​ភ្នំពេញៈ មន្ត្រី​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ​.​ជ​.​ប​) ​បញ្ជាក់ថា គ​.​ជ​.​ប​នឹង​ពិចារណា​ដើម្បី​ស្នើ​ទៅ​បារាំង​សម្រាប់​ជំនួយ​ក្នុង​ការរៀបចំ​ការបោះឆ្នោត បន្ទាប់ពី​បារាំង​បាន​សួរ​មក​កម្ពុជា​ថា តើ​ចង់ឱ្យ​បារាំង​ជួយ​លើ​ផ្នែក​ណាមួយ ខណៈ​បារាំង​ចង់ឃើញ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ដូច​ការកំណត់​នៃ​ច្បាប់​។​

​លោក​ ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប​. បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ គ​.​ជ​.​ប​និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​ទទួលបន្ទុក​ការងារ​បោះឆ្នោត ទៅ​ទស្សន​កិច្ច​រយៈពេល​ ១​ សប្តាហ៍​ពីថ្ងៃ​ទី ​១៣-១៩ ខែមីនា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ដើម្បី​ស្វែងយល់និង​ផ្លាស់ប្ដូរ​បទពិសោធន៍​លើ​ការងារ​រៀបចំ​ការបោះឆ្នោត​នៅ​ប្រទេស​បារាំង​។​

​លោក​ ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប ថ្លែងប្រាប់​អ្នកកាសែត​នៅ​អាកាសយានដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ក្រោយ​វិលត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​នេះ​នៅ​ថ្ងៃទី​​ ១៩ ខែមីនា ថា ប្រព័ន្ធ​បោះឆ្នោត​នៅ​បារាំង​មិន​ដូច​នៅ​កម្ពុជា​ទេ ព្រោះ​បារាំង​រៀបចំ​ការបោះឆ្នោត​តាំងពី​សតវត្សរ៍​ទី​ ១៩ ដែលមាន​ការកែលម្អ​ជា​បន្ដបន្ទាប់ ហើយ​រហូតដល់​ឥឡូវ​បារាំង​មានការ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​។​

​លោក​បញ្ជាក់ថា គណៈប្រតិភូ​បាន​ជួប​ជាមួយ​ក្រសួងមហាផ្ទៃ​បារាំង​ដែលជា​ស្ថា​ប័នរៀបចំ​ការបោះឆ្នោត​ដោយផ្ទាល់​តែម្តង​តែ​មិនមែនជា​គណៈកម្មការ​ដូ​ច​នៅ​កម្ពុជា​ដែលជា​គណៈកម្មការ ​«​ឯករាជ្យ​»​ រៀបចំ​ការ​បោះឆ្នោត​នោះទេ​។​ក្រសួងមហាផ្ទៃ​បារាំង​មាន​ប្រព័ន្ធ​បណ្តាញ​ជា​អាជ្ញាធរ ក្រុង អាជ្ញា​ធរ​ខេត្ត និង​អាជ្ញាធរ​ឃុំ សង្កាត់​ដែល​រៀបចំ​ការបោះឆ្នោត​នេះ​។​

​លោក ទេព នីថា បន្ថែមថា គណៈប្រតិភូ​ក៏បាន​ជួប​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត​ដូចជា​ក្រុមប្រឹក្សារដ្ឋ និង​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញ ដែល​ស្ថាប័ន​ទាំង​ ២ ​នេះ​ជា​ស្ថាប័ន​ដោះ​ស្រាយ​ពាក្យបណ្ដឹង​ការបោះឆ្នោត ព្រមទាំង​បាន​ជួប​ជាមួយ​ស្ថាប័ន​និយតកម្ម និង​សោត​ទស្សន៍​ឌីជីថល​ដែលមាន​ភារកិច្ច​សម្រប​សម្រួលការ​ឃោសនា​រប​ស់​គណបក្ស​ន​យោ​បាយ​នៅពេល​ឃោសនាបោះឆ្នោត​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ ការ​ទៅ​ទស្សន​កិច្ច​សិក្សា​នេះ ឬក៏​ស្វែងយល់​នេះ​គឺថា​យើង​បាន​ចូលរួម​គ្រប់​កម្មវិធីរ​បស់​គេ ហើយ​ដំណើរការ​ជាទូទៅ​ល្អ​។ ជា​លទ្ធផល​វិញ​ខ្ញុំ​សូម​ជម្រាប​លើ​ ៣​ ចំណុច​។ ទី​១​គឺ​យើង​បាន​ស្វែងយល់​អំពី​ការបោះឆ្នោត​នៅ​ប្រទេស​បារាំង ហើយ​ជាមួយ​នោះ​ក៏​យើង​បាន​ជូន​ព័ត៌មាន ឬក៏​ថា​បាន​ប្រាប់​អំពី​ប្រព័ន្ធ ឬក៏​ការរៀបចំ​ការបោះឆ្នោត​នៅ​ប្រទេស​យើង​អាច​ថា ឱ្យគេ​ដឹង​ពី​ការរៀបចំ​ការបោះឆ្នោត​នៅ​ប្រទេស​យើង​ដូចម្ដេច​ដែរ​។​ទី​ ៣ ​ក៏​យើង​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នៅ​ប្រទេស​បារាំង​។​ដំណើរការ ​[​ទស្សនកិច្ច​]​ របស់​យើង​នេះ​បានល្អ​ហើយ​អាច​ថា​យើង​បានទទួល​ជោគ​​ជ័យ​ព្រោះថា​យើង​ជា​អ្នកបច្ចេកទេស​ដូចគ្នា និយាយ​ឆាប់​ត្រូវ​គ្នា​ហើយ​យល់​គ្នាច្រើន​»​។​

​លោក​បាន​ដកស្រង់​សម្ដី​ភាគី​បារាំង​ថ្លែង​ក្នុងជំនួប​ថា​បារាំង​ចង់ឃើញ​ប្រទេស​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ឱ្យបាន​ដូច​ការកំណត់​នៃ​ច្បាប់​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ពហុភាព ហើយ​មន្ត្រី​រូបនោះ​បាន​សួរ​មក​ភាគី​កម្ពុជា​ថា​តើ​កម្ពុជា​ចង់ឱ្យ​បារាំង​ជួយ​អ្វី ឬ​ផ្នែក​ណាមួយ​នៅក្នុង​ការរៀប​ចំការ​បោះឆ្នោត​នៅពេល​ខាងមុខនេះ​»​។​

​លោក ​ទេព នីថា បញ្ជាក់ថា លោក ប្រាជ្ញ ចន្ទ បាន​អរគុណ​ទៅ​ភាគី​បារាំង​វិញ ហើយ​ប្រាប់​ភាគី​បារាំង​ថា​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២ កន្លងទៅនេះ ត្រូវបាន​រៀបចំ​បានល្អ ដែល​ក្នុងនោះ​មាន​គណបក្ស​ឈរឈ្មោះ​ ១៧ ហើយ​គណបក្ស​ចំនួន ​៩​ បាន​ជាប់ឆ្នោត​នៅតាម​ឃុំ​សង្កាត់​។​

​លោក​បញ្ជាក់ថា​៖ «​ឯកឧត្តម​ប្រធាន​ក៏បាន​អញ្ជើញ​ភាគី​បារាំង​ដើម្បី​មក​សង្កេត​​ការណ៍​បោះឆ្នោត​របស់​យើង​នៅ​ខែកក្កដា​ខាងមុខនេះ​។​ចំពោះ​ឱ្យ​បារាំង​ជួយ​អី​ខ្លះ​ហ្នឹង ឯកឧត្តម​ថា យើង​នឹង​ពិចារណា​ដើម្បី​ស្នើ​ទៅ​គាត់​វិញ​ដោយសារ​ថា ឥឡូវ​ហ្នឹង​វា​កៀក​នឹង​ថ្ងៃ​បោះឆ្នោត​របស់​យើង​ហើយ​»​។​

​គ​.​ជ​.​ប បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១០ ខែមីនា ថា ទស្សនកិច្ច​នេះ ធ្វើឡើង បន្ទាប់ពី​ជំនួប​រវាង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ​Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ដែល​ភាគី​បារាំង​បានលើកឡើង​ពី​គោលបំណង​ផ្តល់​ការគាំទ្រ​ដល់​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការងារ​បោះឆ្នោត​នៅ​កម្ពុជា តាមរយៈ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ផ្លាស់ប្ដូរ​បទពិសោធន៍​នៅ​ប្រទេស​បារាំង​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៧ ខែមីនា​បានឱ្យដឹងថា តំណាង​រដ្ឋ​នៃ​សហភាព​អឺរ៉ុប​រួម​មាន អូទ្រីស បែលហ្ស៊ិក ឆែក ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់​បារាំង អាល្លឺម៉ង់ ហូ​ឡង់ ស៊ុយអែត និង​ស្លូ​វ៉ា​គី បាន​បំពេញ​ទស្សនកិច្ច​រួមគ្នា​នៅ​ខេត្តកំពង់ធំ​។

​ក្រុម​គណៈប្រតិភូ​ក៏បាន​ជួបពិភាក្សា​ជា​មួយ​តំណាង គ​.​ជ​.​ប និង​តំណាង​គណ​​បក្ស​ធំៗ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើងទៀន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប្រចាំខេត្ត​កំពង់ធំ ដើម្បី​ស្វែងយល់​អំពី​ការត្រៀម​រៀបចំ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុងពេល​ខាងមុខ​។​

​ពាក់ព័ន្ធ​ការបំពេញ​ទស្សនកិច្ច​នេះ លោក កន សាវា​ង្ស អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​ត​មតិ​នៃ​អង្គ​ការខុមហ្រ្វែ​ល បាន​ថ្លែងថា ជាទូទៅ ការចូលរួម​សម្រាប់​ការផ្តោះប្តូរ​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ឬក៏​ធ្វើការ​រៀនសូត្រ​យក​បទពិសោធន៍​ពី​ប្រទេស​ដទៃ មិនមែនជា​រឿង​អាក្រក់​នោះទេ​។

​លោក​បាន​បន្ថែមថា​៖​ «​វា​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​សិក្សា ព្រោះ​ធម្មតា​យើង​ត្រូវ​ពិនិត្យមើល​ក្នុង​បណ្ដា​ប្រទេស​សេរី​ថា​តើ​គេ​មាន​ការវិវឌ្ឍ​ដំណើរការ​គេ​បែប​ម៉េច ក្នុង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដែល​គេ​រឹងមាំ​ហ្នឹង​គេ​អនុវត្ត​បែប​ម៉េច​។ អ៊ីចឹង ការដែល​ទៅ​សិក្សា ការ​ទៅ​រៀនសូត្រ ការ​ទៅ​ពិនិត្យមើល​នូវ​ដំណើរការ នូវ​ចំណុច​ល្អៗ​ហ្នឹង​គឺថា​វា​មិនមាន​អ្វីដែល​ជាការ​ខុសឆ្គង​ទេ បាទ​»៕

វីដេអូ៖