ភ្នំពេញៈ យ៉ាងហោចណាស់​មាន​មនុស្ស​រហូតដល់ ​១៧​ នាក់​បាន​ស្លាប់ និង​ ២២​ នាក់​ទៀត​បាន​រងរបួស​ធ្ងន់​​ស្រាល​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល ​៣​ ថ្ងៃ​ចុង​សប្តាហ៍​នេះ​។​ នៅ​ថ្ងៃទី ​១៩ ​មីនា គ្រោះថ្នាក់​​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ៣​ នាក់ របួសធ្ងន់ ២​ នាក់ របួសស្រាល ​៦ ​នាក់ ។​

​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅ​ថ្ងៃទី​ ១៩ ខែមីនា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន​ ១១​ នាក់​នេះ គឺ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន​៦​លើក​។​

​ជាមួយគ្នានេះ កាលពី​ថ្ងៃទី​ ១៨ មីនា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ​៥​ នាក់ របួសធ្ងន់ ២​ នាក់ របួសស្រាល​ ២ នាក់​។ គ្រោះថ្នាក់​ដែល​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន​ ៩ ​នាក់ នៅ​ថ្ងៃ​​ទី​ ១៨ ​មីនា គឺ​បាន​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ៦ ​លើក​។

​ចំណែក​កាលពី​ថ្ងៃទី​ ១៧ ខែមីនា មាន​មនុស្ស​យ៉ាងហោច​ណាស់​រហូតដល់​ ៩​ នាក់​បាន​ស្លាប់ ៧​ នាក់​រងរបួស​ធ្ងន់ និង​ ៣​ នាក់​រងរបួស​ស្រាល​។​

​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន​ ១៩​ នាក់​កាលពី​ថ្ងៃទី​ ១៧ ​ខែមីនា គឺ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ១១ ​លើក​ក្នុងនោះ មាន​មិន​គោរព​សិទ្ធិ​ចំនួន​ ៥ ​លើក ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ១ ​លើក និង​បត់​ក្នុងស្ថានភាព​គ្រោះ​ថ្នាក់​ចំនួន​ ៥ ​លើក​។​

​ការស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​កង្វល់​ដ៏​ធំ​មួយនា​ពេលបច្ចុប្បន្ន ហើយ​មន្ត្រី​ជំនាញ​តែងតែ​រំឭក​ឱ្យ​ពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​៕​