ភ្នំពេញៈ ក្រសួងព័ត៌មានបានទាមទារឱ្យសារព័ត៌មានខេមបូចា (CamboJA News) កែតម្រូវខ្លឹមសារអត្ថបទដែលបានចុះផ្សាយពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ ដែលបានកាត់ចោលចំណុចសំខាន់មួយចំនួនរបស់អ្នកនាំពាក្យក្រសួងនេះទាក់ទងនឹងអត្ថបទមួយស្តីពីការដកអាជ្ញាប័ណ្ណផ្សព្វផ្សាយចំនួន ៣ ខណៈស្ថាប័នខេមបូចាថានឹងពិនិត្យលើការស្នើនេះ។
លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងតាមរយៈសេចក្តីជូនព័ត៌មានរបស់អ្នកនាំពាក្យក្រសួងព័ត៌មាននៅថ្ងៃទី ២០ ខែមីនា ថា ក្នុងការចុះផ្សាយអត្ថបទជាភាសាអង់គ្លេសដែលមានចំណងជើងថា «ក្រសួងព័ត៌មានដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួន ៣ បន្ទាប់ពីបានរាយការណ៍ពីមន្ត្រីជាន់ខ្ពស់ក្លែងបន្លំដីធ្លី» ដោយសារព័ត៌មាននេះបានកាត់ចោលនូវចំណុចសំខាន់មួយចំនួនដែលអ្នកនាំពាក្យបានបញ្ជាក់ពីការសម្រេចចិត្តរបស់ក្រសួងក្នុងការលុបអាជ្ញាប័ណ្ណរបស់អង្គភាពសារព័ត៌មានចំនួន ៣ នេះ។
លោក មាស សុភ័ណ្ឌ បានបន្ថែមថា ការកាត់ចោលចំណុចសំខាន់មួយចំនួននៃខ្លឹមសារនេះ គឺជាចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រឡំមកលើក្រសួងព័ត៌មាន ពីការសម្រេចចិត្តលុបអាជ្ញាប័ណ្ណរបស់អង្គភាពសារព័ត៌មានទាំង៣ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
លោកបានសង្កត់ធ្ងន់ដែរថា អ្នកនាំពាក្យក្រសួងព័ត៌មានមានការខកចិត្តយ៉ាងខ្លាំងចំពោះសារព័ត៌មានខេមបូចាដែលតែងតែអះអាងថា ជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែការបំពេញតួនាទីភារកិច្ចរបស់សារព័ត៌មានមួយនេះ គឺមិនបានត្រឹមត្រូវដូចការអះអាងរបស់ខ្លួនឡើយ។
លោកបានបញ្ជាក់ថា៖«អ្នកនាំពាក្យក្រសួងព័ត៌មានទាមទារឱ្យសារព័ត៌មានខេមបូចាធ្វើការកែតម្រូវខ្លឹមសារអត្ថបទដែលខ្លួនបានចុះផ្សាយនេះឡើងវិញជាបន្ទាន់ ដោយត្រូវដកស្រង់ឱ្យបានត្រឹមត្រូវ និងគ្រប់ចំណុចដែលបានបំភ្លឺបញ្ជាក់ដោយអ្នកនាំពាក្យក្រសួងព័ត៌មានពីការលុបអាជ្ញាប័ណ្ណរបស់អង្គភាព សារព័ត៌មានទាំង៣ នោះ»។
អ្នកនាំពាក្យរូបនេះក៏ទាមទារឱ្យសារព័ត៌មាននេះត្រូវគោរពឱ្យបានត្រឹមត្រូវតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ព្រមទាំងគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានការទទួលខុសត្រូវខ្ពស់។ក្នុងករណីមិនព្រមកែតម្រូវក្រសួងព័ត៌មាននឹងមានវិធានការទៅតាមសមត្ថកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ផងដែរថា សារព័ត៌មានចំនួន៣ ដែលក្រសួងព័ត៌មានបានសម្រេចដកអាជ្ញាប័ណ្ណផ្សព្វផ្សាយ កាលពីថ្ងៃទី១៦ ខែមីនា រួមមាន៖គេហទំព័រ រស្មីកំពង់ចាម,កាសែតដំណឹងក្នុងស្រុក និងសមាគមអ្នកសារព័ត៌មានកម្ពុជា-អាស៊ាន។
លោក ឆន ចាន់ស៊ី និពន្ធនាយកសារព័ត៌មានខេមបូចា បានឱ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ថា បន្ទាប់ពីទទួលបានសេចក្តីជូនព័ត៌មានរបស់ក្រសួងព័ត៌មានទាក់ទងនឹងការចេញផ្សាយអត្ថបទនេះរួច ខាងក្រុមការងារសារព័ត៌មានរបស់លោក កំពុងពិនិត្យផ្ទៀងផ្ទាត់ពីអធិប្បាយ (comment) ហើយនិងការចុះផ្សាយនេះថា តើមានការខុសឆ្គងឬការដកស្រង់សម្ដីរបស់អ្នកនាំពាក្យនេះមិនអស់ឬយ៉ាងណា?
លោកបានប្រាប់ដូច្នេះថា៖ «យើងកំពុងតែធ្វើការពិនិត្យមើល ហើយនឹងធ្វើការសម្រេចចិត្តនៅពេលក្រោយ ប៉ុន្តែជារួម ការប្រើប្រាស់comments ឬquotes គឺជាការសម្រេចចិត្តរបស់អ្នកសារព័ត៌មានយើងដែលគាត់យល់ថា ចំណុចណាដែលគួរដាក់ ចំណុចណាមិនគួរដាក់ដែលនេះជាសិទ្ធិសេរីភាពរបស់អ្នកសរសេររបស់យើង»។
លោក ឆន ចាន់ស៊ី បានបញ្ជាក់ដែរថា លោកនឹងផ្ទៀងផ្ទាត់ ពិនិត្យមើលឡើងវិញផងដែរថា តើគាត់ (អ្នកសរសេរ) ជ្រើសរើសចំណុចសំខាន់ណាមួយមកប្រើនោះ វាយ៉ាងណាដែរ។
លោកថា ៖ «ជារួមក្រុមការងាររបស់សារព័ត៌មានយើង តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ និងការធ្វើយ៉ាងណាឱ្យបានព័ត៌មានគ្រប់ជ្រុងជ្រោយ»។
ឆ្លៀតឱកាសនោះ លោក មាស សុភ័ណ្ឌ ក៏បានបញ្ជាក់ផងដែរថា ការសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានទាំង៣កន្លងទៅ ដោយសារតែអង្គភាពទាំងនោះបានផ្សព្វផ្សាយព័ត៌មានមិនពិត ខ្វះការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធទៅនឹងព័ត៌មានដែលអង្គភាពសារព័ត៌មានរបស់ខ្លួនបានផ្សព្វផ្សាយ។លោកបានបន្តថា អង្គភាពសារព័ត៌មានទាំង៣នោះ ក៏មិនបានកែតម្រូវព័ត៌មានដែលខ្លួនបានផ្សព្វផ្សាយ ខុសពីការពិតនោះដែរ៕