បាត់ដំបងៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ប្រកាសស្វែងរកអាណាព្យាបាលក្នុងប្រទេស ដើម្បីទទួលចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រាចំនួន ៨ នាក់ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលទារក និងកុមារជាតិ និងមណ្ឌលបុរីទី១នៅខេត្តបាត់ដំបង។
កុមារទាំង ៨ នាក់នេះ ក្នុងនោះមានកុមារពិការចំនួន ៤ នាក់ និងកុមារស្ថានភាពធម្មតាចំនួន៤នាក់។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣និងទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅសប្ដាហ៍នេះ។
លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ការប្រកាសជាសាធារណៈពាក់ព័ន្ធនឹងការស្មុំកូនចិញ្ចឹមក្នុងប្រទេស គឺវាមិនមែនជាការប្រកាសលើកទី១ឡើយ ពីព្រោះក្រសួងសង្គមកិច្ចតែងតែធ្វើករណីនេះជាប្រចាំ នៅពេលដែលមានមុខសញ្ញាថា មានក្មេងដែលអាចស្មុំចិញ្ចឹមបាន ខាងក្រសួងសង្គមកិច្ចនឹងធ្វើការជូនដំណឹងទៅដល់សាធារណជន។
លោក ថ្លែងបន្តថា បច្ចុប្បន្ននេះក្រសួងជំនាញកំពុងពិនិត្យមើលទៅលើឯកសារទាំងអស់ដែលបានដាក់ទៅក្រសួងដើម្បីស្នើសុំទទួលចិញ្ចឹមកូនទាំងនោះ។
លោក តូច ចាន់នី ថ្លែងថា៖ «នៅពេលដែលយើងមានក្មេងជាមុខសញ្ញាត្រូវស្មុំហ្នឹង គឺយើងជូនដំណឹងទៅសាធារណជនដើម្បីឱ្យគាត់បានដឹងថា តើមានអ្នកណាដែលមានបំណងចង់ស្មុំកូនយកមកចិញ្ចឹមខ្លះ?»។
លោកបន្តថា ៖«មូលហេតុដែលក្រសួងសង្គមកិច្ចតែងតែប្រកាសពីការស្មុំកូនចិញ្ចឹមនេះ ដោយសារតាមធម្មតាក្មេង នៅពេលមិនមានសាច់ញាតិទេ ខាងក្រសួងតែងតែប្រកាសរកអាណាព្យាបាលចិញ្ចឹម ឬជាឱពុកម្ដាយធម៌ ដើម្បីយកក្មេងៗទាំងនោះ ទៅមើលថែ និងចិញ្ចឹមបីបាច់។ ប៉ុន្តែក្នុងករណីដែលក្រសួងបានប្រកាសរកអស់លទ្ធភាពរួចហើយ មិនមានអ្នកណារក ឬចង់បានទៅចិញ្ចឹមទេនោះជម្រើសចុងក្រោយខាងក្រសួងនឹងយកក្មេងទាំងនោះទៅដាក់ក្នុងមណ្ឌល»។
លោក តូច ចាន់នីបញ្ជាក់ថា កាលពីឆ្នាំ២០២២ មានក្មេងចំនួន៥នាក់ ត្រូវបានស្មុំយកទៅចិញ្ចឹម ហើយក្នុងឆ្នាំ២០២៣នេះ គឺទើបតែមានក្មេងម្នាក់ទេដែលត្រូវបានស្មុំយកទៅចិញ្ចឹម។
ក្រសួងសង្គមកិច្ចបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងថា សម្រាប់អ្នកមានសញ្ជាតិខ្មែរទាំងអស់ ដែលមានចំណាប់អារម្មណ៍ និងមានបំណងចង់ស្មុំកូនចិញ្ចឹមក្នុងប្រទេស ក៏ដូចជាចង់ផ្សារភ្ជាប់មនោសញ្ចេតនា ជាគ្រួសារចិញ្ចឹម ដោយទឹកចិត្តសប្បុរសធម៌ និងក្តីអាណិតស្រឡាញ់ចំពោះកុមារកំព្រាណាម្នាក់ ឬធ្វើជាអ្នកអាណាព្យាបាលស្របច្បាប់ ក្នុងប្រទេសចំពោះកុមារកំព្រាទាំង៨នាក់នេះ សូមទំនាក់ទំនងដាក់ពាក្យ ស្នើសុំមកនាយកដា្ឋន កិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានអាសយដ្ឋានអគារលេខ៧៨៨ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ឬសូមទំនាក់ទំនងតាមលេខទូរស័ព្ទលេខ ០១៥ ៩៧៣ ៥៣៦៕