើនេះឬធ្វើនោះតាមទេ ដែលនេះវាបង្ហាញថា «រដ្ឋាភិបាលខ្មែរជាក្មេង ជាកូនង៉ែត ជាកុមារ ឬជាមនុស្សដែលចាំតែធ្វើតាមការបង្គាប់បញ្ជាដោយមិនអនុលោមតាមផ្លូវច្បាប់ វិធានផ្ទៃក្នុងរបស់ខ្លួនឡើយ»។
លោកសង្កត់ធ្ងន់ថា៖ «តាមការយល់ឃើញរបស់ខ្ញុំ រដ្ឋាភិបាលមិនអាចធ្វើតាមការស្នើរបស់សភាអឺរ៉ុបនោះទេ តែរដ្ឋាភិបាលនឹងធ្វើការជាធម្មតាទៅលើការបោះឆ្នោត ហើយករណីរបស់លោក កឹម សុខា គឺអនុលោមទៅតាមសាលក្រមរបស់តុលាការ»៕
វីដេអូ៖